ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីដាក់កំហិតអោយមន្ត្រី រដ្ឋបាលរាជធានីកាត់បន្ថយការធ្វើដំណើរទៅក្រៅប្រទេសខណៈរាជធានីភ្នំពេញកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ

232

ភ្នំពេញ៖អភិបាលរាជធានីភ្នំពេញលោកឃួងស្រេងបានដាក់កំហិតដល់មន្ត្រីក្រោមឧិវាទរដ្ឋបាលរាជធានីភ្នំពេញត្រូវកាត់បន្ថយការធ្វើដំណើរទៅក្រៅប្រទេសក្នុងដំណាក់កាលដែលរាជធានីភ្នំពេញកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះពិធីបុណ្យធំៗនាពេលដ៏ខ្លីខាងមុខនេះដើម្បីរួមគ្នាបំពេញភារកិច្ចឲ្យទទួលបានលទ្ធផលល្អក្នុងនោះមានបុណ្យឯករាជ្យជាតិ៩វិច្ឆិកា,ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែនិងអកអំបុកក្នុងខែវិច្ឆិកាខាងមុខនេះ។

    អ្វីដែលជាចំណុចសំខាន់មួយទៀតនោះគឺរាជធានីភ្នំពេញក៏បានត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF)លើកទី៣៩ដែលនឹងមានបណ្តាទីក្រុងជាសមាជិករបស់AIMF ប្រមាណ៣០០ទីក្រុងមកពីគ្រប់ទ្វីបមកចូលរួមដែលនឹងប្រព្រឹត្តទៅនៅដើមខែធ្នូឆ្នាំ២០១៩ខាងមុខនេះ។

    ការដាក់កំហិតដល់មន្ត្រីក្រោមឧិវាទបែបនេះរបស់លោកអភិបាលរាជធានីភ្នំពេញបានធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនៈភាពរបស់គណៈកម្មការនិងអនុគណៈកម្មការរៀបចំមហាសន្និបាតកាលពីរសៀលថ្ងៃទី២២តុលានៅសាលារាជធានីភ្នំពេញ។

    លោកឃួងស្រេងបានថ្លែងថាមហាសន្និបាតរបស់AIMFប្រព្រឹត្តទៅត្រូវនឹងខួបកំណើតលើកទី៤០ថ្ងៃបង្កើតសមាគមAIMF និងខួប៤០ឆ្នាំរបស់កម្ពុជាក្រោយថ្ងៃរំដោះពីរបបប្រល័យពូជសាសន៏ក្រោមប្រធានបទទីក្រុងដែលមានភាពធន់ការគិតគូពី  បញ្ហាប្រឈមនិងការស្ថាបនាទីក្រុងឡើងវិញ។

    លោកបានបន្តថានេះជាកិត្តិយសធំធេងណាស់សំរាប់រាជធានីភ្នំពេញក៏ដូចកិត្តិយសជាតិទាំងមូលដែលទទួលបានប្រតិភូជាង៣០០ទីក្រុងក្នុងពិភពលោកដែលធ្វើឲ្យកម្ពុជាពិសេសរាជធានីភ្នំពេញល្បីរន្ទឺលើឆាកអន្តរជាតិ។

    លោកអភិបាលបន្តទៀតថាការងារទាំងអស់យើងគិតគូរៀបចំយ៉ាងម៉ត់ចត់ទាំងការធ្វើបដិសណ្ឋារកិច្ចភ្ញៀវ,ការស្នាក់នៅរបស់ប្រតិភូ,ការរៀបចំតាំងពិពណ៏បង្ហាញពីដំណើរការអភិវឌ្ឍន៏រាជធានីភ្នំពេញ,ការរៀបចំកែលំអរសួនច្បារការតុបតែងលំអរតាមទីសាធារណៈជាដើម។ចំណុចសំខាន់បំផុតនោះគឺការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈត្រូវតែឲ្យបានល្អប្រសើរ។ដូច្នេះហើយទើបការធ្វើដំណើរទៅក្រៅប្រទេសរបស់មន្ត្រីក្រោមឧិវាទរដ្ឋបាលរាជធានីភ្នំពេញក្នុងដំណាក់កាលនេះត្រូវបានកំហិតជាចាំបាច់៕

 

អត្ថបទដែលជាប់ទាក់ទង