បុរសម្នាក់ ខ្ចីម៉ូតូគេជិះ តែម្ចាស់គេមិនឲ្យ នៅតែទៅបញ្ឆេះម៉ូតូ ជិះចេញទៅបាត់ ម្ចាស់ម៉ូតូប្តឹងពីបទលួច ត្រូវប៉ូលីសចាប់វាយខ្នោះ
ខេត្តកណ្តាល៖ បុរសម្នាក់ ខ្ចីម៉ូតូគេជិះ តែម្ចាស់គេមិនឲ្យ នៅតែទៅបញ្ឆេះម៉ូតូ ជិះចេញទៅបាត់ ម្ចាស់ម៉ូតូប្តឹងពីបទលួច ត្រូវប៉ូលីសចាប់វាយខ្នោះ ដែលករណីនេះ កើតហេតុថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១២និង៣០នាទី នៅចំណុចភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ខាន់ សាវី ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកសិករ មានទីលំនៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែក ជនសង្ស័យ ឈ្មោះ ធឿន ធា ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកំពង់ពោធិ៍ត្បូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ហើយធ្លាប់ជាប់ពន្ធនាគារ ១លើក នៅខេត្តកណ្ដាល រយៈពេលចំនួន ៨ខែ ពីបទ គំរាមកំហែងថានឹងសម្លាប់ ប្រព្រឹត្តនៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ វត្ថុតាងចាប់យក ម៉ូតូចំនួន១គ្រឿងម៉ាកហុងដាឌ្រីមសង់ C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ កណ្ដាល1P-1761។
នគរបាលមូលដ្ឋាន បានរៀបរាប់ពីសភាពរឿងហេតុនេះថា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១២ និង៣០នាទី ឈ្មោះ ខាន់ សាវី កំពុងរៀបចំជិះម៉ូតូទៅទិញថ្នាំព្យាបាលក្រព្រះ ស្រាប់តែមានឈ្មោះ ធឿន ធា បានដើរមកដល់ស្រែកខ្ចីម៉ូតូរបស់ឈ្មោះ ខាន់ សាវី ប៉ុន្តែឈ្មោះ ខាន់ សាវី ប្រកែកថាមិនឲ្យទេ តែឈ្មោះ ធឿន ធា នៅតែចាក់សោម៉ូតូ (សោនៅជាប់នឹងម៉ូតូស្រាប់) ជិះចេញយ៉ាងលឿនបាត់ទៅ ភ្លាមនោះឈ្មោះខាន់ សាវី បានទូរស័ព្ទរាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្រាំងយ៉ូវ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ សហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌស្រុកស្អាង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ បានឃាត់ខ្លួនឈ្មោះ ធឿន ធា រួមនឹងវត្ថុតាងខាងលើ នៅចំណុចភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕