ឆេះផ្ទះ១២ខ្នងនៅក្រុងប៉ោយប៉ែត ស្លាប់មនុស្សម្នាក់
បន្ទាយមានជ័យ ៖ អគ្គិភ័យយ៉ាងសាហាវនៅក្រុងប៉ោយប៉ែត ហើយព្រឹកនេះសមត្ថកិច្ចបានរកឃើញសពមនុស្សម្នាក់ និងឆេះខ្ទេចផ្ទះអស់១២ខ្នង នៅយប់អធ្រាត្រថ្ងៃទី១៤ តុលា ២០១៩ ប៉ុន្តែមិនទាន់ដឹងពីទំហំខូចខាតទាំងស្រុងនៅឡើយទេ។
ផ្ផ្ទះពលរដ្ឋ១២ខ្នង រងការឆាបឆេះយ៉ាងសន្ធោសន្ធៅ ក្លាយជាផេះផង់ នៅជិតពាក់កណ្តាលអធ្រាត្រយប់ថ្ងៃទី១៤ តុលានេះ នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បន្ទាប់ពីរថយន្តមួយគ្រឿង ពន្លះគ្នាជាមួយរ៉ឺម៉កម៉ូតូកង់បីលក់មីឆា និងបណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ទៀត ។
លោកគាត ហ៊ុល អភិបាលកភិបាលក្រុងប៉ោយប៉ែត ប្រាប់ឲ្យដឹងថា ផ្ទះពលរដ្ឋដែលរងការខូចសរុប១២ខ្នង គឺ១១ខ្នងខូចខាតទាំងស្រុង និង១ខ្នង ខូចខាតប្រហែល៥០ភាគរយ ។ លោកអភិបាលបន្តថា ករណីអគ្គិភ័យនេះបង្កឡើងដោយរថយន្តកាមរី១គ្រឿងបុករ៉ឺម៉កម៉ូតូកង់បីលក់មីឆា រួចរ៉េចង្កូតទៅបុកទីតាំងបញ្ចូលហ្គាសទើបបង្កជាអគ្គិភ័យកើតឡើង ។ ចំពោះសាកសពដែលឆេះនោះ គេប្រទះឃើញក្នុងភ្នក់ភ្លើងមកទល់ពេលនេះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។ លោកបញ្ជាក់ថា មកទល់ពេលនេះមិនទាន់ដឹងពីទំហំខូចខាតទាំងស្រុងនៅឡើយទេ ព្រោះមន្ត្រី និងសមត្ថកិច្ចកំពុងចុះពិនិត្យ និងសាកសួរលម្អិត ។
រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង របស់អង្គភាពអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងនគរបាលស្រុកអូរជ្រៅ និងក្រុមហ៊ុនកាស៊ីណូជាច្រើនគ្រឿង ជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធជាច្រើននាក់ ដឹកនាំផ្ទាល់ដោយលោកគាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានអន្តរាគមន៍ជួយពន្លត់ និងប្រើប្រាស់ទឹកអស់ជាច្រើនរថយន្ត ។
ចំណែករថយន្តកាមរី ដែលបង្កហេតុ១គ្រឿង បានឆាបឆេះសល់តែគ្រោងឆ្អឹង ហើយរថយន្តម៉ាកធុនត្រា របស់គ្រួសារមួយទើបទិញតម្លៃជាង៣ម៉ឺនដុល្លារ ឆេះក្លាយជាផេះផង់ និងម៉ូតូសម្ភារអ្នកស្រុករាប់ម៉ឺនដុល្លារ ក៏ឆាបឆេះខ្ទេចខ្ទី រ៉ឺម៉កម៉ូតូកង់បី១គ្រឿង ដែលពាក់ព័ន្ធក៏ឆាបឆេះខូចខាតអស់ ហើយមានមនុស្សម្នាក់ ត្រូវរកឃើញក្នុងភ្នក់ភ្លើងរួញមើលលែងស្គាល់ ។ ផ្ផ្ទះដែលត្រូវភ្លើងឆេះសុទ្ធតែជាតូបលក់ នៅលើផ្លូវរថភ្លើង ៕