ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទុះអាវុធមួយគ្រាប់ រងរបួសជនសង្ស័យម្នាក់ ក្នុងប្រតិបត្តិការប្រដេញចាប់សង្ស័យឆក់កាបូប ឃាត់ខ្លួនបាន២នាក់

90

ភ្នំពេញ៖ ជនសង្ស័យពីរនាក់ ត្រូវបានកម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនបានជាបន្តបន្ទាប់ ខណៈដែលជនសង្សយទាំង២នាក់នេះ ទទួលរងការចោទប្រកាន់ថា បានឆក់កាបូបគេបានសម្រេច ហើយជិះម៉ូតូគេច មកជួបប៉ូលីស ហើយបន្តគេចថែមទៀត ទើបមានការផ្ទះអាវុធបណ្តាលអោយរងរបួសនិងចាប់បានតែម្តង។

   ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចខាងត្បូងវត្តឃ្មួញ ប្រមាណ៥០ម៉ែត្រ តាមបណ្តោយហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចប៉ុស្ដិ៍ភ្នំពេញថ្មី បានឲ្យដឹងថា ជនសង្ស័យទី១ ដែលជាអ្នកបើកម៉ូតូ មានឈ្មោះ ហេង ដាវ៊ីត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងជនសង្ស័យទី២ ដែលជាអ្នកអង្គុយក្រោយ មានឈ្មោះ សេន ឡេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

   សមត្ថកិច្ចបន្តថា នៅមុនពេលកើតហេតុ គឺមានគេរាយការណ៍តាមវិទ្យុទាក់ទងថា មានជនសង្ស័យពីរនាក់ ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿង បានធ្វើការសកម្មភាពឆក់កាបូបនៅខាងមុខផ្សារហេងលី តាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក បានសម្រេច ហើយជិះរត់គេចខ្លួនឆ្ពោះឡើងទៅផ្លូវ៥៩៨។ បន្ទាប់ពីបានដំណឹងពីវិទ្យុទាក់ទងរួចមក កម្លាំងបានជិះល្បាតក្នុងមូលដ្ឋានក្រែងជួបក្រុមជនសង្ស័យនោះ ជិះម៉ូតូគេចខ្លួនចូលមកក្នុងភូមិសាស្ត្ររបស់ខ្លួន។ សមត្ថកិច្ចថា ខណៈពេលជិះល្បាតមកដល់ចំណុចផ្លូវ៥៩៨ កែងផ្លូវ១៩៨៦ ស្រាប់តែប្រទះឃើញជនសង្ស័យទាំងពីរនាក់ខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1J-8936 ធ្វើដំណើរតាមបណ្តោយផ្លូវ១៩៨៦ ក្នុងទិសដៅពីកើតទៅលិច។

ប្រភពបន្តទៀថា ដោយអត្តសញ្ញាណជនសង្ស័យទាំងពីរ រួមទាំងម៉ូតូ គឺស្រដៀងនឹងអត្តសញ្ញាណរបស់ក្រុមចោរឆក់កាបូប ដែលគេរាយការណ៍តាមវិទ្យុទាក់ទងខាងលើ ទើបភ្លាមៗនោះ កម្លាំងបម្រុងធ្វើការស្ទាក់ឃាត់ដើម្បីឆែកឆេរ និងសួរនាំ តែពេលជនសង្ស័យឃើញកម្លាំងសមត្ថកិច្ច ក៏បន្ថែមល្បឿនជិះរត់គេចខ្លួន ហើយសមត្ថកិច្ចក៏ធ្វើការជិះប្រដេញតាមពីក្រោយ។ ពេលកំពុងធ្វើការជិះប្រដេញតាមផ្លូវ ជនសង្ស័យទាំងពីរនាក់ខាងលើនោះ ក៏បានធាក់ម៉ូតូរបស់សមត្ថកិច្ចបណ្តាលឲ្យផ្ទុះអាវុធបាញ់មួយគ្រាប់ត្រូវចំជនសង្ស័យទី២ ដែលអង្គុយពីក្រោយរងរបួសចំដៃខាងស្តាំ។

ភ្លាមៗនោះ ជនសង្ស័យមិនបានឈប់ម៉ូតូនោះទេ គឺនៅតែបន្តដំណើរទៅមុខទៀត រហូតមកដល់ចំណុចកើតហេតុ ទើបជនសង្ស័យទាំងពីរនាក់ ផ្តួលម៉ូតូ ហើយសមត្ថកិច្ចក៏ចាប់ឃាត់ខ្លួនជនសង្ស័យទី១ ដែលជាអ្នកបើកម៉ូតូបានភ្លាមៗ។ ដោយឡែក ជនសង្ស័យអង្គុយខាងក្រោយ ដែលរងរបួសដៃខាងស្តាំ បានងើបរត់ទៅលោតចូលប្រឡាយទឹកស្អុយ ដែលមានដើមកំផ្លោកដុះទ្រប់ពេញ និងដើមឈូកនៅក្បែរនោះលេចបាត់ស្រមោល ដោយបន្សល់ទុកតែដានឈាមរបស់ជនសង្ស័យស្រក់ជាប់នឹងដើមកំផ្លោក។ ក្រោយការរុករកអស់រយៈពេលជាង១ម៉ោង ទើបជនសង្ស័យព្រមងើបចេញពីទឹក រួចក៏ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង។

យ៉ាងណា ចំពោះករណីខាងលើនេះ នៅមិនទាន់មានការបញ្ជាក់ពីសមត្ថកិច្ចខណ្ឌសែនសុខ ប្រាប់ឲ្យដឹងច្បាស់ថា ជនសង្ស័យទាំងពីរនាក់ខាងលើ មានជាប់ពាក់ព័ន្ធនឹងករណីអ្វីពិតប្រាកដនោះទេ។ ក្រោយពេលកើតហេតុ ជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរ និងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕

 

អត្ថបទដែលជាប់ទាក់ទង