តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក៖ កំណើនថយល្បឿនដោយសារភាពតានតឹងផ្នែកពាណិជ្ជកម្មនិងភាពមិនប្រាកដប្រជាសកលលោកកើនឡើងកាន់តែខ្លាំង
ទីក្រុងបាងកក៖របាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយនៅថ្ងៃទី១០ខែតុលាឆ្នាំ២០១៩នេះថាកំណើនដ្ឋកិច្ចនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិកត្រូវបានរំពឹងទុកថានឹងថយចុះពី៦,៣ក្នុងឆ្នាំ២០១៨មកនៅត្រឹម៥,៨ភាគរយក្នុងឆ្នាំ២០១៩ហើយវាបន្តថយចុះដល់៥,៧និង៥,៦ភាគរយក្នុងឆ្នាំ២០២០និង២០២១នេះដោយសារការធា្លក់ចុះទូទៅនៃកំណើនក្នុងការនាំចេញនិងក្នុងសកម្មភាពផលិតទំនិញឧស្សាហកម្ម។
ការថយចុះនៃតម្រូវការទូទាំងសកលលោករួមទាំងពីប្រទេសចិនផងនិងស្ថានភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើងជុំវិញភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនបានធ្វើឱ្យវិស័យនាំចេញនិងកំណើននៃការវិនិយោគមានឱនភាព គំរាមដល់ភាពរឹងប៉ឹងផ្នែកសេដ្ឋកិច្ចនៅក្នុងតំបន់នេះ។ធនាគារពិភពលោកបាននិយាយដូច្នេះនៅក្នុងរបាយការណ៍ថ្មីមួយក្រោមចំណងជើងថាពុះពារក្រោមគំនរហានិភ័យ(Weathering Growing Risks) ដែលជាការធ្វើបច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិកគិតត្រឹមខែតុលាឆ្នាំ២០១៩ហើយដែលត្រូវបានចេញផ្សាយនៅថ្ងៃនេះ។
លើកលែងតែប្រទេសចិនចេញនៅក្នុងតំបន់នេះកំណើននៃការទទួលទានប្រើប្រាស់នៅនឹងដោយសារមានការគាំពាររបស់គោលនយោបាយរូបិយវត្ថុនិងសារពើពន្ធថ្វីបើវាធ្លាក់ទាបជាងបន្តិចក៏ដោយបើប្រៀបទៅនឹងកម្រិតកំណើនក្នុងរយៈពេលដូចគ្នានៅក្នុងឆ្នាំកន្លងទៅ។ក៏ប៉ុន្តែកំណើននៅតាមប្រទេសមានសេដ្ឋកិច្ចទំហំតូចនៅក្នុងតំបន់នេះ នៅតែមានសភាពស្វាហាប់នៅឡើយដែលជាការឆ្លុះបញ្ចាំងអំពីការវិវត្តជាក់លាក់ក្នុងប្រទេសនីមួយៗមានដូចជា កំណើនថេរក្នុងវិស័យទេសចរណ៍, អចលនទ្រព្យ, និងឧស្សាហកម្មនិស្សារណកម្មជាដើម។
លោកស្រីវិចតូរីយ៉ាក្វាក្វាអនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិកមានប្រសាសន៍ថា៖«កាលណាល្បឿននៃកំណើនសេដ្ឋកិច្ចថយចុះអត្រានៃការកាត់បន្ថយភាពក្រីក្រក៏ថយចុះទៅតាមហ្នុងដែរ។» លោកស្រីពោលបន្តទៀតថា៖«បច្ចុប្បន្ននេះយើងប៉ាន់ស្មានថាមានជិតមួយភាគបួននៃប្រជាជនទាំងអស់ក្នុងប្រទេសដែលកំពុងអភិវឌ្ឍន៍តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក កំពុងរស់នៅក្រោម ៥,៥ដុល្លារអាមេរិកក្នុងមួយថ្ងៃដែលជាក្រិតបន្ទាត់ភាពក្រីក្រសម្រាប់ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។នេះបូករួមទាំងមនុស្សជិត៧លាននាក់ដែលយើងបានប៉ាន់ប្រមាណទុកកាលពីខែមេសាដែលកាលនោះកំណើនសេដ្ឋកិច្ចក្នុងតំបន់នៅមានសភាពស្វាហាប់នៅឡើយ។»
របាយការណ៍នេះបង្ហាញច្បាស់ថាភាពតានតឹងកាន់តែខ្លាំងឡើងផ្នែកពាណិជ្ជកម្មកំពុងនាំមកនូវការគំរាមយូរអង្វែងមួយ ដល់កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់។ខណៈដែលប្រទេសខ្លះសង្ឃឹមថានឹងទាញបានផលចំណេញពីការប្រែប្រួលនៃសណ្ឋានរបស់ទីលានធ្វើពាណិជ្ជកម្មសកលលោកភាពមិនអាចបត់បែនបានខ្សែចង្វាក់តម្លៃ ជាឧបសគ្គរារាំងដល់ការហក់ឡើងនៃសេដ្ឋកិច្ចរបស់ប្រទេសមួយចំនួន នៅក្នុងពេលខ្លីខាងមុខ។
លោកអេនឌ្រូម៉េសុនសេដ្ឋវិទូជាន់ខ្ពស់សម្រាប់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិកមានប្រសាសន៍ថា៖«ខណៈដែលបណ្តាក្រុមហ៊ុនកំពុងនាំគ្នាស្វែងរកវិធីដើម្បីចៀសឱ្យផុតពីការជាប់អត្រាពន្ធគយគេមិនងាយរំពឹងបានថាបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិកដែលំពុងអភិវឌ្ឍន៍នេះអាចដើរតួនាទីជំនួសប្រទេសចិនក្នុងខ្សែចង្វាក់តម្លៃសកលនៅក្នុងរយៈពេលខ្លីខាងមុខបានទេដោយសារថាប្រទេសទាំងនោះមានហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់និងផលិតកម្មក្នុងទ្រង់ទ្រាយតូចៗនៅឡើយ។»
របាយការណ៍នេះបានព្រមានថាហានិភ័យកាន់តែមានសភាពខ្លាំងឡើងហើយចំពោះលទ្ធភាពនៃកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់នេះ។ការអូសបន្លាយនៃភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិននឹងបន្តជះផលមិនល្អទៅលើកំណើននៃការវិនិយោគដោយសារតែមានភាពមិនប្រាដកប្រជាច្រើនពេក។ការធ្លាក់ចុះផ្នែកសេដ្ឋកិច្ចលឿនហួសពីការស្មាននៅក្នុងប្រទេសចិន, ក្នុងតំបន់សេដ្ឋកិច្ចចាយប្រាក់អឺរ៉ូ, និងនៅក្នុងសហរដ្ឋអាមេរិកគួបផ្សំដោយភាពរញ៉េរញ៉ៃជុំវិញបញ្ហាប្រិកស៊ិដ(Brexit) ផងអាចនឹងកាន់តែធ្វើឱ្យចុះខ្សោយនូវតម្រូវការពីខាងក្រៅសម្រាប់ការនាំចេញពីក្នុងតំបន់នេះ។
បំណុលខ្ពស់និងចេះតែកើនឡើងនៅក្នុងប្រទេសខ្លះក៏កំពុងតែរឹតត្បិតលទ្ធភាពនៃប្រទេសទាំងនោះក្នុងការអនុវត្តគោលនយោបាយសារពើពន្ធនិងរូបិយវត្ថុដើម្បីសម្រាលផលប៉ះពាល់ពីការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចដែរ។លើសពីនេះការប្រែប្រួលដោយគំហុកណាមួយនៅក្នុងលក្ខខណ្ឌហិរញ្ញវត្ថុសកលលោកអាចនាំឱ្យមានការចំណាយកាន់តែខ្ពស់លើការខ្ចីបុលសម្រាប់តំបន់ដោយវាដាក់សម្ពាធសង្កត់ទៅលើកំណើនឥណទានហើយបន្ថែមបន្ទុកទៅលើការវិនិយោគរបស់វិស័យឯកជននិងកំណើនសេដ្ឋកិច្ចក្នុងតំបន់ទៀតផង។
ដើម្បីពុះពារជម្នះហានិភ័យទាំងនេះរបាយការណ៍បានផ្តល់អនុសាសន៍ថាប្រទេសទាំងឡាយណាដែលមានលទ្ធភាពអន្តរាគមន៍ផ្នែកគោលនយោបាយគ្រប់គ្រាន់គួរតែប្រើប្រាស់វិធានការសារពើពន្ធនិង/ឬរូបិយវត្ថុដើម្បីជួយជំរុញសេដ្ឋកិច្ចរបស់ខ្លួនឱ្យទៅមុខហើយព្រមពេលគ្នានោះការពារឱ្យបាននូវនិរន្តរភាពសារពើពន្ធនិងបំណុលផងដែរ។បណ្តាប្រទេសក្នុងតំបន់ក៏នឹងទទួលបានផលចំណេញដែរពីការបន្តរក្សាការបើកចំហផ្នែកពាណិជ្ជកម្មនិងពីការធ្វើសមាហរណកម្មតំបន់ឱ្យកាន់តែស៊ីជម្រៅ ថែមទៀត។
ជម្លោះពាណិជ្ជកម្មដែលបន្តមានរវាងសហរដ្ឋអាមេរិកនិងចិនអមដោយការធ្លាក់ចុះល្បឿននៃកំណើនសេដ្ឋកិច្ចសកលលោកផងក៏អាចកាន់តេបង្កើនភាពចាំបាច់ឱ្យប្រទេសក្នុងតំបន់បន្តធ្វើការកែទម្រង់ ដើម្បីលើកកម្ពស់ផលិតភាពនិងជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន។ក្នុងនោះមានការកែទម្រង់បទប្បញ្ញត្តិដែលធ្វើឱ្យបរិយាកាសធ្វើពាណិជ្ជកម្មនិងការវិនិយោគកាន់តែមានភាពប្រសើរឡើងដើម្បីទាក់ទាញការវិនិយោគនិងសម្រួលដល់ការធ្វើចរាចរណ៍ទំនិញ, បច្ចេកវិទ្យា, ននិងចំណេះធ្វើ៕