រកឃើញដំណាប់ដួង ថាញ់ ប៊ិញ ខូចគុណភាពចំនួន២៩កេះ និងទំនិញខូចគុណជាច្រើន ចំនួន៣១គីឡូកន្លះ នៅផ្ទះលក់ចាប់ហួយ នៅជិតផ្សារដូនសរ
ខេត្តស្វាយរៀង៖ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩នេះបានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ដឹកនាំលោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង និងមន្ត្រីក្រោមឱវាទបានចុះពិនិត្យមុខទំនិញជាច្រើនមុខ នៅក្នុងផ្សារដូនសរស្ថិតក្នុងឃុំដូនសរ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្នុងនោះបានរកឃើញទំនិញខូចគុណភាព ជាមុខនៅដេប៉ូលក់ចាប់ហួយមួយកន្លែងឈ្មោះ ហួត ពៅ ដែលដាក់តាំងលក់នូវដំណាប់ដូង ថាញ់ ប៊ិញ ជាមុខទំនិញហាមឃាត់ហើយសមត្ថកិច្ចយើង ដកហូតយកពីដេប៉ូលក់ចាប់ ហួត ពៅ នេះតែម្តងដើម្បីយកទៅកម្ទេចចោល ក្រៅពីនេះនៅក្នុងផ្សារដូនសរ និងតាមផ្ទះលក់ចាប់ហួយ ក៏មានរកនូវមុខទំនិញមួយចំនួនផងដែរ។
បើតាមលោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង បានឲ្យដឹងថា: ដោយមានការណែនាំពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្នុងនោះកាំកុងត្រូលខេត្តស្វាយរៀង តែងតែចុះពិនិត្យមុខទំនិញបានជាច្រើនលើក ហើយការចុះពិនិត្យមុខទំនិញនៅថ្ងៃនេះ ក្នុងគោលបំណងធានាបានសុវត្ថិភាពម្ហូបអាហារ ព្រោះវាមានសារសំខាន់ ចាំបាច់ណាស់ ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ ។
ការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកទាំងអស់គ្នា ជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចម្បងនៃភាពរស់រាននៃជីវិត ។
លោកប្រធានសាខាបានបញ្ជាក់ថា មន្ត្រីជំនាញបានធ្វើការពិនិត្យមុខទំនិញជាច្រើនមុខ ក្នុងនោះដំណាប់ដូង ថាញ់ ប៊ិញ ចំនួន២៩កេះ និងមុខទំនិញខូចគុណភាពជាច្រើនមុខទៀត ចំនួន៣១គីឡូកន្លះ ចំណែកម្ចាស់ដេប៉ូលក់ខាងលើ ក៏បានយល់ព្រមបញ្ឈប់ការដាក់លក់នូវទំនិញ ដែលខូចគុណភាព ហួសការបរិច្ឆេទប្រើប្រាស់ជាមួយ មន្ត្រីយើងរួចមកហើយដែរ នេះជាលើកទី២ហើយ ដែលមន្ត្រីយើងរកឃើញ និងដកហូតយកទៅកម្ទេចចោល ព្រោះទំនិញទាំងអស់នោះ គឺផលប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋ ។
លោក ផឹង និល បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ នៅខេត្តស្វាយរៀង សូមមានការប្រយ័ត្ន ចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញាកាលបរិច្ឆេទ ឲ្យបានច្បាស់លាស់ មុននឹងទិញយកទៅបរិភោគ។ ជាពិសេសចំណីអាហារក្មេងៗ និយមបរិភោគ ត្រូវពិនិត្យមើលឲ្យបានត្រឹមត្រូវ មុននឹងបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូលយើងនឹងបន្តចុះ ពិនិត្យទំនិញនៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀងបន្តទៀតផងដែរ ៕