បញ្ជូនទណ្ឌិតជនជាតិបារាំងម្នាក់ ទៅអនុវត្តន៍ទោស២៣ឆ្នាំទៀត នៅប្រទេសបារាំង ក្រោយអនុវត្តន៍ទោសនៅកម្ពុជាបាន៤ឆ្នាំ ក្នុងបទល្មើសជួញដូរគ្រឿងញៀន
ភ្នំពេញ ៖ លោកនាយឧត្តសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះថា មន្ត្រីជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនឆ្លងដែន (ក10) នៃមន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ បានចូលរួមធ្វើការផ្ទេរទណ្ឌិតចំនួន១រូប ឈ្មោះ SAVARINO CHARLENE ភេទស្រី សញ្ជាតិបារាំង ដែលត្រូវកាត់ទោសចំនួន២៥ឆ្នាំ តែបានអនុវត្តន៍ទោសនៅប្រទេសកម្ពុជាបាន៤ឆ្នាំរួចហើយ នឹងត្រូវអនុវត្តន៍បន្តទោស បន្ត២៣ឆ្នាំទៀតនៅប្រទេសបារាំងទៀត។
លោក នាយឧត្តមសេនីយ៍ បានឲ្យដឹងទៀតថា សមាសភាពចូលរួមបញ្ជូនរួមមាន មន្ត្រីក្រសួងយុត្តិធម៌ តុលាការខេត្តកណ្តាល អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មន្ទីរប្រឆាំងគ្រឿងញៀន ស្ថានទូតបារាំង និងពន្ធនាគារខេត្តកណ្តាល ។
សូមជម្រាបថា ទណ្ឌិតជនជាតិបារាំង ឈ្មោះ TAYLOR YOSHE ANNនិង Taylor Yoshe Ann ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្នុងពេលឆែកឆេរនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពេលពួកគេបម្រុងចាកចេញទៅប្រទេសអូស្ត្រាលី កាលពីល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៣ ដោយរឹបអូសបានគ្រឿងញៀន ប្រភេទហេរ៉ូអ៊ីន២ កញ្ចប់ទម្ងន់ ២,២ គីឡូក្រាម។ បន្ទាប់ពីទទួលបានចម្លើយអ្នកទាំងពីរ សមត្ថកិច្ចឈានទៅចាប់ខ្លួនឈ្មោះ Pirecious Chineme Nwoko នៅផ្ទះជួលក្នុងភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នៅយប់ថ្ងៃដដែលនោះ ខណៈបក្ខពួក២នាក់ទៀតជាជនជាតិនីហ្សេរីយ៉ា បានរត់គេចខ្លួន។
ជនប្រព្រឹត្តបទល្មើសទាំង៥នាក់ ត្រូវបានតុលាការផ្តន្ទាទោស ១៖ ឈ្មោះ NWOKO PRECIOUS CHINEME ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ដាក់ពន្ធនាគារកំណត់២៧ឆ្នាំ ពិន័យ៨០លានរៀលចូលថវិការដ្ឋ។ ២៖ ឈ្មោះ SAVARINO CHARLENE ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិបារាំង ដាក់ពន្ធនាគារកំណត់២៥ឆ្នាំ ពិន័យ៥០លានរៀលចូលថវិការដ្ឋ ។ ៣-ឈ្មោះTAYLOR YOSHE ANN ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិអូស្ត្រាលី ដាក់ពន្ធនាគារកំណត់២៣ ឆ្នាំ ពិន័យ៥០លានរៀលចូលថវិការដ្ឋ ។ ៤-ឈ្មោះ OJUKWU TOJUKWO MATINS ភេទប្រុស អាយុ៩៣ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ដាក់ពន្ធនាគារកំណត់២៧ឆ្នាំ ពិន័យ៨០លានរៀលចូលថវិការដ្ឋ និង៥-ឈ្មោះ ASEMOTA JUSTICE OSAHENI ភេទប្រុសជនជាតិនីហ្សេរីយ៉ា ដាក់ពន្ធនាគារកំណត់២៥ឆ្នាំ ពិន័យ៥០លានរៀល ចូលថវិការដ្ឋ៕