រាជធានីភ្នំពេញនិងខេត្តបារៀ-វង់តាវ ជំរុញការតភ្ជាប់វិស័យទេសចរណ៍
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ ជំរុញការតភ្ជាប់វិស័យទេសចរណ៍រវាងរាជធានីភ្នំពេញ ជាមួយនឹងខេត្តបារៀ-វង់តាវ នៃប្រទេសវៀតណាម ដើម្បីទាក់ទាញភ្ញៀវទេសចរ នៃប្រទេសទំាង២ ឲ្យទៅទស្សនាកម្សាន្តទៅវិញទៅមកឲ្យកាន់តែច្រើន។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចង់ឲ្យមានការភ្ជាប់ទំនាក់ទំនងរវាងវិស័យ ដឹកជញ្ជូនអ្នកដំណើរតាមរយៈរថយន្តក្រុង ពីរាជធានីភ្នំពេញទៅខេត្តបារៀ-វង់តាវ នៃប្រទេសវៀតណាម ឬពីខេត្តខេត្តបារៀ-វង់តាវ មកកាន់រាជធានីភ្នំពេញវិញ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អ្នកទេសចរ នៃប្រទេសទំាង២បានទៅទស្សនាកម្សាន្តនៅតំបន់ទេសចរណ៍សំខាន់ៗទំាងនៅ រាជធានីភ្នំពេញ និងខេត្ត បារៀ-វង់តាវជាដើម។
នាព្រឹកថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩នេះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជួបសម្ដែងការគួរសម ជាមួយគណៈប្រតិភូខេត្តបារៀ-វង់តាវ នៃសាធារណរដ្ឋសង្គមនិយមរៀតណាម ដឹកនាំដោយលោកង្វៀន ហុងលិញ ( H.E.Mr. NGUYEN Hong Linh ) សមាជិកគណៈកម្មាធិការមជ្ឃឹមបក្សកុម្មុយនិស្តរៀតណាម ជាលេខាបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្តនៃសាធារណរដ្ឋសង្គមនិយមរៀតណាម ដើម្បីពិភាក្សាការងារពាក់ព័ន្ធ ក្នុងការវិនិយោគលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម វិស័យទេសចរណ៍។
លោកអភិបាលរាជធានីភ្នំពេញ បានអះអាងថា គម្រោងតភ្ជាប់វិស័យទេសចរណ៍រវាងរាជធានី ខេត្តនៃប្រទេសទំាង២នេះ និងជាកញ្ចប់ផលិតផលថ្មី ក្នុងការទាក់ទាញភ្ញៀវទេសចរ ខណៈដែលរាជធានីភ្នំពេញ និងបារៀ-វង់តាវ នៃប្រទេសវៀតណាម សម្បូរទៅដោយតំបន់ទេសចរណ៍ ធម្មជាតិ ប្រវត្តិសាស្រ្ត ដ៏ច្រើនដូចគ្នា។
លោកបន្តថា ឥឡូវនេះ ក្រោមសេដ្ឋកិច្ចជាង៧ភាគរយជាង២ទសវត្សរ៍នេះ ប្រជាជនកម្ពុជារស់នៅ ក្នុងភាពស៊ីវិល័យ ក្នុងការធ្វើដំណើរកម្សាន្ត ទំាងក្នុងប្រទេសនិងក្រៅប្រទេស។
ដូច្នេះហើយស្របពេលដែលទីក្រុងបារៀ-វង់តាវ នៃប្រទេសវៀតណាម និងរាជធានីភ្នំពេញ សម្បូរទៅដោយតំបន់ទេសចរណ៍ដូច្នេះ យើងត្រូវតែផ្លាស់ប្តូរវិស័យទេសចរណ៍ទៅវិញទៅមក ពិសេសការភ្ជាប់សេវារថយន្តក្រុងដោយផ្ទាល់ ពីរាជធានីភ្នំពេញទៅបារៀ-វង់តាវ ឬពីបារៀ-វង់តាវ មកកាន់រាជធានីភ្នំពេញវិញ។ បន្ថែមពីនេះទៀតគឺការផ្លាស់ប្តូរវិនិយោគលើវិស័យទេសចរណ៍ ដែលបង្កលក្ខណៈងាយស្រួលដល់ប្រជាជន នៃប្រទេសទំាង២បានធ្វើដំណើរកម្សាន្តទៅវិញទៅមក។
លោក ង្វៀន ហុងលិញ បានថ្លែងគាំទ្រចំពោះ គម្រោងពង្រីកកិច្ចសហប្រតិបត្តិការ លើការផ្លាស់ប្តូរវិស័យទេសចរណ៍នេះ ហើយថា នឹងជួយទាក់ទាញ ភ្ញៀវទេសចរទំាងសងខាងបានកាន់តែច្រើន៕