ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទំនាស់ដីធ្លីដ៏រាំរៃជាង២០ឆ្នាំ រវាងគ្រូសារកងទ័ព និងប្រជាពលរដ្ឋចំនួន៥៩គ្រូសារ ត្រូវបានព្រមព្រៀងបញ្ចប់ទំនាស់

94

បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០១៨ បានបញ្ជាក់ថា ទំនាស់ដីធ្លីដ៏រាំរៃជាង២០ឆ្នាំ រវាងគ្រូសារកងទ័ព និងប្រជាពលរដ្ឋចំនួន៥៩គ្រូសារ ដែលស្ថិតនៅទីតាំងចំណុចព្រៃព្រាល ភូមិស្លាបប៉ាង ឃុំតាគ្រាម ស្រុកបាណន់ និងឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ត្រូវបានព្រមព្រៀងបញ្ចប់ទំនាស់ដោយជោគជ័យ ។ ការបញ្ចប់ទំនាស់ដ៏រាំរៃនេះ ខណៈពេលដែលការបោះឆ្នោតអាណត្តិទី៦ កាន់តែខិតជិតមកដល់ នាពេលប៉ុន្មានថ្ងៃខាងមុខនេះ។

រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៨លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំពិភាក្សាសម្របសម្រួលដោះស្រាយបញ្ចប់ទំនាស់ដីធ្លីរវាងភាគីកងទ័ព តំណាងដោយលោក ភ្លន់ សុផល្លា និងតំណាងប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងករណីទំនាស់ដីធ្លី ដែលស្ថិតនៅទីតាំង ចំណុចព្រៃព្រាល ភូមិស្លាបប៉ាង ឃុំតាគ្រាម ស្រុកបាណន់ និងឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។

ក្រោយសមាហរណកម្មអតីតកម្លាំងផ្តាច់ខ្លួន នៃកម្ពុជាប្រជាធិបតេយ្យរួចហើយ ក្នុងអំឡុងឆ្នាំ១៩៩៨ កងទ័ពបានកាន់កាប់ដីនេះ ហើយប្រជាពលរដ្ឋក៏ចូលទៅកាន់កាប់ដីតំបន់នេះដែរ។ ក្រោយពេលចូលកាន់កាប់ និងកាប់ឆ្កាព្រៃស្រឡះ នៅឆ្នាំ២០០៨ ចាប់ផ្តើមវិវាទកើតឡើង រវាងប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ដែលតំណាងដោយលោក ភ្លន់ ផល្លា ពេលនោះអាជ្ញាធរគ្រប់ថ្នាក់ បានខិតខំដោះស្រាយសម្រុះសម្រួល តែពុំឈានដល់ការព្រមព្រៀងគ្នាទេ រហូតដល់ឆ្នាំ២០១២ ក៏បានដោះស្រាយបញ្ចប់វិវាទមួយចំនួនធំ តាមបទបញ្ជាលេខ០១ ប.ប ក្នុងការអនុវត្តគោលនយោបាយចាស់ សកម្មភាពថ្មី លើវិស័យដីធ្លី ដោយចុះធ្វើយុទ្ធនាការរបស់ក្រុមយុវជន និងមន្រ្តីជំនាញ ហើយនៅសេសសល់បញ្ហាវិវាទមួយចំនួនតូច គឺរវាងគ្រួសារកងទ័ពដែលតំណាងដោយលោក ភ្លន់ ផល្លា និងប្រជាពលរដ្ឋចំនួន៥៩គ្រួសារ លើផ្ទៃដីសរុបចំនួន១៥២ហិកតា ។ ពាក់ព័ន្ធនឹងបញ្ហាទំនាស់នេះ រដ្ឋបាលខេត្ត បានបង្កើតក្រុមការងារដោះស្រាយវិវាទ ដែលនៅសេសសល់ ពីការចុះបញ្ជីដីធ្លី តាមគោលនយោបាយចាស់ សកម្មភាពថ្មី ដែលដឹកនាំដោយអភិបាលរងខេត្ត១រូប និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ជាសមាជិកក្រុមការងារដោះស្រាយវិវាទនេះ ដោយបន្តធ្វើការសម្រុះសម្រួល ជាច្រើនលើករវាង ភាគីកងទ័ព និងភាគីប្រជាពលរដ្ឋ ដើម្បីឈានទៅបញ្ចប់វិវាទដីធ្លីនេះ ។

ក្រោយពីបានប្រជុំពិភាក្សា សម្របសម្រួល ភាគីទាំងពីបានព្រមព្រៀងបញ្ចប់ទំនាស់ ដោយឯកភាពលើគោលការណ៍ ដូចខាងក្រោម ៖
១-ភាគីគ្រូសារអតីតកងទ័ពតំណាងដោយលោក ភ្លន់ សុផល្លា យល់ព្រមប្រគល់ដីបន្ថែម ឲ្យភាគីប្រជាពលរដ្ឋចំនួន៤ហិកតា បន្ថែមទៀត (ដោយយកបណ្តោយរ៉បផ្លូវខាងត្បូង ចេញពីផ្លូវបំបែកឈៀងខាងលិច )តាមការស្នើសុំរបស់ប្រជាពលរដ្ឋ ។ ដូចនេះប្រជាពលរដ្ឋទទួលបានផ្ទៃដីសរុប ៩៤៨.៩៧៤ ម៉ែត្រក្រឡា សម្រាប់បែងចែកប្រជាពលរដ្ឋចំនួន ៥៩គ្រួសារ និងគ្រួសារអតីតគ្រួសារកងទ័ព ទទួលបានផ្ទៃដីសរុប ៤៧៧.៩៣៤ ម៉ែត្រក្រឡា សម្រាប់បែងចែកជួន អតីតគ្រួសារកងទ័ពចំនួន ៣៥គ្រួសារ ។
២-ភាគីប្រជាពលរដ្ឋ ព្រមទទួលយកផ្ទៃដី ៩៤៨.៩៧៤ ម៉ែត្រក្រឡា ដែលបានព្រមព្រៀងរវាងភាគីវិវាទ បែងចែកជូនគ្រូសារប្រជាពលរដ្ឋចំនួន ៥៩គ្រួសារដោយខ្លួនឯង និងភាគីគ្រួសារអតីតកងទ័ព ត្រូវយកផ្ទៃដីទំហំ ៤៧៧.៩៣៤ ម៉ែត្រក្រឡា សម្រាប់បែងចែកជូនគគ្រួសារអតីតកងទ័ពចំនួន ៣៥គ្រួសារ និងផ្ទៃដីដែលនៅសេសសល់មួយចំនួន គឺកាត់សម្រាប់ធ្វើផ្លូវថ្នល់ ៕

 

អត្ថបទដែលជាប់ទាក់ទង