រដ្ឋបាលរាជធានីទុករយៈពេល ១សប្តាហ៍ អោយ ប្រជាពលរដ្ឋ អង្គភាពរដ្ឋ និងក្រុមហ៊ុនឯកជននានា ដែលប្រាស់បណ្តាញខ្សែកាបអាកាសនៅតាមផ្លូវ៣ខ្សែ រួសរាន់រៀបចំរុះរើចេញ
ភ្នំពេញ៖ ដើម្បីលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ ឱ្យកាន់តែល្អស្រស់បំព្រង ស័ក្តិសមជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភ្នំពេញ និងធ្វើការរៀបចំសណ្តាប់ធ្នាប់បណ្តាញខ្សែកាបអាកាសតាមដងផ្លូវ ចំនួន៣ខ្សែ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងបណ្តាក្រុមហ៊ុនឯកជនទាំងអស់ ដែលកំពុងប្រាស់បណ្តាញខ្សែកាបអាកាសនៅតាមផ្លូវទាំង ៣ ខាងលើនេះ សូមប្រញាប់រួសរាន់រៀបចំរុះរើចេញ ដោយរដ្ឋបាលរាជធានីភ្នំពេញទុករយៈពេលឲ្យ១សប្តាហ៍ ។
នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការរៀបចំសណ្តាប់ធ្នាប់បណ្តាញខ្សែកាបអាកាសវិថីលេខ ១៣ លេខ១០២ និងវិថីលេខ ១០៤ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលក្នុងសេចក្តីជូនដំណឹងនេះបាន បញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយស សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ
និងបណ្តាក្រុមហ៊ុនឯកជនទាំងអស់ឱ្យបានជ្រាបថា ដើម្បីលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ ឱ្យកាន់តែល្អស្រស់បំព្រងស័ក្តិសមជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភ្នំពេញ និងធ្វើការរៀបចំសណ្តាប់ធ្នាប់បណ្តាញខ្សែកាបអាកាសតាមដងផ្លូវ ចំនួន៣ រួមមាន៖
១- វិថីលេខ ១៣ (ចាប់ពីផ្លូវលេខ ១០៦ ដល់ផ្លូវលេខ ៩៨) រយៈពេលចុះអនុវត្តន៍ ចាប់ពីថ្ងៃទី ២១ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ។ ២- វិថីលេខ ១០២ (ចាប់ពីផ្លូវលេខ ១៩ ដល់រុក្ខវិថីព្រះស៊ីសុវត្ថិ) រយៈពេលចុះអនុវត្តន៍ ចាប់ពីថ្ងៃទី២៨ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០១៩ ។ ៣-វិថីលេខ ១០៤ (ចាប់ពីផ្លូវលេខ ១៣ ដល់រុក្ខវិថីព្រះស៊ីសុវត្ថិ) ។ រយៈពេលចុះអនុវត្តន៍ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងបណ្តាក្រុមហ៊ុនឯកជនទាំងអស់ ដែលកំពុងប្រាស់បណ្តាញខ្សែកាបអាកាសនៅតាមផ្លូវទាំង ៣ ខាងលើនេះ សូមប្រញាប់រួសរាន់រៀបចំរុះរើចេញ ក្នុងរយៈពេល ១សប្តាហ៍ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះទៅ ។
ជាមួយនេះផងដែរ រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ អង្គភាពរដ្ឋ បណ្តាក្រុមហ៊ុនឯកជន ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ផ្តល់ការអធ្យាស្រ័យ និងចូលរួមសហការអនុវត្តន៍ ឲ្យបានម៉ឺងម៉ាត់តាមខ្លឹមសារខាងលើនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕