អាជ្ញាធរចាប់ផ្តើមសិក្សាគម្រោងស្ថាបនា ផ្លូវក្រោមដីថ្មីចំនួន២ខ្សែនៅក្នុងភូមិសាស្រ្តខណ្ឌទួលគោក
ភ្នំពេញ៖អាជ្ញាធររាជធានីភ្នំពេញបានចាប់ផ្តើមសិក្សាគម្រោងស្ថាបនាផ្លូវក្រោមដីថ្មីចំនួន២ខ្សែបន្ថែមទៀតនៅក្នុងភូមិសាស្រ្តខណ្ឌទួលគោកដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលមិនឈមនឹងការកកស្ទះចរាចរណ៍ពិសេសនិស្សិតដែលត្រូវធ្វើដំណើរទៅវិស្ថានភាសាបរទេសនិងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
អភិបាលរាជធានីភ្នំពេញបានឲ្យដឹងថាគម្រោងស្ថាបនាផ្លូវក្រោមដីថ្មីទំាង២ខ្សែនេះគឺស្ថិតក្រោមផ្លូវសហព័ន្ធរុស្ស៊ីគឺម្តុំមុខវិស្ថានភាសាបរទេសនិងម្តុំក្តាន់២ខណៈដែរតំបន់ទំាង២នេះកំពុងតែឈមការកកស្ទះចរាចរណ៍ជាប្រចាំស្ទើជារៀងរាល់ថ្ងៃ។
ថ្លែងក្នុងកិច្ចប្រជុំស្តីពីការរៀបចំធ្វើផ្លូវក្រោមដីជាមួយក្រុមអ្នកជំនាញលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថាការស្ថាបនាផ្លូវក្រោមដីនេះគឺជាយន្តការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ជាលក្ខណៈយូរអង្វែរដែលជួយសម្រួលដល់ការចេញចូលរបស់សិស្សនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញក៏ដូចជាប្រជាពលរដ្ឋនិងភ្ញៀវទេសចរផងដែរខណៈដែរផ្លូវសហព័ន្ធរុស្ស៊ីនាពេលបច្ចុប្បន្ននេះមានសា្ថនភាពចរាចរណ៍មម៉ាញញឹកខ្លំាងដែលប្រឈមការកកស្ទះចរាចរណ៍និងរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោកបន្តថាការកកស្ទះចរាចរណ៍នេះយើងដឹងហើយថាក្នុងរាជធានីភ្នំពេញនៅតាមផ្លូវរបស់យើងគឺបាត់បង់ចិញ្ចើមផ្លូវដោយត្រូវរៀបចំចិញ្ចើញផ្លូវឡើងវិញដើម្បីឲ្យមានការធ្វើដំណើរតាមចិញ្ចើញផ្លូវនេះបានល្អប្រសើរហើយការចតយានយន្តនៅតាមដងផ្លូវត្រូវតែមានរបៀបរៀបរយនេះជាកិច្ចការងារមួយដែលត្រូវប្រឹងប្រែងចឹងហើយបានជាយើងត្រូវសិក្សាបញ្ហានេះមួយដូចជាសិក្សាផ្លូវក្រោយដីនៅផ្លូវសហព័ន្ធរុស្ស៊ីនិងផ្លូវក្រោមដីត្រង់ចំណុចក្តាន់២គម្រោងផ្លូវR១០R៤នៅតំបន់បឹងកក់និងគម្រោងកែលម្អផ្លូវថ្មើជើងនៅមហាវិថីម៉ៅសេទុង»។
លោកសំាពិសិដ្ឋប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនបានឲ្យដឹងថាចំពោះគម្រោងស្ថាបនាផ្លូវក្រោមដីត្រង់មុខវិទ្យាស្ថានភាសាបរទេសគឺរត់ពីក្រោមផ្លូវសហព័ន្ធរុស្ស៊ីដោយតភ្ជាប់ពីផ្លូវលេខ២៦១ឆ្ពោះចូលទៅក្នុងវិទ្យាស្ថានភាសាបរទេសម្តង់ដែលបង្កលក្ខណៈងាយស្រួលដល់និស្សិតបានចេញចូលមិនប្រឈមនឹងការកកស្ទះឬគ្រោះថ្នាក់ចរាចរណ៍ជាដើម។
លោកបានបន្ថែមថា ចំណែកនៅតំបន់ក្តាន់ពីរវិញផ្លូវក្រោមដីនេះក៏ត្រូវរត់ពីក្រោមផ្លូវសហព័ន្ធរុស្ស៊ីផងដែរដោយភ្ជាប់ពីផ្លូវ១៦៩ឆ្ពោះផ្លូវបឹងកកដើម្បីរំការកក់ស្ទះចរាចរណ៍នៅតំបន់នេះ។
សូមបញ្ជាក់ថាអាជ្ញាធររាជធានីភ្នំពេញនឹងបន្តការសិក្សាគម្រោងស្ថាបនាផ្លូវក្រោមដីនេះឲ្យមានលក្ខណៈលម្អិតបន្ថែមដើម្បីឈានទៅស្ថាបនាជាផ្លូវការនៅពេលឆាប់ៗខាងមុខនេះដើម្បីជាប្រយោជន៍សម្រាប់សង្គមជាតិ៕