ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាខាកាកបាទក្រហមកម្ពុជារាជធានី ទទួលទេយ្យទានសប្បុរសធម៌ពីសម្តេចព្រះឧត្តមចរិយា បណ្ឌិតឈឹង ប៊ុនឈា ដែលគិតជាទឹកប្រាក់ចំនួនជាង២៤លានរៀល

124
 ភ្នំពេញ៖ លោក​ ឃួង​ ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ​សាខា​ កាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃសុក្រ ៦កេីត​ ខែអស្សុជ​ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ០៤​ ខែ តុលា ឆ្នាំ ២០១៩នេះបានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពីសម្តេចព្រះឧត្តមចរិយា បណ្ឌិតឈឹង ប៊ុនឈា សមាជិកថេរសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តវិមានតេជះ ហៅវត្តស្រះចក ដែលគិតជាទឹកប្រាក់ចំនួនជាង២៤លានរៀល ដើម្បីបន្តនាំទៅចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះ។
  សម្តេចព្រះឧត្តមចរិយា ក្នុងឱកាសនោះ បានមានព្រះថេរដីកាកោតសរសើរ​ គាំទ្រ និងមានទឹកព្រះទ័យសោមនស្សរីករាយ ក្នុងការចូលរួមចំណែកលើកកម្ពស់កម្លាំងមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ។
   សម្តេចព្រះឧត្តមចរិយា  មានសង្ឃដីកាថា សម្រាប់
វត្តស្រះចក ព្រះអង្គតែងតែចែករំលែកទេយ្យទាននិងបច្ច័យផ្តល់ទៅសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ក្នុងមួយឆ្នាំ២ដង ដើម្បីអោយសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បន្តនាំទៅចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះ។ ទេយ្យទាននិងបច្ច័យផ្តល់ទៅសាខាកាកបាទក្រហមកម្ពុជា នេះដោយសារតែព្រះអង្គមើលឃើញពីសកម្មភាពមនុស្សធម៌ដ៏ល្អរបស់ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដោយបានផ្តល់ជូនជនរងគ្រោះនិងអ្នករងគ្រោះដោយមិនប្រកាន់ពូជសាសន៍ និន្នាការនយោបាយនិងបានយកទៅប្រើប្រាស់ចំគោលដៅ។
   ក្នុងឱកាសនោះដែរ លោកឃួង​ ស្រេង​ បានមានប្រសាសន៍ ថ្លែងអំណរព្រះគុណ​ អំណរគុណ​ចំពោះសម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះសង្ឃ​ គណៈកម្មការ អាចារ្យ​ វត្តទាំងអស់​ ដែលតែងតែបានបរិច្ចាគទេយ្យទានជូនដល់សាខា​កាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ ក្នុងការចូលរួមជាមួយសកម្មភាពមនុស្សធម៌ ដែលនេះជាការចូលរួមចំណែកលើវិស័យមនុស្សធម៌ដល់ប្រពៃរវាងពុទ្ធចក្រនិងអាណាចក្រ។
   លោក​​ប្រធានគណៈកម្មាធិការសាខា បានសន្យាថានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះជួយឲ្យចំគោលដៅដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម ។
   គួរបញ្ជាក់ថា ទេយ្យទានដែលសាខា​កាកបាទក្រហមកម្ពុជា រាជធានីភ្ររាជធានីភ្នំពេញ ទទួលបានរួមមាន៖​គ្រឿងឧបភោគបរិភោគចំនួន៨មុខ សម្ភារៈប្រើប្រាស់ចំនួន២១សម្រាប់ និងថវិកាចំនួន៤លានរៀល​ ដែលគិតសរុបជាទឹកប្រាក់ទាំងអស់ចំនួន២៤.២៥៤.៩០០រៀលឬស្មើនឹងជាង៦០០០ដុល្លារ ៕
អត្ថបទដែលជាប់ទាក់ទង