អបអរសាទរខួបអនុស្សាវរីយ៍លើកទី ២៨ឆ្នាំ នៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស
ហ្វេសប៊ុកព្រះបរមរាជវាំង Royal du Cambodge បានចេញសារសាទរខួបអនុស្សាវរីយ៍លើកទី ២៨ឆ្នាំ នៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ – ២៣ តុលា ២០១៩។
ក្រោមព្រះរាជបូជនីយកិច្ច នៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាបង្រួបបង្រួមជាតិ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបាននាំឲ្យកម្ពជាទទួលបាននូវសុខសន្តិភាពឡើងវិញបន្ទាប់ពីសង្រ្គោមដ៏រាំរៃជាច្រើនទសវត្ស តាមរយៈការចរចារបង្រួបបង្រួមបញ្ចប់សង្រ្គោមរហូតឈានដល់ការចុះហត្ថលេខាសន្តិភាពទីក្រុងប៉ារីសពីបណ្តាភាគីធំៗ ។ កូនចៅប្រជានុរាស្រ្តគ្រប់ៗរូបសូមចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ចដ៏ធំធេងនៃ អង្គព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះជាតិមាតុភូមិកម្ពុជា សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងសោយសុខក្នុងឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕