បើកកិច្ចសន្ទនាទ្វេភាគី ពីសិទ្ធិមនុស្ស រវាងកម្ពុជា និងស៊ុយអែត
ភ្នំពេញ៖ បើតាមការផ្សាយរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (Cambodian Human Rights Committee) នៅលើហ្វេសប៊ុកផ្លូវការថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ជាថ្ងៃដំបូង ក្នុងការបើកកិច្ចសន្ទនាទ្វេភាគី ស្តីពីសិទ្ធិមនុស្សរវាងកម្ពុជា និងស៊ុយអែត ដែលរៀបចំឡើងនៅទីក្រុងស្តុកខូម ប្រទេសស៊ុយ ដែលដឹកនាំដោយលោកជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ប្រតិភូកម្ពុជា និងស៊ុយអែតបានធ្វើកិច្ចពិភាក្សា និងចែករំលែកបទពិសោធន៍ជាបឋមលើកិច្ចការមួយចំនួនដូចខាងក្រោម៖
១. ការផ្តល់ការរាយការណ៍ពីវឌ្ឍនភាពសិទ្ធិមនុស្សចាប់តាំងពីកិច្ចសន្ទនាលើកមុនដែលធ្វើនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៧
២. ការធ្វើទស្សនកិច្ច និងជួបលោកស្រី Annika SÖder រដ្ឋលេខាធិការក្រសួងការបរទេស និងពិភាក្សាជាបឋមនូវប្រធានបទពាក់ព័ន្ធនឹងសិទ្ធិការងារ
៣. ការចែករំលែក បទពិសោធន៍អំពីតួនាទីនៃយន្តការសម្របសម្រួលនិងដោះស្រាយពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ (Ombudsmen Functions) ពីលោកស្រី Charlotte de Geer Fallman និងលោកស្រី Ellen Ringqvist
៤. ការជួបចែករំលែកបទពិសោធន៍ទៅវិញទៅមក និងពិភាក្សាគ្នាពាក់ព័ន្ធជំនួយផ្នែកច្បាប់ ដែលចូលរួមចែករំលែកដោយលោក Johan Sangborn
៥. ការជួបជាមួយនិស្សិតអាហារូបករណ៍កម្ពុជាដែលសិក្សានៅ Raoul Wallenberg Institute for Human Rights and International Humanitarian Law ដែលពួកគេបានចែករំលែកនូវបទពិសោធន៍នៃការសិក្សានៅទីនេះ និងផែនការអនាគតរបស់ពួកគេ
៦. ការផ្លាស់ប្តូរបទពិសោធន៍ និងការអនុវត្តល្អៗក្នុងកិច្ចការពារ និងការលើកកម្ពស់សិទ្ធិនៃអ្នកស្រឡាញ់ភេទដូចគ្នា (LGBTI Persons) ដែលចូលរួមចែករំលែកដោយ លោកស្រី Elinor Hammarskjold, លោក Hans Linde, លោក Andres Zanzi, និងលោកស្រី Emilie Weiderud៕