ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការគ្រប់គ្រងជនបរទេសទទួលបាន ជោគជ័យនិងមានប្រសិទ្ធភាព ដាច់ខាតត្រូវតែមានការចូលរួមសហការពីប្រជាពលរដ្ឋ

151

ភ្នំពេញ៖ ការគ្រប់គ្រងជនបរទេស ដែលមកស្នាក់នៅស្រុកខ្មែរទទួលបានជោគជ័យនិងមានប្រសិទ្ធភាព ដាច់ខាតត្រូវតែមានការចូលរួមសហការពីប្រជាពលរដ្ឋ បើមិនមានការចូលរួមសហការពីប្រជាពលរដ្ឋទេ នោះការងាររបស់យើងបរាជ័យហើយ។ ដូច្នេះទេ អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវធ្វើយ៉ាងណាអោយប្រជាពលរដ្ឋជឿទុកចិត្តហើយសហការជាមួយយើង។
នេះបើតាមការលើកឡើងរបស់លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញតំណាងអោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយប្រកាស ស្តីពី ការគ្រប់គ្រងវត្តមានជនបរទេសក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៤ តុលា ២០១៩ នៅរាជធានីភ្នំពេញ ។ពិធីធ្វើឡើងដោយមានការចូលរួមពី ស្នងការដ្ឋានរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ អធិការ អាវុធហត្ថខណ្ឌ អាជ្ញាធរសង្កាត់ មេប៉ុស្តិ៍នៅទូទាំងរាជធានី។
លោក មាន ចាន់យ៉ាដា បានមានប្រសាសន៍លើកឡើងថា ការធ្វើអន្តោប្រវេសន៍ពីតំបន់មួយទៅតំបន់មួយ គឺជារឿងធម្មតាសម្រាប់សង្គមប្រជាធិបតេយ្យ ហើយក៏ជាសិទ្ធិសេរីភាពក្នុងការជ្រើសរើសមុខរបរ និងកន្លែងរស់នៅដែលខ្លួនពេញចិត្តរបស់មនុស្សជាតិទូទៅ សំខាន់គឺត្រូវគោរពតាមច្បាប់ដែលមានតាមកន្លែងរស់នៅទាំងនោះ។
លោកបន្តថា ពាក់ព័ន្ធនិងការគ្រប់គ្រងជនបរទេសនេះក្នុងនាមជាអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវចុះស្រង់ស្ថិតិជនបរទេសអោយបានច្បាស់លាស់ នៅតាមបុរី ខុនដូនានា ហើយបើរកឃើញថា មានបញ្ហាប្រក្រតីហើយយើងអនុវត្តច្បាប់ ដោយចាប់បញ្ជាួនទៅក្រសួងមហាផ្ទៃតែម្តង។
គួរបញ្ជាក់ថា បើយោងតាម សេចក្តីណែនាំស្តីពីការគ្រប់គ្រងវត្តមានជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា លេខ០០៩សណន ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១០ ស្តីពីការគ្រប់គ្រងវត្តមានជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងអនុវត្ដមាត្រា១៨ មាត្រា២០ និងមាត្រា២២ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ឱ្យមានប្រសិទ្ធភាពនិងដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ សំដៅបង្កើនការគ្រប់គ្រងវត្តមាននៃការស្នាក់នៅរបស់
ជនបរទេសឱ្យមានប្រសិទ្ធភាពខ្ពស់ ធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម
ក៏ដូចជាសុវត្ថិភាពផ្ទាល់របស់ជនបរទេសគ្រប់រូបដែលស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រសួងមហាផ្ទៃ
សូមធ្វើការណែនាំដូចខាងក្រោម៖
១- ម្ចាស់ឬអ្នកកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ ត្រូវរាយការណ៍អំពីវត្តមានជនបរទេសដែលបានចូល
មកស្នាក់នៅក្នុងទីតាំងរបស់ខ្លួន ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ -សង្កាត់នៅក្នុងមូលដ្ឋាននោះ តាមរយៈគំរូ
របាយការណ៍ ឬប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងវត្តមានជនបរទេស ដែលរៀបចំដោយអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ មិនឱ្យលើសពីរយៈពេល២៤ម៉ោង។
ក្នុងករណីម្ចាស់ ឬអ្នកកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទជាជនបរទេស ត្រូវរាយការណ៍បន្ថែមអំពីវត្តមាន
របស់ខ្លួនឯង និងសមាជិកដែលជាជនបរទេសក្នុងបន្ទុក ក្នុងរយៈពេលបិនលើសពី២៤ម៉ោងដូចគ្នា ។
២-ខ្លឹមសារនៃសេចក្តីរាយការណ៍ ត្រូវបញ្ជាក់ច្បាស់អំពីរយៈពេលស្នាក់នៅ រយៈពេលបន្តការស្នាក់នៅ
និងឧប្បទ្ទវហេតុនានាលើជនបរទេស ដើម្បីកម្លាំងសមត្ថកិច្ច មានវិធានការសមស្របទាន់ពេលវេលា។
៣-ចំពោះម្ចាស់ ឬអ្នកកាន់កាប់លំនៅដ្ឋានណាដែលមិនបានរាយការណ៍ពីវត្តមាននៃការស្នាក់នៅរបស់
ជនបរទេសតាមការកំណត់នៃច្បាប់និងបទដ្ឋានគតិយុត្តនានា នឹងត្រូវផ្តន្ទាទោសតាមបទប្បញ្ញតិដែលមានចែង
ក្នុងច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ផ្សេងៗទៀត នៃព្រះរាជាណាចក្រកម្ពុជា។
៤-ស្នងការដ្ឋាននគរបាលរាជធានី
-ខេត្ត ត្រូវផ្តល់គំរូរបាយការណ៍និងពាក្យស្នើសុំបង្កើតគណនីប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងវត្តមានជនបរទេស ដែលរៀបចំដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដល់ម្ចាស់ឬអ្នកកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ ដើម្បីធ្វើសេចក្តីរាយការណ៍ប្រចាំថ្ងៃ និងត្រូវបូកសរុបរបាយការណ៍ផ្ញើរមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
៥-ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវរាយការណ៍មកក្រសួងមហាផ្ទៃ តាមរយៈអគ្គនាយកដ្ឋាន
អន្តោប្រវេសន៍ អំពីមរណៈភាព ការបាត់ខ្លួន និងឧប្បទ្ទវហេតុនានារបស់ជនបរទេស និងត្រូវទទួលខុសត្រូវ ក្នុង
ការត្រួតពិនិត្យជនបរទេសអន្តោប្រវេសន្ត ដែលបានមកតាំងទីលំនៅ ឬទើបមកតាំងទីលំនៅ ក្នុងដែនដីក្រោម
សមត្ថកិច្ចរបស់ខ្លួន។
៦-អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវរៀបចំផែនការអនុវត្ត និងផ្សព្វផ្សាយណែនាំដល់ម្ចាស់ ឬអ្នក
កាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សមត្ថកិច្ចពាក់ព័ន្ធ និងសាធារណៈជន
និងចាត់តាំងមន្ត្រីជំនាញចុះត្រួតពិនិត្យការអនុវត្តសេចក្តីណែនាំនេះ ព្រមទាំងធ្វើការបូកសរុបវាយតម្លៃ
រាយការណ៍ជូនក្រសួងមហាផ្ទៃ ដើម្បីមានគោលការណ៍ដឹកនាំ។
៧-ក្រសួងមហាផ្ទៃ សូមអំពាវនាវដល់សាធារណៈជន មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងមាន
សមត្ថកិច្ចគ្រប់ប្រភេទ ត្រូវចូលរួមចំណែកផ្តល់ព័ត៌មាន និងរាយការណ៍ដល់សមត្ថកិច្ចពាក់ព័ន្ធអំពីវត្តមានជន
បរទេសដែលស្នាក់នៅក្នុងមូលដ្ឋានរបស់ខ្លួន៕

 

អត្ថបទដែលជាប់ទាក់ទង