ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លុបបំបាត់ការរើសអើងស្រ្តី តាមរយៈការបញ្ជ្រាបយេនឌ័រ នៅគ្រប់វិស័យ

48

ទីក្រុងប៊ែលក្រាដ៖ ក្នុងឱកាសនៃការចូលរួមមហាសន្និបាតលើកទី១៤១ របស់សហភាពអន្តរសភា IPU លោកស្រី បាន ស្រីមុំ បានចូលរួមមតិក្នុងវេទិកាសមាជិកសភាជាស្រ្តីដោយលើកពីសមិទ្ធផលរបស់កម្ពុជា ជាពិសេសការសម្រេចបានកំណើនសេដ្ឋកិច្ច ៧%ក្នុងមួយឆ្នាំ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយ និងការកាត់បន្ថយភាពក្រីក្រ ១%ក្នុងមួយឆ្នាំ ដែលជាគោលដៅរបស់កម្ពុជា ក្នុងការអភិវឌ្ឍន៍ជាតិ។

ក្នុងនាមគណៈប្រតិភូកម្ពុជា លោកស្រី បានចែករំលែកសមាជិកសភា នៅពិភពលោក ដែលមានវត្តមាន នៅទីក្រុងប៊ែលក្រាដ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ថា កម្ពុជាបានផ្តល់សច្ចាប័ន លើអនុសញ្ញាស្តីពីការលុបបំបាត់ រាល់គ្រប់ទម្រង់លើការរើសអើងប្រឆាំងស្រ្តី(CEDAW)។ កម្ពុជាបានខិតខំប្រឹងប្រែង លើកកម្ពស់សមភាពយេនឌ័រ ដើម្បីលើកស្ទួយស្ថានភាពសង្គម សេដ្ឋកិច្ច និងពង្រឹងតួនាទីស្ត្រី ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ជាពិសេសបានបង្ហាញអំពីគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្តល់សិទ្ធិសេរីភាពពេញលេញ ជូនស្តី្រនៅគ្រប់កម្រិត និងការឧបត្ថម្ភគាំពាស្ត្រីចាប់តាំងពីមានផ្ទៃពោះរហូត ព្រមទាំងបានដាក់ចេញយន្តការនានា ដើម្បីលុបបំបាត់ការរើសអើងស្រ្តី តាមរយៈការបញ្ជ្រាបយេនឌ័រ នៅគ្រប់វិស័យ ពង្រីកសហគ្រិនភាពរបស់ស្ត្រី កាត់បន្ថយអំពើហិង្សា និងការរំលោភបំពានផ្លូវភេទ និងការពង្រឹងកិច្ចការពារផ្លូវច្បាប់ដល់ស្ត្រី។

គណៈប្រតិភូកម្ពុជា បានគូសបញ្ជាក់ថា ឥឡូវនេះជាពេលវេលា ដែលយើងត្រូវប្រើប្រាស់សក្ដានុពលរបស់ស្ត្រី។ យើងត្រូវធ្វើគំរូសម្រាប់ក្មេងស្រី ដូច្នេះពួកគេអាចចាត់ទុកខ្លួនឯងជាអ្នកដឹកនាំ ដែលពួកគេអាចធ្វើទៅបាន។ ត្រូវបន្តលើកទឹកចិត្តដល់បុរស ឪពុក និងក្មេងប្រុសឱ្យគាំទ្រដល់ក្មេងស្រី។ យើងត្រូវការចូលរួមពីអ្នកទាំងអស់គ្នា ទាំងឧស្សាហកម្ម សង្គមស៊ីវិល ត្រូវរួមគ្នា ដើម្បីផ្ដល់ឱកាសឱ្យស្ត្រីសម្រាប់ការដឹកនាំ និងការសម្រេចចិត្ត។ ឥឡូវនេះជាពេលវេលាសម្រាប់ស្រ្តីត្រូវធ្វើដំណើរឆ្ពោះទៅមុខ៕

អត្ថបទដែលជាប់ទាក់ទង