បើកវគ្គបណ្ដុះបណ្ដាលដល់ អ្នកស្មគ្រ័ចិត្តកាកបាទក្រហមកម្ពុជា ចំនួន១៥៣នាក់ នៅច្បារអំពៅ
ភ្នំពេញ៖លោកជិន ប៊ុនធឿននាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និង ជានាយករងរដ្ឋបាលសាលារាជធានីភ្នំពេញបានអោយដឹងកាលពីព្រឹកថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៩នេះ ថាដោយនៅសាលាខណ្ឌច្បារអំពៅ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានបើកវគ្គបណ្តុះបណ្តាលជាមូលដ្ឋាន រយៈពេល១ថ្ងៃ ជូនដល់អ្នកស្មគ្រ័ចិត្តកាកបាទក្រហមកម្ពុជា ដែលបានជ្រើសរើសមកពីតាមបណ្តាសង្កាត់ចំនួន៨ ក្នុងខណ្ឌ ច្បារអំពៅរាជធានីភ្នំពេញសរុបចំនួន១៥៣នាក់ (ក្នុងនោះស្រី៤៦នាក់) ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ក្នុងនាមឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនអ្នកស្មគ្រ័ចិត្តទាំងអស់ប្រកបដោយក្តីនឹករលឹក ។ លោកនាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញបានមានមតិលើកឡើងដោយគូសបញ្ជាក់ថា៖ ចាប់តាំងពីមុនរហូតមកដល់បច្ចុប្បន្ននេះ អ្នកស្មគ្រ័ចិត្តយើងពិតជាបានដើរតួនាទីយ៉ាងសំខាន់ណាស់ ក្នុងការចូលរួមការងារមនុស្សធម៌យ៉ាងផុលផុសដោយមិនចង់បានអ្វីតបស្នងមកវិញ ឡើយគឺចូលរួមដោយស្មោះស្មគ្រ័ គ្មានប្រាក់បៀវត្សន៍ ឬប្រាក់ឧបត្ថម្ភ និងបានបូជាកម្លាំងកាយចិត្ត លះបង់ពេលវេលា ជាអ្នកអប់រំផ្សព្វផ្សាយចលនា ជាអ្នកជួយសង្គ្រោះ និងជាអ្នកផ្តល់ព័ត៌មានអំពីគ្រោះមហន្តរាយផ្សេងៗបានទាន់ពេលវេលា នៅក្នុងមូលដ្ឋានរបស់ខ្លួន ។ មុននឹងប្រកាសបេីកវគ្គបណ្តុះបណ្តាល លោកនាយកប្រតិបត្តិសាខា ក៏សូមឲ្យបងប្អូនជាសិក្ខាកាមទាំងអស់ ខិតខំយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹងពីវគ្គនេះដេីម្បីបង្កេីននូវសមត្ថភាព ក្នុងការបំពេញការងារមនុស្សធម៌របស់យេីងនៅតាមមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានជោគជ័យថែមទៀត ។
សូមបញ្ជាក់ថា៖ ក្នុងវគ្គបណ្តុះបណ្តាលជាមូលដ្ឋាននេះ បានលេីកយកមេរៀនសំខាន់ៗចំនួន៥ មកបង្ហាត់បង្ហាញរួមមាន៖
១- ប្រវត្ថិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម
២- គោលនយោបាយ តួនាទីរបស់អ្នកស្មគ្រ័ចិត្តកាកបាទក្រហមកម្ពុជា
៣- សុវត្ថិភាពចរាចរណ៍ផ្លូវគោក
៤- ការគ្រប់គ្រងគ្រោះមហន្តរាយ និងការគ្រប់គ្រងអគ្គីភ័យ
៥- វិជ្ជាសង្គ្រោះបឋម ៕