រដ្ឋបាលខេត្តព្រះសីហនុ បង្ហោះសារករណី ជនជាតិចិនពីរក្រុម បើកឆាកប្រយុទ្ធគ្នាកក្រើករង្វង់មូលតោពីរ ក្រុងព្រះសីហនុ ផ្តើមពីចរាចរណ៍កកស្ទះខ្លាំង
ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហោះសារតាមបណ្តាញសង្គម ហ្វេសប៊ុក ផ្លូវការ របស់ខ្លួន ដោយបានបំភ្លឺព័ត៌មាន ទាក់ទងករណីជនជាតិចិន ដេញវាយគ្នា នៅតាមបណ្តាយផ្លូវឯករាជ្យ ត្រង់ចំណុចជិតរង្វង់មូលតោពីរ ដែលត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម បង្ហោះចែកចាយនៅតាមបណ្តាញព័ត៌មានសង្គមកាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩។
រដ្ឋបាលខេត្តព្រះសីហនុ បានបំភ្លឺថា ករណីនេះបានកើតឡើង នៅវេលាម៉ោង ៤រសៀល ថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩ នៅតាមផ្លូវឯករាជ្យ ទល់មុខសាលាកម្មករ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ដើមរឿងដំបូង ផ្តើមចេញពីការស្ទះចរាចរណ៍ ហើយភាគីជនជាតិចិន ដែលជាអ្នកបើកឡានស្តារិច នៃបុគ្គលិកកាស៊ីណូ វ៉ាង ឆាវ បានបើកឡានស្តារិច រុលៗទៅមុខពេលផ្លូវកំពុងស្ទះខ្លាំង
ហើយក៏បានជ្រុលទៅប៉ះឡានហាយឡែនឌ័រ របស់បុគ្គលិកកាស៊ីណូជីងប៉ី ដែលបើកបរដោយជនជាតិចិន ដូចគ្នា បណ្តាលឲ្យរបកថ្នាំបន្តិចបន្តួច។
បន្ទាប់មកភាគីម្ចាស់ឡានទាំងពីរ ក៏បើកកញ្ចក់ឡានស្រែកដាក់គ្នាទៅវិញទៅមក រួចក៏បង្កឲ្យមានហឹង្សាដេញវាយតប់គ្នាទៅវិញទៅមក តាមផ្លូវសាធារណៈ បង្កការភ្ញាក់ផ្អើល និងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ, អ្នកធ្វើដំណើរ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានឃើញហេតុការណ៍នោះផ្ទាល់ភ្នែក។
ក្រោយកើតហេតុ អ្នកគ្រប់គ្រងកាស៊ីណូទាំងពីរ បានចេញមកសម្របសម្រួល ឲ្យភាគីទាំងពីរបញ្ចប់រឿង និងបាននាំគ្នាទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ ដើម្បីធ្វើកំណត់ហេតុបញ្ចប់រឿង។ ក្នុងកិច្ចសម្របសម្រួលនោះ ខាងកាស៊ីណូ វ៉ាង ឆាវ បានសងភាគីបុគ្គលិកកាស៊ីណូ ជិន ប៉ី ចំនួន ២.០០០ដុល្លារអាមេរិក ដើម្បីព្យាបាលរបួស និងសងការខូចខាតឡាន៕