ដើម្បីឱ្យមានសេដ្ឋកិច្ចបែបឌីជីថល លុះត្រាតែមានការអប់រំបែបឌីជីថល
រាជធានីភ្នំពេញ៖លោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះ ក្នុងឱកាសនៃការធ្វើបាឋកថាសាធារណៈ ក្រោមប្រធានប្រធាន “អក្ខរកម្មឌីជីថលក្នុងបរិបទ កម្ពុជាឧស្សាហកម្ម ៤.០” ដែលបទបាឋកថានេះ ត្រូវបានរៀបចំឡើង ដើម្បីផ្ដល់វេទិកាអ្នកជំនាញ អ្នកស្រាវជ្រាវ សហគ្រិន ដើម្បីពិភាក្សា ធ្វើការវិភាគ ដើម្បីបង្កើតគោលនយោបាយ បង្កើនការយល់ដឹងក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា អំពីទិដ្ឋភាពជារួម និងបញ្ហាប្រឈមនានា អំពីឧស្សាហកម្ម៤.០ ព្រមទាំងត្រៀមខ្លួន ដើម្បីទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល។
បាឋកថាសាធារណៈធ្វើឡើងនៅថ្ងៃទី៨ តុលា ២០១៩ នៅសាលពហុបំណងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។
ម្យ៉ាងវិញទៀត កម្មវិធីនេះក៏ត្រូវបានរៀបចំឡើង ចែករំលែកចំណេះដឹង បទពិសោធន៍ ទស្សនវិស័យ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់ក្រសួងអប់រំ យុវជន និងកីឡា និងរាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងអក្ខរកម្មឌីជីថលនៅកម្ពុជា។ លោករដ្ឋមន្ត្រី បានឱ្យដឹងថា ការរៀបចំមូលដ្ឋានគ្រឹះសម្រាប់ប្រព័ន្ធអប់រំរឹងមាំ ឈរលើមូលដ្ឋានសសរស្ដម្ភ៤ ក្នុងនោះរួមមាន៖ ១. ការឆ្លើយតបយុគសម័យបច្ចេកវិទ្យា ២. កំណែទម្រង់សាលារៀន ៣. កំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និង៤. សាលារៀនជំនាន់ថ្មី។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ផ្ដាំផ្ញើដល់យុវជនថា “យុវជនត្រូវចេះទាំងបច្ចេកវិទ្យា ចេះដោះស្រាយបញ្ហា មានភាពជាអ្នកដឹកនាំ និងមានជំនាញទន់” សំដៅធ្វើយ៉ាងឱ្យប្រជាពលរដ្ឋកម្ពុជា ពិសេសយុវជនត្រូវយល់ដឹង ត្រៀមខ្លួន ធ្វើយ៉ាងណាអាចទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល៕