គ.ជ.ប ច្រានចោលចំពោះការចោទប្រកាន់ថា ធ្វើឲ្យមនុស្សស្លាប់ក្រោយពីបានជ្រលក់ម្រាមដៃ ២៤ម៉ោង
ភ្នំពេញ៖ បន្ទាប់ពីមានមជ្ឈដ្ឋានអគតិមួយចំនួនតូចទាំងក្នុង និងក្រៅប្រទេស បានលើកឡើងថា ទឹកខ្មៅជ្រលក់ម្រាមដៃសម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ធ្វើឲ្យមនុស្សស្លាប់ក្រោយពីបានជ្រលក់ម្រាមដៃ ២៤ម៉ោងនោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានច្រានចោលចំពោះការចោទប្រកាន់នេះ។
នៅល្ងាចថ្ងៃទី១៧ខែកក្កដានេះ គ.ជ.ប បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីទឹកខ្មៅជ្រលក់ម្រាបដៃលុបមិនជ្រះ សម្រាប់ការបោះឆ្នោត នីតិកាលទី៦ មានគុណភាពខ្ពស់។ ដើម្បីបង្ហាញតម្លាភាព និងសុចរិភាពការងាររបស់គ.ជ.ប នៅព្រឹកនេះ គ.ជ.ប បានរៀបចំពិធីបង្ហាញគុណភាពទឹកខ្មៅជ្រលក់ម្រាមដៃលុបមិនជ្រះ នៅសាលប្រជុំក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីតំណាងគណបក្សនយោបាយ តំណាងក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ក្រសួងទេសចរណ៍ តំណាងស្ថានទូត ស្ថានទូតចិន ស្ថានទូតទីម័រ ស្ថានទូតហ្វីលីពីន តំណាងអង្គការមិនមែនរដ្ឋាភិបាល និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណ ១០០នាក់។
នៅក្នុងឱកាសនេះ មានតំណាងគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងសមាជិកគ.ជ.ប ២រូបគឺ លោក ហ៊ែល សារ៉ាត់ ប្រធានដឹកនាំកិច្ចប្រជុំ និងលោក ឌឹម សុវណ្ណរុំ អ្នកនាំពាក្យគ.ជ.ប សរុប១២រូប បានធ្វើការសាកល្បងជ្រលក់ម្រាមដៃចូលក្នុងដបទឹកខ្មៅ ដែលជាលទ្ធផលបង្ហាញថាឲ្យឃើញថា ទឹកខ្មៅនោះពិតជាមានគុណភាពល្អ ដោយមិនអាចលាងជ្រះក្នុងរយៈពេលខ្លីបានទេ ទោះបីជាប្រើទឹកលាងសម្អាតរហូត ៥ប្រភេទខុសៗគ្នាក៏ដោយ ហើយទឹកខ្មៅនេះមិនប៉ះពាល់ដល់សុខភាពទេ។
សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នេះ គ.ជ.ប បានបញ្ជាទិញទឹកខ្មៅចំនួន ៥១០០០ដប ពីក្រុមហ៊ុនរបស់ឥណ្ឌាមួយឈ្មោះ Mysore paints and varnish limited ដោយចំណាយថវិកាអស់ប្រមាណ ៨០០.០០០ដុល្លារអាមេរិក។ ក្រុមហ៊ុននេះ បានផលិតទឹកខ្មៅតាំងពីឆ្នាំ១៩៣៨ គឺស្តេចនៅប្រទេសឥណ្ឌាជាអ្នកផ្តួចផ្តើមគំនិតក្នុងការផលិត ហើយការប្រើប្រាស់ទឹកខ្មៅ ជ្រលក់ម្រាមដៃលុបមិនជ្រះនេះ មិនមែនមានតែប្រើតែក្នុងប្រទេសកម្ពុជាទេ គឺមានប្រទេសជាច្រើនបានប្រើវាដែរ។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលគ.ជ.ប បានប្រើប្រាស់ទឹកខ្មៅជ្រលក់ម្រាបដៃលុបមិនជ្រះដូចគ្នានេះ សម្រាប់បម្រើឲ្យការបោះឆ្នោត ហើយអ្វីដែលគ.ជ.ប បានសម្រេចប្រើទឹកខ្មៅនេះ គឺធ្វើឡើងស្របតាមច្បាប់។ នៅឆ្នាំ២០០៣ និងឆ្នាំ២០១៣ រដ្ឋាភិបាលឥណ្ឌាបានឧបត្ថម្ភទឹកខ្មៅនេះ ដល់គ.ជ.ប ទន្ទឹមនឹងនេះក៏មានការកោតសរសើរពីអ្នកជំនាញការបទេសដែលធ្លាប់ធ្វើការនៅទីស្តីការ គ.ជ.ប និងធ្លាប់សហការជាមួយគ្នាយ៉ាងល្អដូចជា អង្គការ IFES ជាដើម ដែលបានយកទឹកខ្មៅពីបណ្តាប្រទេសមួយចំនួនមកប្រៀបធៀបនឹងទឹកខ្មៅដែលយកពីប្រទេសឥណ្ឌា ហើយជាលទ្ធផលបង្ហាញឲ្យឃើញថា ទឹកខ្មៅដែលយកមកពីប្រទសឥណ្ឌាមានគុណភាពខ្ពស់ជាងគេ៕