កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៩នឹងត្រូវបានទស្សន៍ទាយថានឹងថយសន្ទុះមកនៅ ៧ភាគរយខណៈសហភាពអឺរ៉ុបដកEBAពីកម្ពុជា
ភ្នំពេញ៖បន្ទាប់ពីទទួលបានកំណើនខ្ពស់ជាងការរំពឹងទុកនៅឆ្នាំ២០១៨គឺ ៧,៥ភាគរយកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៩នឹងត្រូវបានទស្សន៍ទាយថាននឹងថយសន្ទុះមកនៅ ៧ភាគរយ។វិស័យនាំចេញនៅរឹងមាំ ប៉ុន្តែស្រុតចុះបន្តិច។ទន្ទឹមគ្នានេះផ្នែកសំណង់នៅតែមានសកម្មភាពមមាញឹកដដែល។ចំពោះមុខមានហានិភ័យមួយចំនួនរួមទាំងភាពមិនប្រាកដប្រជាជុំវិញលទ្ធភាពរបស់កម្ពុជាក្នុងការនាំទំនិញក្រោមប្រព័ន្ធអនុគ្រោះ«គ្រប់មុខទំនិញទាំងអស់ លើកលែងគ្រឿងសព្វាវុធ» (EBA) ចូលទីផ្សារសហភាពអឺរ៉ុបដែលស្រូបយក៤០ភាគរយនៃផលិតផលនាំចេញពីកម្ពុជា។ការស្រុតចុះដោយគំហុកណាមួយនូវសេដ្ឋកិច្ចរបស់ចិនដោយសារសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកនឹងធ្វើឱ្យលទ្ធភាពកំណើនសេដ្ឋកិច្ចកម្ពុជាទ្រោមចុះវិញនៅពេលដែលសេដ្ឋកិច្ចនេះ ពឹងផ្អែកខ្លាំងលើការវិនិយោគផ្ទាល់ពីបរទេស(FDI) និងភ្ញៀវទេសចរពីប្រទេសចិន។នេះបើតាមរបាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយនៅថ្ងៃទី១០ខែតុលាឆ្នាំ២០១៩។
របាយការណ៍ដដែលបានបន្តថា ការនាំចេញទំនិញប្រើប្រាស់ នៅតែរក្សាភាពរឹងមាំដោយបន្តជំរុញឱ្យមានកំណើនលើស៧ភាគរយនៅក្នុងឆ្នាំ២០១៨(គំនូសតាងទី១)។ការនាំចេញផលិតផលសម្លៀកបំពាក់និងស្បែកជើងដែលមានទំហំជិត៧០ភាគរយនៃបរិមាណទំនិញប្រើប្រាស់នាំចេញទាំងអស់កើនបាន១៧,៧ភាគរយក្នុងឆ្នាំ២០១៨ប៉ុន្តែស្រុតចុះបន្តិចវិញមកនៅត្រឹម១៥,៣ភាគរយ(ឆ្នាំ/ឆ្នាំ) ត្រឹមខែមិថុនាឆ្នាំ២០១៩។ផ្នែកសំណង់នៅតែមានសកម្មភាពមមាញឹកដែលបង្ហាញថាវិស័យនេះនៅតែជាគោលដៅសំខាន់មួយ ទាក់ទាញការវិនិយោគ។តាមរយៈនេះបរិមាណនៃការនាំចូលដែកថែប បានកើនឡើងយ៉ាងខ្លាំងដល់ទៅ៦៣,៥ភាគរយ(ឆ្នាំ/ឆ្នាំ) ពី២៧,៧ភាគរយក្នុងឆ្នាំ២០១៨។តម្លៃរបស់គម្រោងវិនិយោគថ្មី ដែលត្រូវបានអនុម័តរួច(តាមរយៈការវិនិយោគផ្ទាល់ពីបរទេសនិងមូលនិធិក្នុងស្រុក) មានសម្ទុះកើនក្នុងអំឡុងពេលប្រាំមួយខែដំបូងនៃឆ្នាំ២០១៩។ជិត៤០ភាគរយនៃវិនិយោគផ្ទាល់ពីបរទេស ហូរចូលពីប្រទេសចិន។វិស័យទេសចរណ៍នៅរក្សាភាពរឹងប៉ឹងនៅឡើយដោយក្នុងនោះការមកដល់របស់ភ្ញៀវអន្តរជាតិកើនដល់១១,២ភាគរយ(ឆ្នាំ/ឆ្នាំ) ត្រឹមខែមិថុនា ឆ្នាំ២០១៩ប្រៀបធៀបទៅនឹង១០,៧ភាគរយក្នុងឆ្នាំ២០១៨ហើយក្នុងនោះទៀតជិត៤០ភាគរយនៃភ្ញៀវអន្តរជាតិ គឺមកពីប្រទេសចិន។
ការនាំចូលកើនឡើងដោយសារតម្រូវការប្រើប្រាស់ក្នុងស្រុកមានខ្ពស់។ការនាំចូលប្រេងឥន្ធនៈនិងយានយន្តកើន៩១ភាគរយ និង១៨,៥ភាគរយ រៀងៗខ្លួន។ការណ៍ដែលស្បៀងអាហារ និងប្រេងឥន្ធនៈងើបថ្លៃមិនរួច បានសង្កត់អតិផរណាឱ្យកាន់តែធ្លាក់ដល់១,៤ភាគរយ(ឆ្នាំ/ឆ្នាំ) គិតត្រឹមពាក់កណ្តាលឆ្នាំ២០១៩ពី១,៦ភាគរយក្នុងឆ្នាំ២០១៨។ទោះជាត្រូវបានកំណត់ថ្លៃ៤០០០រៀលក្នុងមួយដុល្លារអាមេរិកក្តីប្រាក់រៀលបានធ្លាក់ថ្លៃបន្តិច គឺ៤០៨៩រៀលក្នុងមួយដុល្លារក្នុងខែសីហា ឆ្នាំ២០១៩ថោកជាង ៤០១៨រៀលក្នុងមួយដុល្លារក្នុងឆ្នាំ២០១៨ប្រហែលជាដោយសារមកពីការហូរចូលយឺតរបស់មូលធន។
វិស័យហិរញ្ញវត្ថុកំពុងដើរតួនាទីកាន់តែសំខាន់ នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេស។ឥណទានរបស់ធនាគារកើនខ្ពស់ដល់ទៅ២៨,៣ភាគរយ(ឆ្នាំ/ឆ្នាំ) ក្នុងខែមិថុនាឆ្នាំ២០១៩ពី២៤,២ភាគរយក្នុងខែធ្នូឆ្នាំ២០១៨។ដោយឆ្លុះឱ្យឃើញនូវការស្រុតចុះនៃរំហូរមូលធនប្រាក់បញ្ញើរូបិយវត្ថុបរទេសធ្លាក់មកនៅត្រឹម២១,៧ភាគរយ(ឆ្នាំ/ឆ្នាំ) ក្នុងខែមិថុនាឆ្នាំ២០១៩ពី២៥,៨ភាគរយក្នុងខែធ្នូឆ្នាំ២០១៨។យ៉ាងណាក្តីទុនបម្រុងអន្តរជាតិបន្តកើនដល់ទៅ១១,៣ប៊ីលានដុល្លារអាមេរិក(សមមូលទៅនឹងជាង៥ខែនៃការនាំចេញ) ឬត្រូវជា២៤,៧ភាគរយ(ឆ្នាំ/ឆ្នាំ) គិតត្រឹមពាក់កណ្តាលឆ្នាំ២០១៩ពី១០,១ប៊ីលានដុល្លារអាមេរិកឬត្រូវជា១៥,៨ភាគរយ(ឆ្នាំ/ឆ្នាំ) នៅចុងឆ្នាំ២០១៨។
ផ្នែកសារពើរពន្ធបន្តបង្ហាញភាពរឹងមាំនៃការប្រមូលពន្ធដែលជាលទ្ធផលនៃការគ្រប់គ្រងរបស់គយ និងពន្ធដារបានកាន់តែប្រសើរ អមដោយសកម្មភាពស្វាហាប់របស់សេដ្ឋកិច្ចផង។ចំណូលសរុប(រាប់ទាំងជំនួយផង) កើនដល់ជាង២២,៣ភាគរយនៃផ.ស.សក្នុងឆ្នាំ២០១៨នឹងត្រូវបានប៉ាន់ទុកថានឹងកើនដល់២៣,៥ភាគរយនៃផ.ស.សក្នុងឆ្នាំ២០១៩។ទោះបីត្រូវរងសម្ពាធជាងមុនក្តី ដោយសារបញ្ជីប្រាក់បៀវត្សរ៍សាធារណៈរីកកាន់តែធំចំណាយរបស់រដ្ឋាភិបាលត្រូវបានរំពឹងទុកថា នឹងបន្តរក្សាក្នុងកម្រិត ២៤,២ភាគរយនៃផ.ស.សក្នុងឆ្នាំ២០១៩។ដូច្នេះបញ្ជីទូទាត់សរុប ដែលរីកដល់ ១,៩ភាគរយនៃផ.ស.សក្នុងឆ្នាំ២០១៨ត្រូវបានរំពឹងទុកថានឹងរួមមកវិញមកនៅត្រឹម០,៦ភាគរយនៃផ.ស.សក្នុងឆ្នាំ២០១៩ដោយសារតែកំណើនរបស់ចំណូល។
ជាចក្ខុវិស័យដោយការនាំចេញនឹងស្រុតចុះបន្តិចទន្ទឹម
គ្នានឹងការធ្លាក់ចុះនៃតម្រូវការលើសកលលោកហើយការវិនិយោគក៏ថយល្បឿនដែរស្របពេលដែលមិនសូវមានមូលធនហូរចូលដោយសារកំណើនសេដ្ឋកិច្ចរបស់ចិននឹងថយចុះផងនោះសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានរំពឹងទុកថានឹងថយល្បឿនបន្តិចម្តងៗទៅតាមហ្នុងដែរក្នុងរយៈពេលខ្លីនិងមធ្យម។ដូច្នេះកំណើនត្រូវបានប៉ាន់ប្រមាណទុកថា នឹងថយនៅត្រឹម៧ភាគរយក្នុងឆ្នាំ២០១៩ពី៧,៥ភាគរយក្នុងឆ្នាំ២០១៨។
ការថយចុះរបស់ការនាំចេញនៅពេលដែលការនាំចូលបន្តកើន នឹងធ្វើឱ្យឱនភាពគណនីចរន្តក្នុងប្រទេស រីកទំហំដល់៩,៨ភាគរយនៃផ.ស.សក្នុងឆ្នាំ២០១៩ពី៩,៤ភាគរយក្នុងឆ្នាំ២០១៨ប៉ុន្តែឱនភាពនេះនឹងត្រូវបានបំពេញមកវិញដោយការវិនិយោគផ្ទាល់ពីបរទេសបន្តទៀត។
នៅក្នុងខែកុម្ភៈឆ្នាំ២០១៩សហភសហភាពអឺរ៉ុបចាប់ផ្តើមអនុវត្តន៍ដំណើរការមួយ ដែលអាចនាំទៅដល់ការដកចេញបណ្តោះអាសន្នក្នុងឆ្នាំ២០២០នូវលទ្ធភាពសម្រាប់កម្ពុជាក្នុងការនាំទំនិញចូលសហភាពអឺរ៉ុបក្រោមប្រព័ន្ធ EBA។ចំពោះមុខសភាពការណ៍នេះមានការរំពឹងទុកថានឹងមានវិធានការអន្តរាគមន៍ផ្នែកហិរញ្ញវត្ថុមួយដែលមានទំហំធំគួរសម(ជាង៣ភាគរយនៃផ.ស.ស) នឹងត្រូវបានដាក់ចេញក្នុងឆ្នាំ២០២០ដើម្បីជួយសម្រាលផលប៉ះពាល់អវិជ្ជមានពីការដកប្រព័ន្ធអនុគ្រោះEBA ក្នុងករណីដែលវាកើតឡើងតាមការគ្រោងទុកមែន។វិធានការនេះ នឹងជួយឱ្យកំណើនសេដ្ឋកិច្ចនៅមនៅមានភាពស្វាហាប់ក្នុងរយៈពេលមធ្យម។ក្នុងរយៈពេលមធ្យមសេដ្ឋកិច្ចត្រូវបានប៉ាន់ប្រមាណទុកថា នឹងថយកំណើនបន្តិចម្តងៗដែលចាំបាច់ឱ្យមានការខិតខំថែមទៀតដើម្បីជម្រះឧបសគ្គជារចនាសម្ព័ន្ធនានាដោយសម្រួលឱ្យការធ្វើពាណិជ្ជកម្មនិងធុរកិច្ចប្រព្រឹត្តទៅបានរលូន តាមរយៈការកាត់បន្ថយចំណាយលើការដឹកជញ្ជូននិងលើថាមពលនិងបង្កើនជំនាញផងដែរ។
ភាពក្រីក្រត្រូវបានរំពឹងទុកថានឹងបន្តធ្លាក់ចុះថែមទៀត។កំណើនសេដ្ឋកិច្ចពិសេសការកើនចំណូលរបស់ពលករតាមរយៈការដំឡើងប្រាក់បៀវត្សរ៍នៅតែជាកត្តាធំនាំដល់ការកាត់បន្ថយភាពក្រីក្រ។ភាគច្រើននៃជនក្រីក្របានចំណូលបៀវត្សរ៍ពីការងារដែលផ្តល់ប្រាក់កម្រៃទាបដែលឆ្លុះបញ្ចាំងអំពីបញ្ហាប្រឈមមកពីខ្វះជំនាញនិងផលិតភាពទាប។វិសមភាពកំពុងបន្តរីកទំហំនៅតាមតំបន់ទីប្រជុំជននិងទីជនបទជាពិសេសទីជនបទមានវិសមភាពកើនខ្លាំងជាងគេ។
របាយការណ៍នេះក៏បានលើកឡើងពីហានិភ័យនិងបញ្ហាប្រឈមគឺភាពមិនប្រាកដប្រជា ដែលចេះតែកើនឡើងឥតឈប់ឈរជាដើមហេតុនាំឱ្យមានហានិភ័យកាន់តែច្រើន សម្រាប់ចក្ខុវិស័យនៃសេដ្ឋកិច្ចនាពេលខាងមុខ។ការដកចេញនូវប្រព័ន្ធ EBA ប្រសិនបើកើតឡើងមែននិងការធ្លាក់ចុះគំហុករបស់សេដ្ឋកិច្ចចិន(ដែលមកពីការអូសបន្លាយនៃភាពតានតឹង ផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន) អាចធ្វើឱ្យលទ្ធភាពកំណើនសេដ្ឋកិច្ចកម្ពុជាទ្រោមចុះខ្លាំង នៅពេលដែលសេដ្ឋកិច្ចនេះកំពុងពឹងផ្អែកកាន់តែខ្លាំងទៅលើការនាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុបនិងទៅលើការហូរចូលរបស់ទុនវិនិយោគផ្ទាល់ និងភ្ញៀវទេសចរពីប្រទេសចិន។
ការបន្តរីកដុះដាលនៃវិស័យសំណង់និងអចលនទ្រព្យខណៈពេលដែលការផ្តល់ឥណទានដល់វិស័យទាំងពីរនេះចេះតែបន្តកើនអមជាមួយការកើនឡើងរបស់បំណុលផងក្នុងនោះកម្ចីសរុបដែលផ្តល់ដោយធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុពេលនេះមានទំហំជាង ១០០ភាគរយនៃផ.ស.សក៏ជាហានិភ័យមួយទៀតដែរ សម្រាប់ប្រទេសកម្ពុជា។
ដូច្នេះចាំបាច់ខ្លាំងណាស់ដែលត្រូវបង្កើនសមត្ថភាពរបស់កម្ពុជាក្នុងការប្រកួតប្រជែងនៅក្រៅប្រទេសតាមរយៈការលើកកម្ពស់ផលិតភាពបន្ទាប់ពីប្រាក់បៀវត្សរ៍អប្បរមាត្រូវបានដំឡើង។ថ្មីៗនេះអាជ្ញាធរជាតិបានដាក់ចេញវិធានការមួយចំនួនដើម្បីជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មដោយបន្ទាបថ្លៃចំណាយលើការដឹកជញ្ជូននិងគាំពារធុរកិច្ចដោយកាត់បន្ថយចំនួនថ្ងៃឈប់សម្រាកផ្លូវការ។
ការអនុវត្តវិធានការទាំងនេះបានជោគជ័យ អមជាមួយកិច្ចខិតខំថែមទៀតក្នុងការដោះស្រាយបញ្ហាអគ្គិសនីមានថ្លៃខ្ពស់ និងបញ្ហាខ្វះខាតជំនាញនឹងជួយជំរុញការវិនិយោគថែមទៀតនៅក្នុងផ្នែកផលិតកម្មមានតម្លៃបន្ថែមកាន់តែខ្ពស់ជាពិសេសក្នុងផ្នែកផលិតគ្រឿងប្រើប្រាស់ដើរដោយអគ្គិសនីនិងគ្រឿងផ្គុំឧបករណ៍ អគ្គិសនីដែលជាឧស្សាហកម្មមួយ កំពុងលេចមុខឡើងនិងក្នុងផ្នែកផលិតគ្រឿងបន្លាស់រថយន្តដែលគួរតែមានការកែលម្អឱ្យបានប្រសើរថែមទៀតដែរ។
ជំហានដំបូងសំខាន់បំផុតគឺត្រូវពង្រឹងសមត្ថភាពតាមដានត្រួតពិនិត្យនិងត្រៀមលក្ខណៈ សម្រាប់ពេលមានវិបត្តិហិរញ្ញវត្ថុ។ការហូរចូលរបស់ជនបរទេសដ៏ច្រើនសន្ធឹកសន្ធាប់មកកាន់ប្រទេសកម្ពុជានាពេលប៉ុន្មានឆ្នាំកន្លងមកនេះអាចនឹងមិនឋិតថេរទេជាពិសេស នៅពេលដែលសកលលោកមានភាពមិនប្រាកដប្រជាមិនចេះចប់និងសេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងតែថយល្បឿន៕