ប្រជុំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ព្រះរាជពិធី បុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក និងផែនការការពារ ទប់ស្កាត់ឧបាយកលក្រុមឧទ្ទាម
ភ្នំពេញ ៖ ពាក់ព័ន្ធនឹងកិច្ចប្រជុំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ព្រះរាជពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក និងផែនការការពារ ទប់ស្កាត់ឧបាយកលក្រុមឧទ្ទាម នាយឧត្តមសេនីយ៍ នេត សាវឿន ដែលជាប្រធានអង្គប្រជុំ បានដាក់ផែនការកម្ចាត់ចោលភ្លាមចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលមានចេតនាបំផ្លិចបំផ្លាញសុវត្ថិភាព និងសន្តិសុខជាតិ។
លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញដឹកនាំ កិច្ចប្រជុំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៩ និងផែនការការពារ ទប់ស្កាត់ឧបាយកលក្រុមឧទ្ទាម ក្រៅច្បាប់ ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងរបបរាជានិយម រសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០១៩នះ នៅសាលារាជធានីភ្នំពេញ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការក្រសួងការពារជាតិ អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងអង្គរក្ស អភិបាលរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត។
លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ មានគោលបំណងសំខាន់គឺ ទី១-ដើម្បីរៀបចំការពារ សន្តិសុខនិងសណ្តាប់ធ្នាប់នៃព្រះរាជពិធីបុណ្យឯករាជ្យជាតិ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិង សំពះព្រះខែ អកអំបុក។ ទី២-ការពារ ទប់ស្កាត់ឧបាយកលរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលមានបំណងប៉ុនប៉ងយកពិធីជួបជុំសប្បាយរបស់ប្រជាពលរដ្ឋកម្ពុជា ដើម្បីធ្វើការបំផ្លិចបំផ្លាញផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងរបបរាជានិយម។ ទី៣-ការពារពិធីជួបជុំរបស់ប្រជាពលរដ្ឋទូទាំងប្រទេសពិសាអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ។
លោកបានថ្លែងបញ្ជាក់ថា កិច្ចប្រជុំនេះ បានវាយតម្លៃខ្ពស់ចំពោះសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ បច្ចុប្បន្នមានលក្ខណៈល្អប្រសើរ និងប្តេជ្ញាការពារឲ្យបានដាច់ខាតនូវ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ហើយកម្ចាត់ចោលភ្លាមចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលមានចេតនាបំផ្លិចបំផ្លាញសុវត្ថិភាព និងសន្តិសុខជាតិ៕