សម្តេចតេជោបានដំឡើងប្រាក់បៀវត្សអប្បបរមា ជូនមន្ត្រីរាជការស៊ីវិល គ្រូបង្រៀន គ្រូពេទ្យ នគរបាលជាតិ និងយោធិន នៅឆ្នាំ២០២០
ភ្នំពេញ៖ យោងសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃ ទី២៥ ខែតុលា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែគិតគូរបំផុតចំពោះជីវភាពរបស់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងនោះសម្តេចតេជោបានដំឡើងប្រាក់បៀវត្សរ៍អប្បបរមា ជូនមន្ត្រីរាជការស៊ីវិល គ្រូបង្រៀន គ្រូពេទ្យ នគរបាលជាតិ និងយោធិន នៅឆ្នាំ២០២០ ដូចខាងក្រោម៖
១- បៀវត្សរ៍មន្ត្រីរាជការស៊ីវិល៖ ដំឡើងពីប្រមាណ ១.១០០.១០០រៀល នៅឆ្នាំ២០១៩ ដល់ប្រមាណ ១.១៤២.៥០០រៀល នៅខែមករា ឆ្នាំ២០២០ ហើយចាប់ពីខែមេសា ឆ្នាំ២០២០ នឹងដំឡើងដល់ ១.១៧២.៥០០រៀល។
២- គ្រូបង្រៀន និងគ្រូពេទ្យ៖ ដំឡើងពីប្រមាណ ១.២០០.១០០រៀល នៅឆ្នាំ២០១៩ ដល់ប្រមាណ ១.២៤២.៥០០រៀល នៅខែមករា ឆ្នាំ២០២០ ហើយចាប់ពីខែមេសា ឆ្នាំ២០២០ នឹងដំឡើងដល់ ១.២៧២.៥០០រៀល។
៣- នគរបាលជាតិ (ពលបាលត្រី)៖ ដំឡើងពីប្រមាណ ១.១៨៤.៥៧៧រៀល (ដោយគិតបញ្ចូលរបបអង្ករ) នៅឆ្នាំ២០១៩ ដល់ប្រមាណ ១.២២៦.៩៧៧រៀល (គិតបញ្ចូលរបបអង្ករ) នៅខែមករា ឆ្នាំ២០២០ ហើយចាប់ពីខែមេសា ឆ្នាំ២០២០ នឹងដំឡើងដល់ ១.២៥៦.៩៧៧រៀល (គិតបញ្ចូលរបបអង្ករ)។
៤- យោធិន (ពលទោ)៖ ដំឡើងពីប្រមាណ ១.០៥៥.៩០០រៀល នៅឆ្នាំ២០១៩ ដល់ប្រមាណ ១.០៩៣.៥០០រៀល នៅខែមករា ឆ្នាំ២០២០ (មិនគិតបញ្ចូលរបបអង្ករ) ហើយចាប់ពីខែមេសា ឆ្នាំ២០២០ នឹងដំឡើងដល់ ១.១២៣.៥០០រៀល (មិនគិតបញ្ចូលរបបអង្ករ) ហើយបើគិតបញ្ចូលរបបអង្ករត្រូវជាប្រមាណ ១.១៨១.៩៧៧រៀល។
សម្រាប់ឆ្នាំ២០២០ ប្រាក់បំណាច់របស់មន្ត្រីជាប់កិច្ចសន្យានឹងត្រូវបានដំឡើងដល់ចំនួន ៦៧០.០០០រៀល៕