លោកឃួងស្រេង៖ពាក្យថាចង់ជួបចៅ សង្កាត់ពិបាកជាងចង់ជួបរដ្ឋមន្ត្រីនោះពាក្យនេះបានសាបរលាបហើយ
ភ្នំពេញ៖ការដែលប្រជាពលរដ្ឋចង់ជួបចៅសង្កាត់ដើម្បីអោយផ្ដល់សេវាផ្សេងៗពិបាកជាងចង់ជួបរដ្ឋមន្ត្រីនោះពាក្យនេះត្រូវបានសាបរលាបហើយដោយសារតែនៅថ្នាក់សង្កាត់មានមន្ត្រីចាំទទួលការផ្តល់សេវានេះគ្រប់ពេលពីប្រជាពលរដ្ឋ។
នេះបើតាមការលើកឡើងរបស់លោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញខណៈដែលលោកបានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលការប្រាស្រ័យទាក់ទងនិងបដិសណ្ឋារកិច្ចក្នុងការផ្ដល់សេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋតាមសង្កាត់ក្នុងរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី២២តុលានេះ។
លោកឃួងស្រេងបានបន្តទៀតថាក្នុងកំណែទម្រង់ចតុកោណតំណាក់កាលពី៤របស់រាជរដ្ឋាភិបាលគឺការបង្ខិចសេវាអោយនៅកៀកកិតជាមួយប្រជាពលរដ្ឋ។នៅថ្នាក់សង្កាត់យើងបានបង្កើតអោយមានក្រុមការងារមួយដែលមានចៅរងទី១ចៅរងទី២ក៏ដូចជាស្មៀនជាដើមនៅចាំទទួលសេវាកម្មផ្សេងៗពីប្រជាពលរដ្ឋបើសិនជាលោកចៅសង្កាត់មិននៅ។ការបង្កើតអោយមានក្រុមការងារបែបនេះធ្វើពាក្យថាចង់ជួបចៅសង្កាត់ដើម្បីអោយផ្ដល់សេវាផ្សេងៗពិបាកជាងចង់ជួបរដ្ឋមន្ត្រីនោះពាក្យនេះត្រូវបានសាបរលាប។
លោកឃួងស្រេងបានបញ្ជាក់ទៀតថាការបង្កើតអោយមានវគ្គបណ្ដុះបណ្ដាលការប្រាស្រ័យទាក់ទងនិងបដិសណ្ឋារកិច្ចក្នុងការផ្ដល់សេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋតាមសង្កាត់ក្នុងរាជធានីភ្នំពេញនេះគឺក្នុងគោលបំណងធ្វើយ៉ាងណាអោយការផ្ដល់សេវាជូនប្រជាពលរដ្ឋនេះនៅកៀកកិតជាមួយនឹងប្រជាពលរដ្ឋហើយអ្នកផ្តល់សេវាមានស្នាមញញឹមការផ្តល់សេវាមានតម្លាភាពគណនេយ្យភាពនិងទាន់ពេលវេលាទៅតាមតម្រូវការប្រើប្រាស់ចាំបាច់បងប្អូនប្រជាពលរដ្ឋ។
លោកឃួងស្រេងបានមានប្រសាសន៍បន្តឲ្យដឹងទៀតថាកន្លងមកនេះការផ្ដល់សេវាកម្មជូនប្រជាពលរដ្ឋឃើញថាមន្ត្រីរបស់យើងអនុវត្តបានល្អប្រសើរហើយប៉ុន្តែទោះបីជាយ៉ាងណាក្តីយើងត្រូវតែខិតខំបន្ថែមទៀតដើម្បីឱ្យការផ្ដល់សេវានេះកាន់តែល្អប្រសើរ។ជាងនេះទៅទៀតអ្វីដែលសំខាន់មិនអាចខ្វះបានមួយទៀតនោះគឺសាមគ្គីភាពផ្ទៃក្នុងដែលមន្ត្រីរបស់យើងទាំងអស់ត្រូវតែមានសាមគ្គីភាពផ្ទៃក្នុងទើបការអនុវត្តការងារនៅក្នុងអង្គភាពរបស់ខ្លួនទទួលបានភាពជោគជ័យ។
លោកឃួងស្រេងក្នុងឱកាសនោះដែរក៏បានបញ្ជាក់ថាសម្តេចតេជោហ៊ុនសែនបានលះបង់គ្រប់យ៉ាងសូម្បីតែជីវិតដើម្បីដណ្ដើមយកមកវិញនូវសុខសន្តិភាពនិងការអភិវឌ្ឍ។ដូច្នេះទេយើងត្រូវរួមគ្នាថែរក្សាឲ្យបានគង់វង្សនូវសន្តិភាពនេះដើម្បីទុកឲ្យកូនចៅយើងជំនាន់ក្រោយៗទៀត។
គួរបញ្ជាក់ថាវគ្គបណ្ដុះបណ្ដាលការប្រាស្រ័យទាក់ទងនិងបដិសណ្ឋារកិច្ចក្នុងការផ្ដល់សេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋតាមសង្កាត់ក្នុងរាជធានីភ្នំពេញគឺមានការចូលរួមពីអស់លោកជាចៅសង្កាត់ស្មៀនសង្កាត់ទៅ១០៥នៅក្នុងរាជធានីភ្នំពេញតែម្តងហើយនេះក៏ជាវគ្គបណ្តុះបណ្តាលតំបូងផងដែរ៕