សម្តេចតេជោ៖ កម្ពុជាលើកទឹកចិត្ត និងគាំទ្រដល់ការសិក្សា របស់យុវជន នៅក្រៅប្រទេស
ភ្នំពេញ៖ តាមរយៈផេកហ្វេសប៊ុកផ្លូវការ នៅល្ងាចថ្ងៃទី៩ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងថា សុខសន្តិភាព និងស្ថិរភាពសង្គម និងនយោបាយនៅកម្ពុជាជាង៣០ឆ្នាំមកនេះ បានផ្តល់ឱកាសយ៉ាងច្រើនដល់យុវជនក្នុងការសិក្សារៀនសូត្រ ទាំងនៅក្នុង និងក្រៅប្រទេស។ មានសិស្សានុសិស្ស និងនិស្សិតជាច្រើន បានចេញទៅបន្តការសិក្សា នៅឯបរទេសលើមុខជំនាញជាច្រើន ក្នុងនោះរួមទាំងវិស័យកងទ័ពផងដែរ។
សម្តេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា វិស័យកងទ័ព គឺជាវិស័យដ៏មានសារសំខាន់បំផុត ក្នុងការថែរក្សាការពារសន្តិភាព និងបូរណាភាពទឹកដី ដែលតម្រូវឲ្យមានការបណ្តុះបណ្តាល ធនធានមនុស្ស ប្រកបដោយគុណភាព ទាំងនៅក្នុងនិងក្រៅប្រទេស ដែលយើងអាចមានលទ្ធភាពធ្វើទៅបាន។ កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្ត និងផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយ ឲ្យទទួលបានសិក្សានៅក្រៅប្រទេស ដើម្បីស្វែងរកចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗ មកជួយអភិវឌ្ឍន៍ប្រទេសជាតិ។ មិនថាពួកគេមានប្រភពមកពីណា ឬស្ថិតក្នុងជីវភាពគ្រួសារបែបណា ជាកសិករ អាជីវករ ឬជាមន្ត្រីរាជការ គឺពួកគេទាំងអស់សុទ្ធតែត្រូវបានរាជរដ្ឋាភិបាល ផ្តល់ឱកាស ជម្រុញ និងលើកទឹកចិត្តឲ្យបានរៀនសូត្រនៅសាលាល្អៗ ដែលមានកម្មវិធីហ្វឹកហ្វឺនប្រកបដោយគុណភាព។
ជាក់ស្តែងដូចយុវជនប៉ុន្មានរូបនេះ គឺបានតស៊ូ និងអំណត់អត់ធន់រៀនសូត្រ នៅបរទេសរហូតបញ្ចប់ការសិក្សា ហើយបានវិលមកកាន់មាតុប្រទេសវិញ។ ទន្ទឹមនឹងនោះ ក៏មានយុវជន យុវតីខ្មែរយើងជាច្រើនរូបទៀត ដែលបាននិងកំពុងសិក្សាយ៉ាងច្រើននៅបរទេស ដើម្បីស្រូបយកចំណេះដឹងថ្មីៗ បទពិសោធន៍ល្អៗ និងជំនាញមកបម្រើប្រទេសជាតិ។
រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ តែងតែគាំទ្រ ជំរុញ និងលើកទឹកចិត្តដល់យុវជន ពីគ្រប់ស្រទាប់វណ្ណៈឲ្យទទួលបានការសិក្សាជ្រៅជ្រះ ទាំងក្នុងវិស័យកងទ័ព និងនៅក្នុងវិស័យដទៃៗទៀត សម្រាប់យកមកចូលរួមកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិយើង ឲ្យកាន់តែរីកចម្រើន៕