ក្មេងប្រុស១៣ ឆ្នាំ បើករ៉ឺម៉កបុករថយន្តរ៉េងរ៉ូវើ ស៊េរីទំនើប
ភ្នំពេញ ក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់ បើករ៉ឺម៉កម៉ូតូវ៉ាស្ដាំ ទៅប៉ះជាមួយរថយន្តរ៉េងរ៉ូវើ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អក្មេងប្រុសម្នាក់នោះ មិនបានរងរបួសទេ ករណីគ្រោះថ្នាក់ចរាចរនេះ បង្កនូវការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣ និង២៥ នាទីរសៀលថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ក្មេងប្រុសនោះមានឈ្មោះនួន ដេវីត អាយុ១៣ ឆ្នាំ ស្នាក់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន ចំណែកអ្នកបើករថយន្តសុំមិនបញ្ចេញឈ្មោះ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តរ៉េងរ៉ូវើ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BH-3777 បើកបរយុវជនមួយក្រុមតាមបណ្ដោយផ្លូវ៦០ ម៉ែត្រ ក្នុងទិសដៅពីកើតមកលិច ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏មានក្មេងប្រុសអាយុ ១៣ឆ្នាំ បើកម៉ូតូរ៉ឺម៉កម៉ូតូ មកពីក្រោយវ៉ាស្ដាំ ហ្វាក់អើ ជាមួយនឹងខឿនថ្ម ក៏ជ្រុលបោកនឹងរថយន្តតែម្តង បណ្តាលឲ្យរងការខូចខាតមួយចំហៀងខាងស្ដាំ ហើយម៉ូតូគាបជាប់ជាមួយនឹងរថយន្ត តែសំណាងល្អក្មេងប្រុស បានហក់ទាន់ មិនបណ្ដាលឱ្យរងរបួសទេ
ភ្លាមៗនោះដែរ ក៏មានកម្លាំងសមត្ថកិច្ចមូលដ្ឋាន ដូចជា កម្លាំងការិយាល័យចរាចរណ៍ជើងគោក ឈរជើងនៅគោលដៅស្តុបក្បាលថ្នល់ ក៏ជួយចុះជួយសម្រួលចរាចរណ៍ ដើម្បីកុំឲ្យការកកស្ទះ ក្រោយមកខាងម្ចាស់រថយន្ត ដោយក្រុមពួកគាត់មានចិត្តសប្បុរសធម៌ មិនបានទារសំណង ពីក្មេងប្រុសនោះទេ គឺសូមឱ្យតែក្មេងប្រុសសុំទោស ទៅលើពួកគាត់ទៅបានហើយ។ ជាចុងក្រោយ គាត់ពួកគាត់ក៏សុំផ្ដាំទៅដល់អាណាព្យាបាលទាំងអស់ ដែលមានកូនតូចៗ សុំកុំឲ្យបើកបរដោយមិនទាន់គ្រប់អាយុ៕