សម្តេចតេជោ ហ៊ុន សែន អញ្ជេីញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A ចំនួន៤៤៣នាក់
នៅព្រឹកថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តដល់ក្មួយៗ ចៅៗ សិស្សានុសិស្សដែល បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ដែលទទួលបាននិទ្ទេស(A)ចំនួន ៤៤៣នាក់ ដែលពិធីនេះបានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ឆ្នាំនេះគឺជាឆ្នាំទី៦ហេីយ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់កិត្តិយសជូនសិស្សជាប់និទ្ទេស A បានចូលជួបសំណេះសំណាលដោយផ្ទាល់។ ការផ្តល់ឱកាសឱ្យសិស្សនិទ្ទេស A ចូលជួបសំណេះសំណាលដោយផ្ទាល់នេះ គឺជាការផ្តល់តម្លៃ និងលេីកទឹកចិត្តដ៏ឧត្តុង្គឧត្តមមួយពីសំណាក់ប្រមុខរាជរដ្ឋាភិបាលសម្រាប់អ្នកសិក្សា ជាពិសេសក្មួយៗ ចៅៗ សិស្សានុសិស្ស ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ៕