អតីតមន្ត្រីសុរិយោដីខេត្តប៉ៃលិនម្នាក់ ជាប់ក្នុងគុកហើយ វាយទណ្ឌិតដូចគ្នារបួស៣នាក់ទៀត
ប៉ៃលិន៖ ជនជាប់ចោទឈ្មោះ រឿន ចរិយា ជាអតីតមន្ត្រីនៃមន្ទីររៀបចំដែនដីខេត្តប៉ៃលិន ដែលកំពុងជាប់ក្នុងពន្ធនាគារ បានប្រើអំពើហិង្សា វាយទណ្ឌិតដូចគ្នា ឲ្យរងរបួសចំនួន៣នាក់ នៅក្នុងពន្ធនាគារ។
សាច់ញាតិជនជាប់ចោទ និងមេធាវីការពារក្តីឲ្យស្ត្រីបោកប្រាស់ ជាអតីតមន្ត្រី នៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តប៉ៃលិន ដែលកំពុងជាប់ក្នុងពន្ធនាគារ រឿងឆបោកប្រាក់គេ និងធ្លាប់វាយអ្នកទោសក្នុងពន្ធនាគារឯខេត្តប៉ៃលិន បានស្នើសុំនៅក្រៅឃុំ។ ប៉ុន្តែអគ្គព្រះរាជអាជ្ញាមហាអយ្យការអមសាលាឧទ្ធរណ៍ បានបើកសវនាការសាកសួរលើសំណុំរឿងនេះ ដោយសម្រេចមិនអនុញ្ញាតឲ្យនៅក្រៅឃុំនោះទេ ។
ក្នុងអង្គសវនាការជំនុំជម្រះ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ កន្លងមកនេះ អគ្គព្រះរាជអាជ្ញាមហាអយ្យការអមសាលាឧទ្ធរណ៍ បានបើកសវនាការសាកសួរលើសំណុំរឿងស្ត្រីឈ្មោះ រឿនចរិយា អាយុ៣២ឆ្នាំ ពាក់ព័ន្ធករណីឆបោកប្រាក់ប្រជាពលរដ្ឋអស់រាប់សែនដុល្លារ កាលពីថ្មីៗនេះ ហើយបានសម្រេចមិនអនុញ្ញាតឲ្យមានការដោះលែងជនត្រូវចោទម្នាក់នេះ នៅក្រៅឃុំឡើយ ។
ស្ត្រីជាប់ចោទឈ្មោះ រឿន ចរិយា ប្រឈមមុខតាមផ្លូវច្បាប់រឿងបោកប្រាស់លុយគេរាប់សែនដុល្លារ ចំនួន៥បណ្តឹងប៉ុណ្ណោះ។ ស្ត្រីជាប់ចោទរូបនេះ មានបទល្មើសថ្មីបន្ថែមទៀត ក្នុងករណីប្រើអំពើហិង្សា វាយទណ្ឌិតដូចគ្នា ឲ្យរងរបួសចំនួន៣នាក់ នៅក្នុងពន្ធនាគារ។
ឈ្មោះ រឿន ចរិយា ជាអតីតមន្ត្រី នៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តប៉ៃលិន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ហើយត្រូវតុលាការកាត់ទោសឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ៕