ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចថៃបង្រ្កាប ឈើគ្រញូងប្រមាណ៣តោន ម៉ូតូ១២គ្រឿង និងត្រាក់ទ័រ១គ្រឿង បម្រុងចូលទឹកដីកម្ពុជា

51

បន្ទាយមានជ័យ៖ ឈើគ្រញូងប្រមាណ៣តោនម៉ូតូ១២គ្រឿងនិងត្រាក់ទ័រ១គ្រឿង របស់ឈ្មួញជនជាតិថៃ បម្រុងនាំឆ្លងដែន ចូលមកទឹកដីកម្ពុជាខុសច្បាប់ តាមច្រករបៀង ត្រូវបានសមត្ថកិច្ចថៃ ចុះប្រតិបត្តិការបង្រ្កាប កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនេះ គ្រាដែលឈើគ្រញូង ម៉ូតូរួមនិង ត្រាក់ទ័រ ទាំងនោះបានយកមកស្តុកទុកក្នុងឃ្លាំងមួយកន្លែង ជាប់ព្រំដែនថៃ-កម្ពុជា ក្នុងភូមិណឺនសំបួរ ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ។ នេះបើតាមការផ្សាយរបស់គេហទំព័រនគរបាលជាតិ នៅថ្ងៃទី១៧ខែតុលា។

បើយោងតាមការដកស្រង់ពីកាសែតថៃ ​បានឱ្យដឹងថា ម្ចាស់ទីតាំងស្តុកឈើគ្រញូង ម៉ូតូ និងត្រាក់ទ័រខាងលើ ត្រូវបានគេស្គាល់ឈ្មោះ សង់ហាន ប៊ីយូឌី ដែលជាឈ្មួញថៃ មានទំនាក់ទំនងរកស៊ីអំពើល្មើសច្បាប់ឆ្លងដែន ជាមួយឈ្មួញខ្មែរ ។​ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចថៃមិនបានឃាត់ខ្លួនឈ្មួញជនជាតិថៃឈ្មោះសង់ហាន ប៊ីយូឌី នោះទេ ដោយរត់គេចខ្លួនបាត់ ។ សមត្ថកិច្ចថៃឃាត់ខ្លួនកម្មករ ជនជាតិថៃ២នាក់ និងរថយន្ត១គ្រឿង ឈើគ្រញូងប្រមាណ៣ តោន ម៉ូតូ១២គ្រឿង ក្នុងនោះ ម៉ូតូម៉ាកហុដាPCX ៩គ្រឿង ម៉ូតូម៉ាកហុងដាCLICK២គ្រឿង និងម៉ូតូម៉ាកហុងដាSCOOPY ១គ្រឿង។

បើយោងតាមការដកស្រង់ចេញពីកាសែតថៃ បានឱ្យដឹងទៀតថា ឈើគ្រញូង ម៉ូតូ និងត្រាក់ទ័រខាងលើ បម្រុងនាំឆ្លងដែនចូលកម្ពុជា តាមច្រករបៀង រវាងចន្លោះ ចំការគរនិងបឹងត្រកួន ក្នុងភូមិសាស្រ្តស្រុកស្វាយចេក និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ៕

អត្ថបទដែលជាប់ទាក់ទង