ព័ត៌មានក្លែងក្លាយ នឹងក្លាយជាគ្រាប់បែកមួយ
ភ្នំពេញ៖ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ព័ត៌មានក្លែងក្លាយវានឹងក្លាយជាគ្រាប់បែកមួយ បើសិនជាយើងមិនប្រយ័ត្ន ទេនោះ ដែលនេះជាការសំខាន់ ដែលយើងត្រូវឈ្វេងយល់អំពីព័ត៌មាន ។
នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ស្តីពី សារព័ត៌មានជីឌីថល និងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩នេះ នៅទីស្តីការក្រសួង លោក ខៀវ កាញារីទ្ធ បានលើកឡើងថា ថ្ងៃនេះយើងរៀនពីព័ត៌មានជីឌីថល ដែលហៅថា សកម្មភាពថ្មីនៃទសវត្សរ៍ទី២១ “ជាទសវត្សរ៍នៃសេដ្ឋកិច្ចពុទ្ធិ” ជាទសវត្សរ៍នៃលំហូរព័ត៌មាន។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា នៅចុងទសវត្សរ៍ទី២០ នៅពេលដែល អ៊ីនធឺណិតកើតឡើង ទាមទារមានចំណេះដឹងគ្រប់គ្រាន់ ដើម្បីតាមដាន ពិនិត្យធ្វើការសម្រេចផ្សេងៗ ធ្វើជាមូលដ្ឋានត្រិះរិះពិចារណា ព្រោះថានៅពេលដែលអ៊ីនធឺណិតកើតឡើងព័ត៌មាន សម្បូរណ៍បែបបានប្រជែងគ្នា មានទាំងព័ត៌មានពិត ព័ត៌មានក្លែងក្លាយបង្ហោះតាមអ៊ីនធឺណិត។ ប៉ុន្តែព័ត៌មានក្លែងក្លាយ វានឹងក្លាយជាគ្រាប់បែកមួយ បើសិនជាយើងមិនប្រយ័ត្នទេនោះ ដែលនេះជាការសំខាន់ ដែលយើងត្រូវឈ្វេងយល់អំពីព័ត៌មាន។ ដូចកាលសម័យអ៊ីមែល យើងផ្អើលដុតស្ថានទូតថៃ។ ឥឡូវសម័យ Facebook បានថយបន្តិចហើយ ដល់រឿង Youtube មានគេជឿច្រើនដោយសារ YouTube មានរូបជាក់ស្តែង អ្នកមិនចេះអក្សរក៏ អាចមើលបាន។ ប្រការនេះមន្ត្រីព័ត៌មានត្រូវឈ្វេងយល់អំពីដំណឹង ការស្រាវជ្រាវប្រភព ដំណឹង គឺជាការសំខាន់បំផុត ហើយដំណឹងត្រូវឱ្យមានការប្រទាក់ក្រឡាគ្នា។ ចំពោះព័ត៌មានក្លែងក្លាយ ព័ត៌មានក្លែងបន្លំ យើងអាចបន្សាបបាននៅពេលណាយើងយក ព័ត៌មានពិតមកបន្សាប ប៉ុន្តែបើយើងនៅរង់ចាំយូរពេក រហូតដល់ព័ត៌មានឆេះ ទើបយើងរត់ ទៅរកទឹកមួយកំប៉ុងយកទៅចាក់ គឺវាមិនរលត់ទេ ដូចដែលក្រសួងតែងតែណែនាំគ្រប់មន្ត្រីព័ត៌មាន គឺត្រូវតែប្រតិកម្មឱ្យបានរហ័សបំផុត នៅពេលដែលឃើញព័ត៌មានក្លែងក្លាយ ត្រូវតែមានការប្រុងប្រយ័ត្ន ពិសេសនៅពេលជិតដល់ពេលបោះឆ្នោតមាន ព័ត៌មានក្លែង ក្លាយច្រើន វិធីបន្សាបដំណឹង ក្លែងក្លាយ គឺមានតែវិធីយកដំណឹងពិតទៅបន្សាប តែធ្វើយ៉ាងណាឱ្យបានរហ័ស និងទាន់ពេលវេលា។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានឱ្យដឹងដែរថា ជាបន្តបន្ទាប់ទៀតក្រសួងនឹងមាន ការងារទៀត ដើម្បីបើកបណ្តុះបណ្តាលផ្នែកច្បាប់ ដែលមន្ត្រីព័ត៌មានត្រូវតែមានការយល់ ដឹងអំពីអ្វីដែលនៅជុំវិញខ្លួន ពិសេសការយល់ដឹងពីច្បាប់សំខាន់ណាស់៕