បង្ហាញមុខជនសង្ស័យខ្មែរនិងចិន៧នាក់ លួចកាច់សោកម៉ូតូ
ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ បានបង្ហាញមុខជនសង្ស័យ៧នាក់ ដែលធ្វើសកម្មភាព លួចកាច់បំបែកសោកម៉ូតូ យ៉ាងសកម្មក្នុងខេត្តព្រះសីហនុ។
ជនសង្ស័យទាំង៧នាមខាងលើនេះ បានធ្វើសកម្មភាពចំនួន ៣ ករណី ផ្សេងគ្នា ហើយជនល្មើសមានទាំងជនជាតិខ្មែរ និងជនជាតិចិន។
របាយការណ៍ របស់ស្នងការនគរបាលខេត្តព្រះសីហនុ បង្ហាញថា៖
ករណីទី១៖ អំពើចោរកម្ម (លួចកាច់បំបែកសោកម៉ូតូ) ប្រព្រឹត្តដោយជនសង្ស័យជនជាតិចិន ២នាក់ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៩ និង ០០នាទី នៅចំណុចមុខកាស៊ីណូ PEARL ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ អំពើចោរកម្ម (លួចកាច់បំបែកសោ កម៉ូតូ) មួយករណីនេះ បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងម៉ាកអ៊ែរប្លេត ពណ៌ក្រហម-ស គ្មានផ្លាកលេខ មានលេខតួ RLHJF468DY611354 និងលេខម៉ាស៊ីន JF46E-421968 គឺបានលួយ ពីជនរងគ្រោះឈ្មោះ SHYAM GURUNG ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិនេប៉ាល់ មុខរបរបុគ្គលិកកាស៊ីណូ PEARL មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ខណៈជនរងគ្រោះចតម៉ូតូចោលនៅមុខកាស៊ីណូ PEARL រួចជិះគេចខ្លួនបាត់។
បទល្មើសនេះ បន្ទាប់ពីសមត្ថកិច្ចទទួលបានបណ្តឹង របស់ជនរងគ្រោះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលប៉ុស្តិ៍សង្កាត់លេខ៣ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឃាត់ខ្លួនបានជនសង្ស័យជាជនជាតិចិន ចំនួន០២នាក់ និងដកហូតបានវត្ថុតាងម៉ូតូដែលបាត់បានមួយចំនួនទៀត។
ជនសង្ស័យទាំង២នាក់នេះ មាន ឈ្មោះ LI ZHI QIANG ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកអនឡាញ មានទីលំនៅភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ លិខិតឆ្លងដែន (គ្មាន) និងឈ្មោះ RONG XIAO MING ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកអនឡាញ មានទីលំនៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ លិខិតឆ្លងដែនលេខ EB5713034។
សមត្ថកិច្ចនគរបាលបន្តថា ចំពោះវត្ថុតាងចាប់យកបានរួមមាន៖ ម៉ូតូ ០១គ្រឿង ម៉ាក អ៊ែរប្លេត ពណ៌ក្រហម-ស គ្មានផ្លាកលេខ មានលេខតួ RLHJF468DY611354 និងលេខម៉ាស៊ីន JF46E-421968។ (ផលនៃអំពើលួច) ទូរស័ព្ទដៃចំនួន ០២គ្រឿង ម៉ាក XiaoMi ពណ៌ខ្មៅ ខ្សែក្រវ៉ាត់ចំនួន ០២ខ្សែ លិខិតឆ្លងដែនចំនួន ០២ ក្បាល (ឈ្មោះ RONG XIAO MING និងឈ្មោះ LIAO BO ) ម៉ាសពណ៌ខ្មៅចំនួន ០១ថង់ កាតធនាគារចំនួន ០១ សោម៉ូតូចំនួន ០២គ្រាប់។
ចំពោះម៉ូតូ ០១គ្រឿង ម៉ាក អ៊ែរប្លេត ពណ៌ក្រហម-ស គ្មានផ្លាកលេខ មានលេខតួ RLHJF468DY611354 និងលេខម៉ាស៊ីន JF46E-421968។ ចំពោះ សម្ភារៈខាងលើនេះ សមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញ ដោយមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។
ករណីទី២៖ អំពើចោរកម្ម (លួចកាច់បំបែកសោកម៉ូតូ) ប្រព្រឹត្តដោយជនសង្ស័យជនជាតិចិន៣នាក់ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៤ និង ០០នាទី។ ហើយថា កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់ ជាជនជាតិចិន នៅចំណុច ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ដែលពាក់ព័ន្ធនឹងករណី ចោរកម្ម (លួចម៉ូតូដោយកាច់បំបែកសោ) កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ ២០១៩ វេលាម៉ោង ០៧ព្រឹក នៅចំណុច វិមានឯករាជ្យ ស្ថិតនៅភូមិ ៣ សង្កាត់ ៣ ក្រុង-ខេត្តព្រះសីហនុ ។
ជនសង្ស័យទាំង ០៣នាក់មានឈ្មោះ CHU LIANG ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (គ្មាន) មានទីលំនៅ មិនពិតប្រាកដ។ ឈ្មោះ TAN KAI ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (គ្មាន) មានទីលំនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ និងឈ្មោះ XU YING BIAO ហៅ SA BIAO ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (គ្មាន) មានទីលំនៅ មិនពិតប្រាកដ។
ចំពោះវត្ថុតាង ដែលសមត្ថកិច្ចចាប់យកបានរួមមាន៖ ដែកច្នៃសម្រាប់កាច់បំបែកសោម៉ូតូ ចំនួន០២ដើម ម៉ូតូ ០៤គ្រឿង ម៉ាក AIR BLADE ពណ៌ក្រហម-ស គ្មានផ្លាកលេខ មានលេខតួ: 550637 ម៉ាក AIR BLADE ពណ៌ខ្មៅ គ្មានផ្លាកលេខ មានលេខតួ: 322286
ម៉ាក CLICK ពណ៌ខ្មៅ គ្មានផ្លាកលេខ មានលេខតួ: 0073635 ម៉ាក AIR BLADE ពណ៌ស គ្មានផ្លាកលេខ មានលេខតួ: 053769។
ដោយឡែកចំពោះករណីទី៣៖ អំពើចោរកម្ម (លួចកាច់បំបែកសោកម៉ូតូ) ប្រព្រឹត្តដោយជនសង្ស័យជនជាតិខ្មែរ ២នាក់ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ០៣ និង ០០នាទីទៀបភ្លឺ នៅចំណុចសណ្ឋាគារ YIJIA ស្ថិតនៅម្តុំសេតេ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានករណី អំពើចោរកម្ម ( លួចកាច់បំបែកសោកម៉ូតូ ) មួយបានកើតឡើង បង្ក ដោយជនសង្ស័យ ០២នាក់ មិនស្គាល់អត្តសញ្ញាណ។ ក្រុមជនសង្ស័យបានធ្វើសកម្មភាពកាច់សោកម៉ូតូ ០១គ្រឿង ម៉ាក VISION ពណ៌ស គ្មានផ្លាកលេខ ជារបស់ជនរងគ្រោះឈ្មោះ WANG HUI ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកសណ្ឋាគារ មានទីលំនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ រួចជិះគេចខ្លួនបាត់ទៅ ។ ប៉ុន្តែក្រោយកើតហេតុរួច កម្លាំង
សមត្ថកិច្ច ក៏បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ នៅកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅចំណុច ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។
សមត្ថកិច្ចនគរបាលឲ្យដឹងថា ជនសង្ស័យទាំង២នាក់ មានឈ្មោះសេង ឈិន ហៅ ស្នា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ និងឈ្មោះ សៅ សាង ហៅ លៀង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។
ចំពោះវត្ថុតាងចាប់យកបានរួមមាន៖ ម៉ូតូចំនួន ០៤គ្រឿង៖ (ផលនៃអំពើលួច) ម៉ាក ហុងដាឌ្រីម សេ១២៥ ០១គ្រឿង ពណ៌ខ្មៅ បិតតែមឆ្នាំ២០១៧ ផ្លាកលេខៈ ព្រះសីហនុ 1H-2556 ម៉ាក ស្កូបពី ០១គ្រឿង ពណ៌ស គ្មានផ្លាកលេខ ម៉ាក ស្កូបពី ០១គ្រឿង ពណ៌ក្រហម គ្មានផ្លាកលេខ ម៉ាក វីននើ ០១គ្រឿង ពណ៌លឿង គ្មានផ្លាកលេខ ផ្លាកលេខម៉ូតូចំនួន ០២សន្លឹក ឧបករណ៍ជួសជុលម៉ូតូ មួយចំនួន។
សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ចំពោះបទល្មើសខាងលើនេះ សមត្ថកិច្ចជំនាញ នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំង ៣ករណី ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ៕