ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ប្រាប់បងប្អូនខ្មែរនៅឆែក តាមដានព័ត៌មានពីកម្ពុជា ជាប្រចាំ តាមហ្វេសប៊ុកសម្តេចផ្ទាល់ ចៀសវាងមានគេប្រឌិតព័ត៌មានមិនពិត ពីកម្ពុជា

68

 

អឺរ៉ុប៖ក្នុងឱកាសជួបបងប្អូនខ្មែរនៅសាធារណរដ្ឋឆែក ​សម្តេចតេជោ ហ៊ុន សែន បានជម្រាបប្រាប់អោយបងប្អូនសហគមខ្មែរនៅឆែក និងកូនក្មួយទាំងអស់តាមដានព័ត៌មានពីកម្ពុជា អោយបានជាប្រចាំ ជាពិសេស តាមហ្វេសប៊ុកសម្តេចផ្ទាល់ ចៀសវាងមានគេប្រឌិតព័ត៌មានមិនពិតពីកម្ពុជា។ នៅរសៀលថ្ងៃទី ១៣ ខែតុលាឆ្នាំ ២០១៩នេះ នៅពេលដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញមកដល់សណ្ឋាគារស្នាក់នៅក្នុងទីក្រុងប្រាក (Prague, Czech) គឺមានបងប្អូនប្រជាពលរដ្ឋខ្មែរ និស្សិតខ្មែរ និងមន្រ្តីស្ថានទូតជាច្រើនរូបបានអញ្ជើញមកទទួលស្វាគមន៍ សម្តេចនាយករដ្ឋមន្រ្តី ដោយទឹកមុខរីករាយ និងដោយក្តីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត។ តាមកម្មវិធីរសៀលនេះ គឺ សម្តេចតេជោ គ្រោងនឹងអញ្ជើញទៅទស្សនាទីក្រុងចាស់របស់ប្រទេសឆែក ប៉ុន្តែ សម្តេចតេជោ បានលុបចោលកម្មវិធីនេះ ហើយបានអញ្ជើញផ្តល់កិត្តិយសជួបជុំជាមួយបងប្អូនខ្មែរដែលបានមករង់ចាំទទួលសម្តេចវិញ។

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់កូនក្មួយសិស្សនិស្សិតដែលមានឱកាស​បានសមកសិក្សានៅប្រទេសដែលមានការរីកចម្រើន​ដូចប្រទេសឆែកនេះ។ នេះជាមោទនភាពរបស់កម្ពុជា ដែលមានធនធានមនុស្សកំពុងបណ្តុះបណ្តាលនៅគ្រប់ទីកន្លែងទាំងក្នុងនិងក្រៅប្រទេស។ ទោះបីមិនបាននៅជាមួយបងប្អូនដោយផ្ទាល់ ប៉ុន្តែក្នុងនាមនាយករដ្ឋមន្រ្តីគឺសម្តេចប្រមុខដឹកនាំ តែងតែនឹករលឹកនិងស្រឡាញ់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ មិនថាតែនៅក្នុងប្រទេសឆែកនេះទេ។

តាមពិតទៅប្រទេសកម្ពុជានិងឆែកគឺមានទំនាក់ទំនងល្អជាមួយគ្នាតាំងពីរវាងឆ្នាំ ១៩៦០ មកម៉្លេះ ហើយអតីត ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក៏ធ្លាប់ជានិស្សិតសិក្សានៅប្រទេសឆេកូនេះផងដែរ។ ទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរគឺល្អ ជាពិសេសគឺចាប់តាំងពីឆ្នាំ ១៩៧៩-១៩៩០ ដែលពេលនោះ រដ្ឋាភិបាលកម្ពុជាបានបញ្ជូននិស្សិតមកសិក្សានៅទីនេះ បានច្រើនតាមរយៈអាហារូបករណ៍ដែលកម្ពុជាទទួលបាន។ សូមបញ្ជាក់ផងដែរថា អតីតស្ថានទូតប្រទេសឆែកពីមុន គឺមានទីតាំងនៅស្ថានទូតអឺរ៉ុបសព្វថ្ងៃនេះឯង។ ប្រទេសឆែកក៏មានទំនាក់ទំនងល្អជាមួយអាស៊ានដែរ ហើយទន្ទឹមនឹងនេះ ឆែក បានសម្រេចផ្តល់ជំនួយអភិវឌ្ឍន៍គម្រូដល់កម្ពុជាក្នុងមួយឆ្នាំ ១លានដុល្លារកន្លះចាប់ពីឆ្នាំ ២០២០ខាងមុខនេះ។

ឆ្លៀតនៅក្នុងឱកាសនេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជម្រាបប្រាប់ដល់បងប្អូន និងកូនក្មួយនិស្សិតនៅឆែកអោយបានដឹងពីការទទួលទានអំបុកទូទាំងប្រទេសនៅថ្ងៃទី ៩ វិឆ្ឆិកា ២០១៩ ដែលត្រូវចំថ្ងៃឯករាជ្យជាតិ និងបន្តដោយថ្ងៃបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ (៩-១០-១១-១២ វិច្ឆិកា ២០១៩) ដែលកម្ពុជាបានសម្រេចយកថ្ងៃនេះជាទិវាហូបអំបុកទូទាំងប្រទេសដើម្បីការពារជាតិ សាសនា និងព្រះមហាក្សត្រ ព្រោះមានជនអគតិមួយចំនួនតូចបានឃោសនា គ្រោងយកថ្ងៃនេះធ្វើផ្តេសផ្តាសក្នុងពេលដែលកម្ពុជា កំពុងរៀបចំពិធីអបអរសាទរពិធីបុណ្យឯករាជ្យជាតិ និងប្រពៃណីជាតិ។ ដូច្នេះ សូមអញ្ជើញបងប្អូននិងកូនក្មួយនៅទីនេះ និងនៅតាមបណ្តាប្រទេសនានាចូលរួមទាំងអស់គ្នានៅថ្ងៃទី ៩ វិច្ឆិកា ២០១៩ ។

សម្តេចតេជោ ហ៊ុន សែន បានជម្រាបប្រាប់អោយបងប្អូនសហគមខ្មែរនៅឆែក និងកូនក្មួយទាំងអស់តាមដានព័ត៌មានពីកម្ពុជាអោយបានជាប្រចាំ ជាពិសេស តាមហ្វេសប៊ុកសម្តេចផ្ទាល់ ចៀសវាងមានគេប្រឌិតព័ត៌មានមិនពិតពីកម្ពុជា។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីគោលជំហរក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសឆែក ដែលនឹងត្រូវពិភាក្សាគ្នាអោយបានល្អិតល្អន់នៅថ្ងៃស្អែកជាផ្លូវការ។ សម្តេចប្រមុខដឹកនាំ បានផ្តាំផ្ញើដល់បងប្អូនខ្មែរ និងកូនក្មួយនិស្សិតដែលកំពុងសិក្សានៅប្រទេសគេយកចិត្តទុកដាក់សិក្សារៀនសូត្រ និងគោរពច្បាប់ប្រទេសគេអោយបានល្អ។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ បានផ្តល់ទឹកប្រាក់ឧបត្ថម្ភលើកទឹកចិត្តដល់ក្មួយៗ ដែលកំពុងសិក្សានៅទីនេះប្រកបដោយក្តីស្រឡាញ់ក្នុងបរិយាកាសរីករាយនិងស្និទស្នាលក្រៃលែង៕

អត្ថបទដែលជាប់ទាក់ទង