គម្រោងវិលចូលស្រុករបស់លោក សម រង្ស៊ី ខុសកាលពីឆ្នាំ២០១៣ ដែលត្រូវព្រះមហាក្សត្រលើកលែងទោស , សម រង្ស៊ី ប្រមាថព្រះមហាក្សត្រ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា ការបញ្ចេញមតិ ឬការរិះគន់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋអាចមានសិទ្ធិធ្វើបានមិនខុសច្បាប់នោះទេ ប៉ុន្ដែការដែលប្រមាថទៅលើអង្គព្រះមហាក្សត្រ គឺផ្ទុយនឹងច្បាប់ស្រុង ព្រោះអង្គព្រះមហាក្សត្រ ត្រូវបានការពារដោយរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលជាច្បាប់កំពូលរបស់ប្រទេស។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា សកម្មភាពគាំទ្រទាំងអស់នេះ គឺផ្ទុយនឹងច្បាប់ទាំងស្រុង ព្រោះនេះជាការបង្កចលាចល និងគំរាមកំហែង ដល់សន្ដិសុខជាតិ ដែលមិនអាចលើកលែងឲ្យបាននោះទេ។ គម្រោងវិលចូលស្រុករបស់លោក សម រង្ស៊ី ខុសកាលពីឆ្នាំ២០១៣ ដែលលោកត្រូវបានព្រះមហាក្សត្រលើកលែងទោស។
ក្រោយបញ្ចប់កិច្ចប្រជុំផ្សព្វផ្សាយ ផែនការយុទ្ធសាស្ដ្រជាតិ (២០១៩-២០២៣) ស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្ដេចក្រឡាហោម ស ខេង បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះថា យើងមិនចេះតែធ្វើប៉ាតណាប៉ាតណីដែរ យើងធ្វើ តែមុខសញ្ញាណាដែលគ្រោះថ្នាក់ធំ។ ឧទាហរណ៍ថា តាំងចិត្តដើម្បីនឹងគាំទ្រចូលរួម នៃការវិលត្រឡប់របស់លោក សម រង្ស៊ី មកវិញ ថាប្រមូលកម្លាំងដើម្បីធ្វើឲ្យចលាចលគំរាមកំហែង។ មិនមែនដូចឆ្នាំ២០១៣ទេ ដែលគាត់ មកដោយមានការលើកលែងទោស ហើយមកចូលរួមបោះឆ្នោត តាមបែបប្រជាធិបតេយ្យ អ៊ីចឹងគាត់ចូលមកស្របច្បាប់ ប្រជាជនគាត់ទៅទទួល ជារឿងធម្មតា អត់មានអីខុស ប៉ុន្ដែលើកនេះ គាត់មកមិនមែនក្នុងន័យអ៊ីចឹងទេ គឺខុសគ្នាស្រឡះ។ ឥឡូវយើងចង់បានសន្ដិភាពប៉ុណ្ណឹង ឬចង់បំផ្លាញសន្ដិភាព អ៊ីចឹងហើយអ្នកណាក៏ដោយធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខនៃរដ្ឋ សន្ដិភាព ស្ថិរភាពនៃរដ្ឋ យើងត្រូវអនុវត្តន៍ច្បាប់។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ការតស៊ូដោយសន្ដិភាព តាមបែបលទ្ធិប្រជាធិបតេយ្យ ក៏មិនខុសច្បាប់នោះដែរ ប៉ុន្ដែការដែលមានបំណង់ដើម្បីបង្កើតកងទ័ព ប្រឆាំងរាជរដ្ឋាភិបាល ប្រឆាំងកងទ័ពរបស់ជាតិ គឺជាដែលមិនច្បាប់មិនអាចលើកលែងឲ្យបាននោះឡើយ។
សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាម បានប្រកាសវិលចូលប្រទេសកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល របស់កម្ពុជា៕