ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំរុញ​ឲ្យ​កាន់តែ​មាន​ទំនាក់ទំនង​ច្រើន​​បន្ថែម​ទៀត ​លើ​ការងារ​កំណែទម្រង់ ​វិមជ្ឈការ​ វិ​សហ​មជ្ឈការ​ ជាមួយ​អង្គការ​ JICA​

64

 

​ភ្នំពេញ​៖​ ​​ឯកអគ្គរាជទូត​ជប៉ុន​ បាន​ជំរុញ​ និង​លើកទឹកចិត្ត​ឲ្យ​ក្រសួង​មហា​ផ្ទៃ ​បន្ត​កិច្ចសហការ​ជាមួយ​អង្គការ​ JICA​ ដើម្បី​ពង្រីក​បន្ថែម​នូវ​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត ​លើ​ការងារ​កំណែទម្រង់​វិមជ្ឈការ​ និង​វិ​សហ​មជ្ឈការ​ ដែល​សម្ដេច​ក្រឡាហោម​ជា​ប្រធាន​ដឹកនាំ​ការងារ​កំណែទម្រង់​នេះ​ដោយ​ផ្ទាល់​ ។

នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៧​ ខែតុលា​ ឆ្នាំ​២០១៩​នេះ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ នាយក​រដ្ឋមន្ត្រី​ស្ដីទី​ បាន​អនុញ្ញាត​ឲ្យ​លោក​ មិ​កា​មិ​ ម៉ាសា​ហ៊ី​រ៉ូ​ ឯកអគ្គរាជទូត​ជប៉ុន​ទើប​តែងតាំង​ថ្មី​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ចូល​ជួប​សម្ដែង​គួរសម​ និង​ពិភាក្សា​ការងារ​ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​ជា​កិច្ច​ចាប់ផ្ដើម ​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​សម្ដែង​ការ​ស្វាគមន៍​លោកឯកអគ្គរាជទូត​ដែល​ទើប​តែងតាំង​ថ្មី​ និង​សម្ដែង​សេចក្ដី​សោកស្ដាយ​ ព្រមទាំង​មរណទុក្ខ​ ចំពោះ​គ្រោះ​ធម្មជាតិ​ ដែល​បាន​កើតឡើង​នៅ​ប្រជាជន​ជប៉ុន​ បង្ក​ឲ្យ​ពលរដ្ឋ​ជប៉ុន​រង​គ្រោះជា​ច្រើន​នាក់​ ដោយ​សម្ដេច​បាន​សម្ដែង​ក្ដី​សង្ឃឹមថា ​ស្មារតី​របស់​ប្រជាជន​ និង​រដ្ឋាភិបាល​ជប៉ុន​ នឹង​បន្ត​រួបរួម​គ្នា​ដោះស្រាយ​បញ្ហា​នេះ​ប្រកបដោយ​ជោគជ័យ​យ​។​

​ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ក្រសួងមហាផ្ទៃ​ សម្ដេច​ក្រឡាហោម​ ក៏​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​កម្ពុជា​ និង​ជប៉ុន​ ដែល​មាន​កន្លង​មក​ ហើយ​សម្ដេច​ក៏​សង្ឃឹម​ជឿជាក់​ថា​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​នេះ​ នឹង​បន្ត​រីក​ចំរើន​លូតលាស់​តទៅ​មុខជា​ដរាប​ ហើយ​សម្ដេច​សូម​ថ្លែងអំណរគុណ​ប្រជាជន​ និង​រដ្ឋាភិបាល​ជប៉ុន​ដែល​បន្ត​ជួយ​គាំទ្រ​ដល់​បុព្វហេតុ​នៃ​ការ​កសាង​សេដ្ឋកិច្ច​ និង​សង្គម​កម្ពុជា​។​

​ក្នុង​ឱកាស​នោះ​ក្នុង​នាម​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​ សម្ដេច​ក្រឡាហោម​ក៏​បាន​មាន​ប្រសាសន៍​សម្ដេច​ត្រៀមខ្លួន​ជា​និច្ច​ក្នុង​ការ​បន្ត​ផ្ដល់​កិច្ចសហការ​ជាមួយ​ឯកឧត្តម​ឯកអគ្គរាជទូត​ជប៉ុន​ ហើយ​ក៏​ត្រៀមខ្លួន​ដោះស្រាយ​នូវ​បញ្ហា​នានា​ ដែល​មាន​សំណើរ​ ឬ​តម្រូវការ​ផ្សេងៗ​ពី​ខាង​ស្ថានទូត​ជប៉ុន​។​

​លោក​ មិ​កា​មិ​ ម៉ាសា​ហ៊ី​រ៉ូ​ បាន​ថ្លែងអំណរគុណ​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ចំពោះ​ការ​ចូលរួម​រំលែក​មរណទុក្ខ​ជាមួយ​រដ្ឋាភិបាល​ និង​ប្រជាជន​ជប៉ុន​ និង​សម្ដែង​ក្ដី​សង្ឃឹម​ជឿជាក់​ថា ​តាម​រយៈ​បទ​ពិសោធន៍​ជា​ច្រើន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​គ្រោះ​ធម្មជាតិ​នេះ​ លោក​ក៏​មាន​ក្ដី​សង្ឃឹមថា​រដ្ឋាភិបាល​ និង​ប្រជាជន​ជប៉ុន​ នឹង​បន្ត​ដោះស្រាយ​កិច្ចការ​នេះ​ដូច​ទៅ​នឹង​គ្រោះ​ធម្មជាតិ​ដែល​បាន​កើតឡើង​នា​ពេល​កន្លង​មក​ដែរ​។​

លោក​ឯកអគ្គរាជទូត​ បានថ្លែង​ថា ​នៅ​ក្នុង​ឱកាស​អញ្ជើញ​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​ លោក​ពិតជា​មាន​ក្ដី​រីករាយ​ដែល​បាន​ថ្វាយ​សារតាំង​ជូន​សម្ដេច​វិបុល​សេនា​ភក្ដី​ សាយ​ ឈុំ​ ប្រមុខរដ្ឋ​ស្ដីទី​ និង​បាន​ចូល​គាល់​សម្ដេចព្រះ​វររាជ​មាតា​ជាតិខ្មែរ​ និង​ឥស្សរជន​ជាន់ខ្ពស់​ជា​ច្រើន​ទៀត​ និង​បាន​សម្ដែង​ស​ក្ដី​រីករាយ​ចំពោះ​ព្រះករុណា​ព្រះបាទ​សម្ដេច​បរមនាថ​ នរោត្តម​ សីហ​មុនី​ ដែល​នឹង​យាង​ចូលរួម​ព្រះរាជ​ពិធី​គ្រង​រាជសម្បត្តិ​ជា​ផ្លូវការ​នៃ​ព្រះ​ចៅ​អធិរាជ​ជប៉ុន​។​

​លោក​ក៏​សូម​ថ្លែងអំណរគុណ​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ និង​ក្រសួងមហាផ្ទៃ​ ដែល​កន្លង​មក​បាន​យកចិត្តទុកដាក់​បំពេញភារកិច្ច​ក្នុង​ការ​ថែរក្សា​សុវត្ថិភាព​ សន្តិសុខ​ជូន​ដល់​ស្ថានទូត​ជប៉ុន​ និង​ប្រជាពលរដ្ឋ​ជប៉ុន​ដែល​ធ្វើ​ដំណើរ​ចេញចូល​ប្រទេស​កម្ពុជា​ ហើយ​ជាមួយ​គ្នា​នេះ​ លោក​បាន​សម្ដែង​កោតសរសើរ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ក្រសួងមហាផ្ទៃ​ ក្នុង​ការ​បន្ត​យកចិត្តទុកដាក់​ពង្រឹង​ និង​លើក​ស្ទួយ​កិច្ច​សន្ទនា​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​សង្គម​ស៊ី​វិល​ តាម​រយៈ​វេទិកា​៣​លើក​រួច​មក​ហើយ​នោះ​។​

​លោក​ឯកអគ្គរាជទូត​ជប៉ុន​ក៏​បាន​សម្ដែង​ក្ដី​រីករាយ​ ជំរុញ​ និង​លើកទឹកចិត្ត​ឲ្យ​ក្រសួង​មហា​ផ្ទ​ស​បន្ត​កិច្ចសហការ​ជាមួយ​អង្គការ​ JICA​ ដើម្បី​ពង្រីក​បន្ថែម​នូវ​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​លើ​ការងារ​កំណែទម្រង់​វិមជ្ឈការ​ និង​វិ​សហ​មជ្ឈការ​ ដែល​សម្ដេច​ក្រឡាហោម​ជា​ប្រធាន​ដឹកនាំ​ការងារ​កំណែទម្រង់​នេះ​ដោយ​ផ្ទាល់​ ហើយ​លោក​ពិតជា​មាន​បំណង​ក្នុង​ការ​ពង្រីក​បន្ថែ​ទៀត​នូវ​ការ​ផ្លាស់​ប្ដូរ​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។​

​ជា​ការ​ឆ្លើយ​តប​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ នាយក​រដ្ឋមន្ត្រី​ស្ដីទី​បាន​មាន​ប្រសាសន៍​ថា​ព្រះរាជ​ដំណើរ​ទស្សនកិច្ច​របស់​ព្រះករុណា​ព្រះមហាក្សត្រ​ យាង​ចូលរួម​ពិធី​ឡើង​គ្រង​រាជសម្បត្តិ​ផ្លួ​វ​ការ​នៃ​ព្រះ​ចៅ​អធិរាជ​ជប៉ុន​នា​ស​ប្ដា​ហ៍​ក្រោយ​នេះ​ គឺជា​ការ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ការ​រីក​ចំរើន​មួយ​កម្រិត​ទៀត​នៃ​ទំនាក់ទំនង​កម្ពុជា​ ជប៉ុន​។​

​សម្ដេច​ក្រឡាហោម​ ក៏​បាន​សម្ដែង​ការ​ឯកភាព​ចំពោះ​គោលបំណង​ដែល​លោកឯកអគ្គរាជទូត​បាន​លើក​ឡើង​សម្រាប់​ការ​ពង្រីក​បន្ថែម​ទៀត​នូវ​ការ​ផ្លាស់​ប្ដូរ​រវាង​ប្រជាជន​ និង​ប្រជាជន​ និង​បាន​ថ្លែង​នូវ​ក្ដី​រីករាយ​ចំពោះ​បំណង​របស់​លោក​ដែល​ជំរុញ​ឲ្យ​កាន់តែ​មាន​ទំនាក់ទំនង​ច្រើន​បន្ថែម​ទៀត​លើ​ការងារ​កំណែទម្រង់​វិមជ្ឈការ​ វិ​សហ​មជ្ឈការ​ ជាមួយ​អង្គការ​ JICA​។​

នៅ​ក្នុង​ឱកាស​នោះ​ដែរ​លោក​ឯកអគ្គរាជទូត​ជប៉ុន​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចការ​លំបាកៗ​ជា​ច្រើន​ ដែល​ក្រសួងមហាផ្ទៃ​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​ខិតខំ​បំពេញភារកិច្ច​ប្រកបដោយ​ភាព​ជោគជ័យ​ ហើយ​ថា​នៅ​ក្នុង​អាណត្តិ​ការទូត​នៅ​កម្ពុជា​នេះ​ លោកនឹង​អញ្ជើញ​ទស្សនកិច្ច​តាម​បណ្ដា​ខេត្ត​របស់​កម្ពុជា​ ដូច​ជា​ខេត្តសៀមរាប​ និង​ខេត្ត​ព្រះ​សីហ​នុ​ ដោយ​បាន​ស្នើ​សុំ​សម្ដេច​ និង​ក្រសួងមហាផ្ទៃ​ជួយ​ផ្ដល់​ការ​សម្របសម្រួល​ដើម្បី​ឲ្យ​ទស្សនកិច្ច​ទាំងនោះ​ទ​ទូល​បាន​ជោគជ័យ​។​

​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​មាន​ប្រសាសន៍​ថា ស​ម្ដេច​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​សម្របសម្រួល​ដល់​ការ​បំពេញការងារ​ក្នុង​អាណត្តិ​របស់​លោក​ និង​ត្រៀមខ្លួន​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ជូន​លោកឯកអគ្គរាជទូត​ និង​ស្ថានទូត​ជប៉ុន​ និង​បាន​ជូនពរ​ឲ្យ​លោក​បំពេញ​អាណត្តិ​ការទូត​នៅ​កម្ពុជា​ប្រកបដោយ​ភាព​ជោគជ័យ​៕

អត្ថបទដែលជាប់ទាក់ទង