កម្លាំងនគរបាលទាំង១៤ខណ្ឌ នឹងឃាត់ទុកបណ្តោះអាសន្ននិងផាកពិន័យចំពោះយានយន្ត គ្មានស្លាកលេខ ចាប់ពីថ្ងៃទី២១ខែតុលា
ភ្នំពេញ ៖ យោងតាមហ្វេសប៊ុកផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញផ្សាយនៅថ្ងៃទី១១ ខែតុលានេះថា សមត្ថកិច្ចសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋនឹងចូលរួមសហការគោរពច្បាប់ ដោយយកយានយន្តទៅធ្វើស្លាកលេខ ដើម្បីកុំអោយខាតពេលវេលា និងជៀសផុតពីការផាកពិន័យ ។
បន្ទាប់ពីទទួលបានការណែនាំពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ , កម្លាំងនគរបាលនៃការិយាល័យចរាចរណ៍ផ្លូវគោក និងអធិការខណ្ឌទាំង១៤ នឹងចាប់ផ្តើមធ្វើការឃាត់ទុកបណ្តោះអាសន្ន និងធ្វើការផាកពិន័យទៅតាមច្បាប់កំណត់ ចំពោះយានយន្ត ទោចក្រយានយន្ត និងត្រីចក្រយានយន្តទាំងឡាយណាដែលធ្វើចរាចរណ៍ដោយគ្មានស្លាកលេខ ឬពាក់ស្លាកលេខមិនប្រក្រតី ចាប់ពីថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩នេះតទៅ ៕