ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិនិត្យប​ញ្ជីស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិត ៥១២ នាក់ ក្នុងឱកាសបុណ្យអុំទូក

61

ភ្នំពេញ៖ នាសៀល ថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិដើម្បីពិនិត្យបញ្ជីស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិត ក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក (តាំងតុ) លើបញ្ជីស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសពីពន្ធនាគាររាជធានី-ខេត្ត ចំនួន២៣ និងពីមណ្ឌលអប់រំកែប្រែចំនួន ៤ ដោយមានទណ្ឌិតសរុប ៥១២ នាក់ (ស្រី ៥៨នាក់) នៅទីស្តីការក្រសួងយុត្តិធម៌។

លោក សុច សុផាន់ណារ៉ា អគ្គនាយក​រង​នៃ​អគ្គនាយក​ដ្ឋានកិច្ច​ការ​អយ្យការ និងជាអនុប្រធានលេខាធិការដ្ឋាន ក្នុងការស្នើរសុំលើកលែងទោសបន្ធូរបន្ថយទោស បានបញ្ជាក់ថា ទណ្ឌិតចំនួន៥១២នាក់ ក្នុងចំណោមនោះមានស្ត្រីចំនួន៥៨នាក់នឹងត្រូវដោះលែង ក្នុងអំឡុងពិធីបុណ្យអុំទូកនាថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

លោក សុច សុផាន់ណារ៉ា​ មានប្រសាសន៍ថា​ចំណោមអ្នកដែលដាក់ពាក្យស្នើរសុំបន្ធូរបន្ថយទោស និងលើកលែងទោស ទាំង៥១២នាក់នោះ គឺជាទណ្ឌិតដែលដែលជាប់ពន្ធនាគារនៅតាមខេត្ត និងរាជធានីចំនួន២៣ និងមណ្ឌលកែប្រែចំនួន៤។ លោក​បន្តថាក្នុងចំណោម​នោះ មានទណ្ឌិតជាជនបរទេស ដែលមានជនជាតិវៀតណាម ចិន និងជនជាតិដ៏ទៃទៀតប្រមាណពី១០ភាគរយទៅ១៥ភាគរយ។

បើតាម លោក សុច សុផាន់ណារ៉ា ទណ្ឌិត​ដែលស្នើរសុំបន្ធូរបន្ថយទោស រឺលើកលែងទោសត្រូវជាអ្នកទោសដែលមានការប្រកាសសាលក្រមស្ថាពររួចរាល់ ទើបអាចទទួលបានការលើកលែងពិសេសក្នុងពិធីបុណ្យជាតិខាងមុខ។​

លោក សុច សុផាន់ណារ៉ា​ ឲ្យ​ដឹងថាអ្នក​ទោស​ចំនួន​ប្រមាណជាជាង៣៤០០០នាក់ ដែល​ក្នុង​នោះ​មាន​ស្រ្តី​ជាង​១០០០នាក់ កំពង់ជាប់​ពន្ធនាគារក្នុង​ប្រទសកម្ពុជា។ ក្នុង​ចំណោម​អ្នក​ទោស​ទាំងនោះ​មានអ្នក​ទោស​ជា​ជនជាតិ​បរទេស​ចំនួន​ជាង​១០០០នាក់៕​

អត្ថបទដែលជាប់ទាក់ទង