ជនសង្ស័យចំនួន2នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីពួកគេធ្វើសកម្មភាពបាញ់សម្លាប់ជនជាតិចិនម្នាក់
ខេត្តព្រះសីហនុ ៖ បុរសជនជាតិចិនម្នាក់ត្រូវឃាតករ បាញ់សម្លាប់រួចទម្លាក់ចេញ ពីរថយន្តមកលើផ្លូវសាធារណៈ ម្តុំជិតផ្លូវចូលសាលាឡាយហ្វ៍ក្រុងព្រះសីហនុ វេលាម៉ោងជាង៨ព្រឹក ថ្ងៃ៦តុលា២០១៩នេះ ស្ថិតនៅក្នុងភូមិ 3 សង្កាត់លេខ 2 ក្រុងនិងខេត្តព្រះសីហនុ ។
ភ្លាមៗជនសង្សយ័ចំនួន២នាក់ ក្នុងចំណោមបក្ខពួក ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងកំពុងបើកការស្រាវជ្រាវរកមូលហេតុ និងជនពាក់ពន្ធ័ផ្សេងទៀត ដើម្បីចាត់ការតាមនិតិវិធីច្បាប់។
យោងតាមប្រភពព័ត៌មានជាបឋម ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ នៅម៉ោង8ព្រឹក ថ្ងៃទី6 ខែតុលានេះ មានរថយន្តមួយគ្រឿងម៉ាក Isuzu ស៊េរីខ្ពស់ បានបើកមកដល់ចំណុចកើតហេតុ នៅតាមបណ្ដោយផ្លូវសេតេ ក្នុងភូមិ 3 សង្កាត់លេខ 2 ស្រាប់តែរុញ សាកសពជនរងគ្រោះទម្លាក់ចោល នៅលើបណ្ដោយ ផ្លូវសេតេខាងលើ បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង ។
ប្រភពដដែលបន្តថា ក្រោយពេលទម្លាក់សពជនរងគ្រោះហើយ រថយន្តក៏បានបើកចតទៅទុកចោលនៅចំណុចផ្លូវចូលវត្តក្រោម ស្ថិតក្នុងភូមិ1 សង្កាត់ 3 ក្រុងនិងខេត្តព្រះសីហនុ រួចឡើងជិះ Passapp គេចខ្លួនបាត់ ក្នក្នុងគោលបំណងមកសម្ងំ លាក់ខ្លួននៅក្នុង សណ្ឋាគារវិមានខ្សាច់ស ដែលស្ថិតនៅក្រុមទី16 ភូមិ4 សង្កាត់លេខ4 ប៉ុន្តែក្រោយមកក៏ត្រូវសមត្ថកិច្ច តាមប្រមាញ់ឃាត់ខ្លួនបានចំនួន2នាក់ និងម្នាក់ទៀតកំពុងរត់គេចខ្លួននៅឡើយ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ នៅមិនទាន់ដឹង ស្គាល់អត្តសញ្ញាណជនសង្ស័យ និងជនរងគ្រោះនៅឡើយនោះទេ ខណៈសមត្ថកិច្ចកំពុង ធ្វើការស្រាវជ្រាវយ៉ាងដុតដៃដុតជើង តាមប្រមាញ់ជនសង្ស័យម្នាក់ទៀត ដែលកំពុងរត់គេចខ្លួន ៕