រថយន្តបើកឆ្លងទូកដរ ធ្លាក់ចូលក្នុងទឹកទន្លេបាសាក់
ខេត្តកណ្តាល៖ រថយន្តបើកឆ្លងទូកដរ ធ្លាក់ចូលក្នុងទឹកទន្លេបាសាក់ សំណាងដែរ ពុំមានអ្នកគ្រោះថ្នាក់ ករណីនេះបណ្ដាលឲ្យខូចខាតរថយន្ត ១គ្រឿងនិងសម្ភារ:ក្នុងរថយន្តមានប្រាក់១៥០០ដុល្លារ ប្រាក់រៀលចំនូន២០០០០រៀល និងធុងបាស់GLDចំនួន០១គ្រឿង ។ នេះការឲ្យពីផេកហ្វេសប៊ុកសេនាធិការ នគរបាលស្រុកស្អាង។
ករណីនេះខាងលើនេះ កើតហេតុនៅថ្ងៃ អាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៩ និង២០នាទី នៅចំណុចកំពង់ចម្លងព្រែតាជ្រូក-ព្រែកយូហឹង (ក្បាលកោះ) ស្ថិតនៅភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
សេនាធិការ នគរបាលស្រុកស្អាង បានរៀបរាប
ពីសភាពនៃរឿងហេតុនេះថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានឈ្មោះ ឯម វិច្ឆិការ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត មានទីលំនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានបើកបររថយន្តម៉ាក ម៉ាកសឺដេស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2A-1782 ធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើង (ចេញពីកម្មវិធី ទន្លាក់ចង្ក្រានកូនរបស់ឈ្មោះ កុយ ស្ថិតនៅភូមិរកាក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ដោយខ្លួនបានហូបស្រាបៀរអាន់ឆ័រ អស់ចំនួន៤ទៅ៥កំប៉ុង) រួចហើយ ក៏បន្តដំណើរមកឈប់រថយន្តរង់ចាំឆ្លងទូកដរ នៅកំពង់ចម្លងព្រែកតាជ្រូក ត្រើយខាងកើត ហៅដរក្បាលកោះ ។
លុះពេលអ្នកបើកទូកដរឈ្មោះសេង សុភា ហៅប៉ោលី ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរជាអ្នកបើកទូកដ មានទីលំនៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល បានបើកទូកដរមកដល់ ចងខ្សែ-ដាក់ក្ដា និងកំណល់កល់កង់មុខរថយន្តរួច ក៏ឈរបញ្ជាឲ្យរថយន្តចុះទូក ភ្លាមនោះអ្នកបើករថយន្តបានបើកចុះស្មានល្បឿនមិនត្រូវ ក៏ជ្រុលទៅរុញកំណល់កល់កង់រថយន្តខាងមុខ ធ្លាក់ទឹកទន្លេបាសាក់ទាំងកំណល់ ទាំងរថយន្តតែម្ដង រីឯអ្នកបើករថយន្ត បានចេញតាមកញ្ចក់ទ្វារមុខ មកក្រៅរថយន្ត ឡើងគោករួចខ្លួន ចំណែករថយន្តលិចទៅក្នុងបាតទន្លេបាត់ទៅ បច្ចុប្បន្នម្ចាស់រថយន្តកំពុងជួលគេស្រង់រថយន្តឡើង ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញថា ករណីនេះបង្កឡើងដោយអ្នកបើករថយន្តធ្វេសប្រហែល ខ្ចីខ្ជា ខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឲ្យរថយន្តធ្លាក់ទឹក ព្រោះពេលនោះមេឃទើបភ្លៀងរួចក្ដារផែនិងក្ដារទូកសើម រួមជាមួយកង់រថយន្តជាប់ដីផង ទើបមានភាពងាយស្រួលក្នុងការរអិល ៕