ទៅចូលរួមប្រារព្ធខួប១១០ឆ្នាំរបស់សហព័ន្ធហែលទឹកអន្តរជាតិ
ភ្នំពេញ:លោកហែម គីរីអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានចេញដំណើរទៅកាន់ប្រទេសស្វីស ហើយនៅថ្ងៃទី១៧កក្កដា ដើម្បីចូលរួមក្នុងពិធីគម្រប់ខួបទី១១០ឆ្នាំ របស់សហព័ន្ធកីឡាហែលទឹកអន្តរជាតិ ។
ប្រទេសជាសមាជិកទាំងអស់នឹងបញ្ជូនមនុស្សសំខាន់របស់ខ្លួន ទៅចូលរួមក្នុងព្រឹត្តិការណ៍នេះព្រមទាំងទៅ ទស្សនាទីស្នាក់ការធំរបស់សហព័ន្ធហែលទឹកអន្តរជាតិ (Headquater of FINA)នៅក្នុងប្រទេសស្វីស ព្រមទាំងជួបសំណេះសំណាល ជាមួយប្រធានសហព័ន្ធហែលទឹកអន្តរជាតិ ។
លោកហែម គីរីបានបញ្ជាក់ថា លោកគឺជាតំណាងរបស់លោកប្រធាន សហព័ន្ធទៅចូលរួមក្នុង ពិធីជួបជុំនៃគ្រួសារហែលទឹកពិភពលោក ។ នេះជាលើកទី១ ហើយដែលលោកទៅចូលរួមក្នុងពិធីជួបជុំ ជាលក្ខណៈអន្តរជាតិនៃគ្រួសារហែលទឹកបែបនេះ ។
កន្លងមកឪពុករបស់លោក គឺលោកហែម ថុនដែលជាអគ្គលេខាធិការ ជាអ្នកទៅចូលរួមតែបន្ទាប់ពីឪពុកលោក ស្លាប់ទៅលោកបានក្លាយ ជាអគ្គលេខាធិការហេតុនេះ ការចេញទៅនេះដើម្បីឲ្យបណ្ដាប្រធាន និងអគ្គលេខាធិការគេបានស្គាល់លោក ។
លោកបន្តថា ការចេញទៅនេះយើងមិនអាច សុំអ្វីគេបានទេពិសេសលើ ផ្នែកហេដ្ឋារចនាសម្ព័ន្ធតែយើងអាចសុំជាអាហារូបករណ៍ ឬ សុំឲ្យជួយបណ្ដុះបណ្ដាលធនធានមនុស្សបាន ៕