ចាប់ខ្លួនអតីតនាយកសាលាហ្សាម៉ាន់ ពាក់ព័ន្ធករណីភេរវកម្មនិងរដ្ឋប្រហារ នៅតួកគី
ភ្នំពេញ៖ លោក អូស្មាន់ ការាខា (Osman Karaca) អតីតនាយកសាលាហ្សាម៉ាន់ ដែលបច្ចុប្បន្នប្តូរឈ្មោះមកជា សាលាផារ៉ាហ្គននៅកម្ពុជា ជាប់ពាក់ព័ន្ធ ទៅនឹងអំពើភេរវកម្ម នៅតួកគី កាលពីឆ្នាំ២០១៦ ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួន ហើយបានបញ្ជូនចេញ ពីកម្ពុជាហើយ ។
លោក Osman Karaca ត្រូវបានរដ្ឋាភិបាលតួកគី ចោទប្រកាន់ជាប់សង្ស័យ ពាក់ព័ន្ធអំពើភេរវកម្ម នៅតួកគី កាលពីឆ្នាំ២០១៦ បង្កឡើងដោយក្រុម ចលនាភេរវកម្ម ដោយធ្វើឲ្យ មានអ្នកស្លាប់២៥១នាក់ និងអ្នករបួស២២០០នាក់។ ក្រោយបង្កភេរវកម្មហើយ រដ្ឋាភិបាលតួកគី និងកម្ពុជា បានព្រមព្រៀងគ្នា សហការទប់ស្កាត់ក្រុមនេះ ក្រោយដឹងថា មានបណ្ដាញចលនា ភេរវករ ចង់មកសម្ងំលាក់ខ្លួន នៅកម្ពុជា។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានប្រាប់ឱ្យដឹងថា លោក អូស្មាន់ ការាខា ត្រូវបានចាប់ខ្លួនពីបទភេរវកម្ម កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ តាមសំណើតួកគី ហើយត្រូវបានបញ្ជូនទៅប្រទេសតួកគី កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់ឱ្យដឹងថា សមត្ថកិច្ចកម្ពុជា មានភស្តុតាងគ្រប់គ្រាន់ ដែលផ្តល់ដោយរដ្ឋាភិបាលតួកគី ដើម្បីចាប់ខ្លួនលោក អូស្មាន់ ការាខា ពាក់ព័ន្ធករណីរដ្ឋប្រហារនៅតួកតី។ ការចាប់ខ្លួនលោក អូស្មាន់ ការាខា អនុវត្តទៅតាមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលប្រទេសទាំងពីរ។
កម្ពុជា-តួកគី ក៏បានចុះកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសទាំងពីរ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩។ ការចុះកិច្ចព្រមព្រៀងនេះ បានធ្វើឡើងដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Suleyman Soylu រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋតួកគី។
រដ្ឋប្រហារមិនសម្រេច នៅប្រទេសតួកគី ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោកប្រធានាធិបតី អេដូហ្គាន់ (Erdoğan) បានកើតឡើង កាលពីខែកក្កដា ឆ្នាំ២០១៦ ដែលរដ្ឋាភិបាលប្រទេសនេះចោទថា រៀបចំដោយ លោក Gülen ឥស្សរជននយោបាយដ៏ខ្លាំង១រូប ដែលភៀសខ្លួនទៅនៅសហរដ្ឋអាមេរិក។
អតីតថ្នាក់ដឹកនាំសាលាហ្សាម៉ាន់ ត្រូវបានរដ្ឋាភិបាលតួកគីចោទថា បានផ្តល់ជាហិរញ្ញវត្ថុដល់ លោក ហ្វែត តូឡាស់គូលែន ដែលភៀសខ្លួននៅអាមេរិក ដើម្បីធ្វើរដ្ឋប្រហារយោធាទម្លាក់ ប្រធានាធីបតីតួកគីស្របច្បាប់ ប៉ុន្តែការធ្វើរដ្ឋប្រហារត្រូវបានបរាជ័យ។ ទោះជាយ៉ាងនេះក្តី នាពេលកន្លងទៅ សាលាហ្សាម៉ាន់ បានចេញប្រកាសថា ខ្លួនមិនមានការពាក់ព័ន្ធនឹងរដ្ឋប្រហារ នៅប្រទេសតួកគីនោះទេ៕