នរណាជាជើងខ្លាំងទី១៣ និងទី១៤ ?
ភ្នំពេញ:ការប្រកួតជម្រុះជុំទី១នៃព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement កាន់តែឈានទៅកាន់ទីបញ្ចប់ហើយ ។
សម្រាប់ថ្ងៃទី២១កក្កដានេះជាការប្រកួតស្វែងរកអ្នកខ្លាំងទី១៣ និងទី១៤ដើម្បីឡើងទៅប្រកួតបន្តវគ្គជម្រុះជុំទី២ ។ផង់ សាម៉ាឡេ របស់ក្លិបនាគរាជកីឡាត្រូវជួបប្រកួត ជាមួយអ្នកប្រដាល់សំ ភក្ដីរបស់ក្លិបរ៉ាហាប់ស្វាយប៉ាក។
អ្នកប្រដាល់ទាំង២រូបនេះមិនសូវមាននរណាស្គាល់ទេ ព្រោះនេះជាលើកដំបូងហើយដែល គេចូលរួមប្រកួតដណ្ដើមពានរង្វាន់ដែលម្ចាស់ពាន មានប្រាក់រង្វាន់អមចំនួន៤.០០០ដុល្លារ ។ ទំនងពួកគេមិនមែនជាអ្នកប្រដាល់ទន់ខ្សោយទេ មើលទៅបានជាក្លិប ពិសេសគ្រូបង្វឹករបស់គេដាក់ ឲ្យចូលរួមប្រកួតដណ្ដើមពានរង្វាន់បែបនេះ ។
បើតាមការឲ្យដឹងពីមន្ត្រីផ្គូរផ្គងនោះថា ពួកគេជាអ្នកប្រដាល់ស្រករក្រោយមែន តែក្លាហានណាស់ហើយនៅលើសង្វៀន គេចូលចិត្តប្រើកម្លាំង វាយប្រហារលើគុប្រកួតដោយគ្មានសំចៃឡើយ ។អ្នកប្រដាល់ជើងថ្មីទាំង២រូបនេះនរណាខ្ទាតចេញ ពីការប្រកួតហើយនរណាកក់កៅអីសម្រាប់ជុំទី២ ?
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរឡុង ឡាក្លិបអប់រំកាយស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជួបជាមួយអ្នកប្រដាល់កុយ ចាន់តូក្លិបគីសែមានរិទ្ធ ។
អ្នកប្រដាល់ទាំង២រូបនេះសុទ្ធតែជាជើងចាស់ដូចគ្នា តែឡុង ឡាមិនសូវបង្ហាញមុខនៅភ្នំពេញទេ ឯ ចាន់តូគេមានឱកាសប្រកួតច្រើននៅភ្នំពេញ តែចាន់តូជាអ្នកប្រដាល់ ដែលអន់បំផុត។ចាន់តូការប្រកួតរបស់គេភាគច្រើនគឺបរាជ័យ គេមិនសូវមានក្បាច់អ្វី ដើម្បីវាយប្រហារគូប្រកួតឡើយ មិនតែប៉ុណ្ណោះចិត្តរបស់គេមិនសូវធំ ហើយ គេចូលចិត្តការពារច្រើនជាងវាយលុក ។
ឡុង ឡាគេមកប្រកួតនៅភ្នំពេញម្ដងៗភាគច្រើន គឺបានទទួលជ័យជំនះ ។ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះ មិនដឹងថានរណាជាអ្នកដើរចេញនោះឡើយ ។សូមបញ្ជាក់ថាពេលនេះក្នុងចំណោម អ្នកប្រដាល់ចំនួន៣២រូប ដែលចូលរួមប្រកួតជម្រុះជុំទី១មាន១២រូប ហើយដែលបានកក់កៅអីសម្រាប់ជុំទី២ ហើយក៏មានអ្នកប្រដាល់១២រូបដែរ ដែលខ្ទាតចេញពីការប្រកួត ។
ការប្រកួតជាមិត្តភាពអន្តរជាតិវិញនោះអ្នកខ្លាំងជើងថ្មីពុយ វណ្ណៈ ក្លិបឃ្លាំងមឿងកីឡា ប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃអារ៉ាំ ប៊យ(Aram Boy)ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ៕