លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម ជាមួយ លោក ឡេ មិញខាយ អគ្គអធិការ នៃអគ្គលេខាធិការដ្ឋានអធិការកិច្ចរដ្ឋាភិបាលវៀតណាម នៅប្រទេសវៀតណាម
វៀតណាម៖ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានចូលជួបសម្ដែងការគួសមជាមួយលោក ឡេ មិញខាយ អគ្គអធិការ នៃអគ្គលេខាធិការដ្ឋានអធិការកិច្ចរដ្ឋាភិបាលវៀតណាម បានប្រារព្ធឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម នារសៀលថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំកុរព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ។
ថ្លែងក្នុងឱកាសនោះ លោកស្រី ម៉ែន សំអន បានប្រសាសន៍ថា៖ តាមរយៈ ជំនួបនាថ្ងៃនេះគឺជាការអនុវត្តតាមអនុសារណៈយោគយល់គ្នារវាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធ សភា និងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា និងអធិ ការកិច្ចរដ្ឋាភិបាល នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអធិការកិច្ច ដែលបានចុះហត្ថលេខារួមគ្នាកាលពីឆ្នាំ២០០៥ ។
លោកស្រី ក៏បានស្នើឲ្យ លោក ឡេ មិញខាយ ជួយពង្រឹងបន្ថែមទៀតដល់វិទ្យាស្ថានជាតិអធិការកិច្ច ជាពិសេស ផ្នែកស្រាវជ្រាវ និងបោះពុម្ពផ្សាយ និងផ្តល់គ្រូជំនាញដើម្បីទៅបង្រៀននៅវិទ្យាស្ថានជាតិអធិការកិច្ច រយៈពេលខ្លី និងរយៈពេលមធ្យម ។
ជាការឆ្លើយតប លោក ឡេ ម៉ិញខាយ ក៏បានឯកភាពទាំងស្រុងលើសំណើសុំរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រោះថា ការបញ្ជូនគ្រូឧទ្ទេសនាមពីប្រទេសវៀតណាមទៅបង្រៀនដល់មន្ត្រីនៅវិទ្យាស្ថានជាតិអធិការកិច្ចនោះ គឺភាគីកម្ពុជាអាចមានលទ្ធភាពបញ្ជូនមន្ត្រីរាជការមកទទួលការ បណ្តុះបណ្តាលបានច្រើននាក់ ។
បន្ទាប់មកទៀត លោកស្រីក៏បានអញ្ជើញ លោក ឡេ មិញខាយ អញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនៈកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលវេលាណាមួយដ៏សមស្របក្នុងឆ្នាំ២០២០ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងការងារអធិការកិច្ចរវាងប្រទេសទាំងពីរក្នុងការទប់ស្កាត់នូវអំពើពុករលួយ និងបាតុភាពអសកម្មនានា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភបាលកម្ពុជាក្នុងការអភិវឌ្ឍន៍ប្រទេស ៕ ដោយ៖ សំរិត