គណៈកម្មការផ្សារអូរឬស្សី បន្តការចុះរៀបចំ សណ្តាប់ធ្នាប់និងបន្តចុះត្រួតពិនិត្យសាច់ជ្រូកនាំចូលផ្សារ
ភ្នំពេញ៖ គណៈកម្មការផ្សារអូរឬស្សី នៅថ្ងៃសៅរ៍ ទី០៥ ខែតុលា ឆ្នាំ២០១៩ នេះបានបន្តការចុះរៀបចំសណ្តាប់ធ្នាប់និងបន្តចុះត្រួតពិនិត្យសាច់ជ្រូកនាំចូលផ្សារ ។
មន្ត្រីក្នុងជួរគណៈកម្មការផ្សារអូរឬស្សី បានអោយដឹងថា នៅថ្ងៃសៅរ៍ ទី០៥ ខែតុលា ឆ្នាំ២០១៩ នេះ ការងារសន្តិសុខ-សុវត្ថិភាព បានបន្តពង្រឹងការងារសន្តិសុខតាមគោលដៅ ល្បាតចល័តការពារសុវត្ថិភាពជាប្រចាំ ទាំងវេនថ្ងៃ និងវេនយប់ ។ បន្តពង្រឹង និងណែនាំម្ចាស់អាជីវកម្មភាសុីផ្ញើកង់ម៉ូតូឲ្យដាក់តាមការកំណត់ដែលគណៈកម្មការផ្សារបានកំណត់ឲ្យ និងយកតម្លៃតាមសៀវភៅបន្ទុករបស់ក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ ។
ការងារសណ្ដាប់ធ្នាប់ គឺគណៈកម្មការផ្សារ បានដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់តាមតូបខាងក្នុងនិងខាងក្រៅ ជុំវិញបរិវេណផ្សារ ហើយបានណែនាំឲ្យអាជីវករដាក់តាំងទំនិញលក់ដូរតាមការកំណត់របស់គណៈកម្មការផ្សារ និងបានណែនាំឲ្យប្រុងប្រយ័ត្នពីបញ្ហាភ្លើងផ្សែង បញ្ហាចាក់សោតូប ត្រូវវេចខ្ចប់ទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ។
ចាប់ពីវេលាម៉ោង៧.៣០នាទីព្រឹក រហូតដល់ម៉ោង១៨.០០នាទីល្ងាច គណៈកម្មការផ្សារ បន្តដឹកនាំកម្លាំងចំនួន៤នាក់ ចុះប្រចាំការនិងរៀបចំសណ្ដាប់ធ្នាប់នៅផ្លូវ១៦៦កែង១៤១ ។
ចំពោះ ការងារអនាម័យ-បរិស្ថាន ភ្នាក់ងារអនាម័យបានបន្តការបោសសម្អាត ប្រមូល សម្រាម នៅជុំវិញបរិវេណផ្សារជារៀងរាល់ពេលព្រឹកនិងពេលល្ងាច ហើយបានសហការជាមួយក្រុមហ៊ុន ស៊ីនទ្រី ដឹកជញ្ជូនកាកសំណល់ឲ្យបានស្អាតជាប្រចាំ។
នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ ដដែរ គណៈកម្មការផ្សារ បន្តចុះត្រួតពិនិត្យសាច់ជ្រូកនាំចូល និងលិខិតអនុញ្ញាតចេញពីបសុពេទ្យ និងវាយត្រាលេីសាច់ជ្រូកដេីម្បីការពារការដាក់លក់សាច់ជ្រូកឈឺនៅក្នុងផ្សារ ។ ជាលទ្ធផលគ្រប់តូបលក់សាច់ជ្រូកគឺមានច្បាប់ត្រឹមត្រូវទាំងអស់ ថ្ងៃនេះការនាំសាច់ជ្រូកចូលលក់ក្នុងផ្សារមានចំនួន ៨២០០Kg កើនឡើងជាងថ្ងៃម្សិលមិញចំនួន១០ Kg ៕