ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រូបភាពប្រែប្រួលអាកាសធាតុ ចំនួន២៩ផ្ទាំង បានដាក់តាំង នៅក្រសួងបរិស្ថាន

321

 

ទីស្តីការក្រសួងបរិស្ថាន ថ្ងៃចន្ទទី១១ ខែមិថុនា ឆ្នាំ២០១៨ ក្រសួងបរិស្ថានសហការជាមួយស្ថានទូត នៃប្រទេសស៊ុយអែត បានដាក់តាំង ពិព័រណ៍គំនូរ ទាក់ទងនឹងការប្រែប្រួល អាកាសធាតុ ចំនួន២៩ផ្ទាំង រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងបរិស្ថាន ជាន់ក្រោម។ គោលបំណង នៃការដាក់តាំង ពិព័រណ៍ គឺដើម្បីលើកកម្ពស់ ការយល់ដឹង ស្តីពីការប្រែប្រួលអាកាសធាតុ តាមរយៈគំនិតច្នៃប្រឌិតរបស់ វិចិត្រករបរទេស និងវិចិត្រករខ្មែរ ដល់សាធារណជន សិស្ស និស្សិត បានទស្សនា និងសិក្សាស្វែង យល់បន្ថែមពីការប្រែប្រួល អាកាសធាតុ ក៏ដូចជា ចូលរួមក្នុងកិច្ចគាំពារបរិស្ថាន។

លោក រ៉ាត់ សិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានឱ្យដឹងថា ការតាំងពិព័រណ៍រូបភាព ប្រែប្រួលអាកាសធាតុនេះ ជាការផ្សព្វផ្សាយ ដល់មន្រ្តីរាជការ បានយល់ដឹងផង ហើយក៏ជាការបើកឱកាស ផ្សព្វផ្សាយដល់សាធារណជន ជាពិសេសសិស្ស និស្សិត ដែលកំពុងសិក្សានៅ រាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដែលមានបំណង ចង់ស្វែងយល់ ពីការស្វែងយល់ ពីការប្រែប្រួល អាកាសធាតុ ជាពិសេសទៀត គឺការទុកដាក់សំណល់ ការទុកដាក់សំណល់ប្លាស្ទិក និងជាឱកាសមួយ សម្រាប់បង្រីកការយល់ដឹង បន្ថែម​ ពីការប្រែប្រួលអាកាសធាតុ តាមរយៈពិព័រណ៍គំនូរនេះ។

ជាមួយគ្នានេះដែរ កញ្ញា សៅ ស្រីម៉ៅ ជាអ្នកសិល្បៈផ្នែកគូរគំនូរ បានបង្ហាញពីអារម្មណ៍រីករាយ ក្នុងការ ចូលរួមបង្ហាញស្នាដៃ គំនូរ៣ផ្ទាំង ក្នុងចំណោមរូប២៩ផ្ទាំង ដើម្បីចូលរួមផ្សព្វផ្សាយ ពីការប្រែប្រួលអាកាស ធាតុតាមរយៈរូបភាពជាក់ស្តែង ដែលកញ្ញា បានឃើញកន្លងមក ទាំងនៅក្នុងប្រទេសកម្ពុជា និងបណ្តា ប្រទេសផ្សេងៗ បានបង្ហាញពីភាពប្រែប្រួល ដែលបង្កមកពីការប្រែប្រួលអាកាសធាតុ។ យ៉ាងណាមិញ សកម្មភាពនេះ ក៏ជាការជំរុញ និងរួមចំណែកបំផុស ឱ្យមានការចូលរួមទប់ស្កាត់ ដោយចូលរួមក្នុងកិច្ច គាំពារបរិស្ថាន ការការពារធនធានព្រៃឈើ អភិរក្សជីវៈចម្រុះ ជាពិសេសចូលរួមទប់ស្កាត់ ការប្រែប្រួល អាកាសធាតុ៕

អត្ថបទដែលជាប់ទាក់ទង