ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហភាពអឺរ៉ុប បញ្ចប់យុទ្ធនាការសប្តាហ៍បៃតងរបស់ខ្លួន ជាមួយនឹង ការសម្អាតទីសាធារណៈ

43

រាជធានីភ្នំពេញ ៖សហភាពអឺរ៉ុប បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០១៩ ថា ប្រតិភូនៃសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា រួមគ្នាជាមួយនឹងស្ថានទូតរដ្ឋជាសមាជិកសហភាពអឺរ៉ុប ក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ហើយនិងអេកូយុវទូត (Young Eco Ambassador) នឹងបញ្ចប់យុទ្ធនាការសប្តាហ៍បៃតង របស់សហភាពអឺរ៉ុប ជាមួយនឹងការ សម្អាតទីសាធារណៈ តាមបណ្តោយទន្លេសាប ចាប់ពីសួនជ្រោយចង្វា រហូតដល់សហគមន៍នេសាទ ជិតសណ្ឋាគារសុខា នៅថ្ងៃ អាទិត្យ ទី ៦ ខែ តុលា ចាប់ពីម៉ោង ៧:៣០ នាទីព្រឹកតទៅ។

ការសម្អាតនេះ នឹងចូលរួមដឹកនាំដោយលោក នេត្រ ភក្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក Franck Viault ភារធារីស្តីទី នៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា។ ប្រជាពលរដ្ឋ និងសកម្មជនបរិស្ថានប្រមាណជាង៣០០ នាក់ រំពឹងថានឹងចូលរួមក្នុងយុទ្ធនាការ សម្អាតទីសាធារណៈនេះ។ អ្នកសារព័ត៌មាន និងអ្នកថតរូប ក៏នឹងត្រូវបានស្វាគមន៍ឱ្យចូលរួមផងដែរ។

យុទ្ធនាការសម្អាតទីសាធារណៈនេះ គឺជាព្រឹត្តិការណ៍មួយ ក្នុងចំណោមព្រឹត្តិការណ៍ជាច្រើន ដែលរៀបចំដោយប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា ជាមួយនិងក្រុមការងារអេកូយុវទូត ដើម្បីអបអរសាទរសប្តាហ៍បៃតងរបស់សហភាពអឺរ៉ុប ក្នុងគោលបំណងជំរុញពនឿន ការអនុវត្តវិធានការទូទាំងសកលលោក ដើម្បីឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន និងសំណល់ប្លាស្ទិក។ ព្រឹត្តិការណ៍ផ្សេងៗជុំវិញយុទ្ធនាការនេះ ដែលបានប្រព្រឹត្តិឡើងតាំងពីថ្ងៃទី ២៨ ខែ សីហា រួមមាន៖

កិច្ចសន្ទនាជាបន្តបន្ទាប់ ក្នុងក្របខ័ណ្ឌសប្តាហ៍បៃតង របស់សហភាពអឺរ៉ុបរវាងក្រុមការងារអេភូយុវទូតចំនួន២០ រូប ជាមួយនិងក្រសួងបរិស្ថាន សហភាពអឺរ៉ុប និងរដ្ឋជាសមាជិក រួមមានដូចជា ស្ថានទូតសាធារណរដ្ឋ ឆែក អាល្លឺម៉ង់ ស៊ុយអែត បារាំង និងចក្រភពអង់គ្លេស។

សកម្មភាពចុះអប់រំផ្សព្វផ្សាយដល់សហគមន៍មួយចំនួន ដែលក្រុមការងារអេកូយុវទូតជំនាន់ប្លាស្ទិក បានចូល ជួបជាមួយនឹងសហគមន៍នេសាទនៅក្នុងភូមិចុងកោះ និងអ្នកលក់តាមផ្លូវជិតសួនជ្រោយចង្វា ដើម្បីចែករំលែកចំណេះដឹងស្តីអំពីការប្រើប្រាស់ប្លាស្ទិក ដែលប្រើបានតែមួយដង និងការគ្រប់គ្រងសំណល់។

យុទ្ធនាការតាមបណ្តាញសង្គមសម្រាប់រយៈពេល ពេញមួយខែ ស្តីពីយុទ្ធសាស្ត្រប្រើប្រាស់ប្លាស្ទិកដែលប្រើបានតែមួយដងរបស់សហភាពអឺរ៉ុប ដើម្បីលើកទឹកចិត្ត ឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម ចូលរួមនិយាយថា “ទេ។

ចំពោះផលិតផលប្លាស្ទិក ដែលអាចប្រើប្រាស់បានតែមួយដង ។

លោក Franck Viault ភារធារីនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា មានប្រសាសន៍ថា “ការបំពុលដោយប្លាស្ទិក គឺជាបញ្ហាធំចំបងមួយ ក្នុងចំណោមបញ្ហាបរិស្ថានធំៗជាច្រើនទៀត ដែលកើតឡើងជាទូទៅជាងគេ។ ក្នុងចំណោមប្លាស្ទិកទាំងអស់ដែលត្រូវបានប្រើប្រាស់ មានពាក់កណ្តាលជាប្លាស្ទិក ដែលប្រើប្រាស់បានតែមួយដងប៉ុណ្ណោះ ហើយប្លាស្ទិកបែបនេះរហូតដល់ ៩០% ត្រូវបានគេចោលដោយផ្ទាល់ទៅក្នុងទន្លេ និងសមុទ្ររបស់យើង។ សហភាពអឺរ៉ុប លើកទឹកចិត្តឱ្យមានការកែច្នៃ ប៉ុន្តែការកែច្នៃតែមួយមុខ គឺមិនគ្រប់គ្រាន់នោះឡើយ។ តាំងនាមតំណាងឱ្យប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជានិងរដ្ឋជាសមាជិករបស់យើងខ្ញុំ សូមអំពាវនាវសូមគ្រប់គ្នានិយាយថា ទេ ចំពោះផលិតផលប្លាស្ទិក ដែលប្រើប្រាស់បានតែមួយដងៗ។

លោក Franck Viault មានប្រសាសន៍បន្ថែមទៀតថា “នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ យុវជននៅអឺរ៉ុប និងបណ្តាប្រទេសផ្សេងទៀត បានលើកឡើងពីជំហរយ៉ាងជាក់ច្បាស់ អំពីការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់ដែលធ្វើឱ្យមហន្តរាយ ដល់ភពផែនដី និងមនុស្សជាតិ។ យុវជនកំពុងធ្វើឱ្យសំឡេងរបស់ពួកគេ ត្រូវបានទទួលដឹងឮហើយពួកគេបានស្នើឱ្យរដ្ឋាភិបាល ក្រុមហ៊ុន និងយើងទាំងអស់គ្នាចាត់វិធានការ ។ សហភាពអឺរ៉ុបទទួលស្គាល់ការអំពាវនាវឱ្យមានការចាត់វិធានការពីសំណាក់យុវជន។ យើងទាំងអស់គ្នាត្រូវឆ្លើយតប ចំពោះបញ្ហាប្រឈមដែលពាក់ព័ន្ធនឹង អាកាសធាតុ និងការបំពុលបរិស្ថានរួមគ្នា។ មានគំនិតផ្តួចផ្តើមល្អៗជាច្រើន បានចាប់ផ្តើមដំណើរការនៅទូទាំងពិភពលោក។ សម្រាប់ប្រទេសកម្ពុជា ខ្ញុំសូមសម្តែងនូវការកោតសរសើរ ចំពោះ លោក អ៊ុក វ៉ាន់ដេ ដែលបានប្រមូលសំរាមរាប់សែន យកមកសាងសង់ជាសាលារៀន ដែលផ្តល់ការអប់រំដោយមិនគិតថ្លៃ ដល់កុមាររស់នៅទីជនបទជាច្រើននាក់ និង លោក សាន ដារ៉ាវិត ដែលបានដឹកនាំក្រុមយុវជន វើសកន្ទុយបារីរាប់ពាន់ ចេញពីឆ្នេរអូរឈើទាល ក្នុងខេត្តព្រះសីហនុ។

ការប្រែប្រួលអាកាសធាតុ គឺជាការគំរាមកំហែងដោយផ្ទាល់ និងយ៉ាងពិតជាក់ស្តែងមួយ ។ វាមិនមានការលើកលែងចំពោះប្រទេសណាមួយឡើយ ហើយវាទាមទារឲ្យមាន ការឆ្លើយតបជារួមមួយ។ សហភាពអឺរ៉ុប (រដ្ឋជាសមាជិកគណៈកម្មការអឺរ៉ុប និងធនាគារវិនិយោគអឺរ៉ុប) តំណាងអោយ ៤០ ភាគរយ នៃហិរញ្ញប្បទានសកល លើការងារអាកាសធាតុសាធារណៈ ។ នៅកម្ពុជា សហភាពអឺរ៉ុប បាននិងកំពុងគាំទ្រដល់ សកម្មភាពឆ្លើយតប ចំពោះការប្រែប្រួលអាកាសធាតុជាយូរមកហើយ ហើយនៅពេលថ្មីៗនេះ បានសន្យាផ្តល់ថវិកាចំនួន ៦ លានអឺរ៉ូ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតប ចំពោះការប្រែប្រួលអាកាសធាតុ៕

អត្ថបទដែលជាប់ទាក់ទង