ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំគណៈប្រតិភូទៅចូលរួម​ពិធី​ស្បថ​ចូលកាន់​តំណែង​ថ្មី​របស់​ប្រធានាធិបតី​ឥណ្ឌូនេស៊ី

123

នៅរសៀលថ្ងៃទី១៩ ខែតុលា​ ឆ្នាំ២០១៩នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា បានអញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់កម្ពុជា ​អញ្ជើញ​ទៅ​ចូលរួម​ជា​ភ្ញៀវកិត្តិយស ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​ថ្មី​របស់​ឯកឧត្តម ចូ​កូ វី​ដូ​ដូ (Joko Widodo) ជា​ប្រធានាធិបតី និង ឯកឧត្តម ម៉ា​រូ​ហ្វ អា​ម៉ី​ន (Ma’ruf Amin) ជា អនុ​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២០ ខែតុលា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ហ្សា​ការ​តា​ ប្រទេស​ឥណ្ឌូនេស៊ី។

នៅក្នុង​ឱកាស​នៃពីធីនោះផងដែរ ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល និង​តំណាង​ប្រទេស​សមាជិក​អាស៊ាន​ឯទៀត ក៏​នឹង​មាន​វត្តមាន​នៅក្នុង​ពិធី​នោះ​ផង​ដែរ​។​ អញ្ជើញ​អមដំណើរ​ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​ នៃ​រាជរដ្ឋាភិបាល​មួយចំនួន​ផងដែរ ហើយ​នៅ​ក្នុង​ពិធី​នោះដែរ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ជួប​ដោយឡែក​ជាមួយ ​ឯកឧត្ដម ចូ​កូ វី​ដូ​ដូ ដើម្បី​ជូនពរជ័យ​ដល់​ ​ឯកឧត្តម​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ហើយ​នឹង​ធ្វើការ​ផ្លាស់ប្តូរ​យោបល់​អំពី​កិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី និង ពហុភាគី និង​បញ្ហា​នានា​ដែល​មាន​ការចាប់អារម្មណ៍​ដូចគ្នា​។​

​សូមបញ្ជាក់ថា ឯកឧត្តម ចូ​កូ វី​ដូ​ដូ បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាណត្តិ​ទី​២ នៅ​ក្នុង​ការបោះឆ្នោត​សកល កាលពី​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០១៩ កន្លងមកនេះ សម្រាប់​អាណត្តិ​២០១៩-២០២៤ ហើយ​ការ​អញ្ជើញ​ចូលរួម​របស់ ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ឥស្សរជន​អាស៊ាន​ផ្សេងទៀត ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​ថ្មី​ជា​ផ្លូវការ របស់​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ឆ្លុះបញ្ចាំង​ពី​ស្មារតី​សាមគ្គីភាព និង​មិត្តភាព​ក្នុងចំណោម​ប្រជាជាតិ​អាស៊ាន​៕

អត្ថបទដែលជាប់ទាក់ទង