លោកស្រី មូរ សុខហួរ ប្រាប់សកម្មជនទាំងអស់ សូមផ្អាកផែនការវិលត្រឡប់នៅថ្ងៃទី៩ ខែវិច្ឆិកា ព្រោះខ្លាចគេចាប់ខ្លួន
ភ្នំពេញ៖លោកស្រី មូរ សុខហួរ ខ្លាច មិនហ៊ានមកដល់កម្ពុជា ត្រូវអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួន ក្នុងអំពើក្បត់ជាតិ។ លោកស្រី មូរ សុខហួរ រត់ទៅដល់អាមេរិកវិញហើយនោះ បាននិយាយថា សកម្មជនទាំងអស់ សូមផ្អាកផែនការនៃការវិលត្រឡប់នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដែលកំណត់ដោយលោកប្រធាន សម រង្ស៊ីសិន ដើម្បីការពារខ្លួនពីសំណាញ់ច្បាប់។
លោកស្រី មូរ សុខហួរ មនុស្សជំនិតរបស់ទណ្ឌិត សម រង្ស៊ី និងជាអតីតអនុប្រធានគណបក្សសង្រ្គោះជាតិ បានរត់ទៅដល់សហរដ្ឋ អាមេរិកវិញហើយ នៅថ្ងៃទី២៤ ខែ តុលា ឆ្នាំ២០១៩ ក្រោយផែនការប៉ុន ប៉ងធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាលកម្ពុជា បានបរាជ័យនៅលើទឹកដីប្រទេសថៃ តាមរយៈអាជ្ញាធរថៃបិទមិនឲ្យចូលទឹកដីរបស់ខ្លួន។ លោកស្រី ថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមួយចំនួន ដែលកំពុងមានវត្តមាននៅ ក្នុងតំបន់អាស៊ីក៏មិនទាន់ហ៊ានធ្វើដំណើរដោយសេរីទេ ព្រោះអាចប្រឈមមុខនឹងការចាប់បញ្ជូន ឬត្រូវបានគេបណ្តេញចេញ។
បើតាមសេចក្តីប្រកាសព័ត៌មាន របស់គណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ អនុប្រធាន គណបក្សសង្គ្រោះជាតិ សូមជម្រាបជូនបងប្អូនពលរដ្ឋខ្មែរទាំងនៅក្រៅប្រទេស និងក្នុងប្រទេសកម្ពុជាថា “ខ្ញុំបានមកដល់ទឹកដីសហរដ្ឋអាមេរិកវិញហើយបន្ទាប់ពីត្រូវបានអាជ្ញាធរថៃបានហាមឃាត់មិនឱ្យខ្ញុំឆ្លងព្រំដែន ឬចាកចេញពីព្រលានយន្តហោះឡើយ ដោយបានលើកហេតុផលថា ខ្ញុំស្ថិតនៅក្នុងបញ្ជីខ្មៅដែលត្រូវបានហាមឃាត់។ ជំនួសដោយការធ្វើដំណើរទៅកាន់ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ដែលអាចត្រូវអាជ្ញាធរនៅទីនោះ បណ្តេញចេញម្តងទៀត ខ្ញុំបានសម្រេចចិត្តវិលត្រឡប់ត្រឡប់មកកាន់សហរដ្ឋអាមេរិក។ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមួយចំនួន ដែលកំពុងមានវត្តមាននៅ ក្នុងតំបន់អាស៊ីក៏មិនទាន់ហ៊ានធ្វើដំណើរដោយសេរីទេ ព្រោះអាចប្រឈមមុខនឹងការចាប់បញ្ជូន ឬត្រូវបានគេបណ្តេញចេញ។
លោកស្រី សូមជម្រាបថា ក្នុងនាមជាប្រធានគណៈកម្មការរៀបចំដំណើរវិវត្តន៍របស់លោកប្រធានស្តីទីគណបក្សសង្គ្រោះជាតិ សម រង្ស៊ី មើលឃើញថា ស្ថានភាពនៃការវិលត្រឡប់មកវិញនេះប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជាចំណាត់ការផ្លូវច្បាប់របស់រដ្ឋាភិបាល នៃប្រទេសនានារាប់ទាំងរបបក្រុងភ្នំពេញប្រឆាំងនិងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដោយចោទប្រកាន់ពីបទឧបឃាត និងការរួមគំនិតក្បត់ ក៏ដូចជាការបែកបាក់ផ្ទៃក្នុងខ្ទេចខ្ទីនៃគណបក្សសង្គ្រោះជាតិទាំងរចនាសម្ព័ន្ធចាស់ ដែលជាការចងសម្ព័ន្ធភាពជាមួយ
លោកប្រធាន កឹម សុខា និងរចនាសម្ព័ន្ធថ្មីក្រោយលោកប្រធាន សម រង្សី បានឡើងដឹកនាំគណបក្សសង្គ្រោះជាតិ ក្នុងនាមប្រធានស្តីទីតាមរយៈសន្និបាតពិភពលោក បក្សសង្គ្រោះជាតិ កាលពីខែធ្នូឆ្នាំ២០១៨។
ការលំបាកនេះ ដោយសារតែមួយផ្នែកផែនការបដិវត្តន៍ពណ៌ ដែលរៀបចំឡើងក្រោមលេសនៃការវិលត្រឡប់មកវិញរបស់លោកប្រធាន សម រង្ស៊ី ត្រូវបានបែកការណ៍ ហើយសកម្មភាពដែលបានទទួលផែនការផ្ទាល់ពីលោកប្រធាន នៅប្រទេសម៉ាឡេស៊ីខ្លះត្រូវបានចាប់ខ្លួន និងខ្លះទៀតត្រូវបានរត់គេចខ្លួន។
ក្នុងនាមជាប្រធានគណៈកម្មការមាតុភូមិនិវត្តន៍ លោកស្រី មូរ សុខហួរ សូមអំពាវនាវដល់សកម្មជន សូមផ្អាកផែនការនៃការវិលត្រឡប់នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដែលកំណត់ដោយលោកប្រធាន សម រង្ស៊ីសិនដើម្បីការពារខ្លួនពីសំណាញ់ច្បាប់។
លោកស្រី មូរ សុខហួរ ដែលពេលនេះបានធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកវិញហើយ នេះបើតាមការអះអាងរបស់ លោក ស្រីប្រាប់វិទ្យុបារាំងអន្តរជាតិ RFI យ៉ាងដូច្នេះ។ កាលពីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ លោកស្រី មូរ សុខហួរ បានសារភាពថា លោកស្រីពិតជាត្រូវនគរបាលអន្តោរប្រវេសន៍ថៃ មិនអនុញ្ញាតឱ្យចូលទៅកាន់ ប្រទេសថៃពិតប្រាកដមែន។ លោកស្រី មូរ សុខហួរ បានអះអាងឲ្យដឹងយ៉ាងដូច្នេះថា ពួកគេបានឱ្យខ្ញុំស្ថិតនៅក្នុងបន្ទប់ពិសេសមួយ ពួកគេ (អាជ្ញាធរថៃ) នៅតាមឃ្លាំមើលខ្ញុំ ហើយបន្ទាប់មកទៀតបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ Malaysian Airlines បានប្រឹងប្រែងស្វែងរកជើងហោះហើរថ្មី ឱ្យខ្ញុំត្រឡប់ទៅកាន់ទីក្រុងគូឡាឡាំពួរវិញ។ នគរបាលអន្តោប្រវេសន៍ថៃ កាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១៩ បានបិទមិនឱ្យលោកស្រី មូរ សុខហួរ ហោះចូលទៅកាន់ប្រទេសរបស់ខ្លួននោះទេ ដោយសារតែលោក ស្រីមានឈ្មោះនៅក្នុងបញ្ជីខ្មៅជាមួយទណ្ឌិត សម រង្ស៊ី មេរដ្ឋប្រហារខុសច្បាប់ប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។
លោកស្រី មូរ សុខហួរ ជាអតីតអនុប្រធានគណបក្សសង្រ្គោះជាតិ គឺជាបុគ្គលសំខាន់មួយរូប ក្នុងការចូលរួមរៀបចំផែនការធ្វើរដ្ឋប្រហារខុសច្បាប់របស់ លោក សម រង្ស៊ី ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា ។ កាលពីពេលថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជូនសាលដីកាអំពីការចាប់ខ្លួនលោក សម រង្ស៊ី និងបក្ខពួកទៅកាន់ ប្រទេសជាសមាជិកអាស៊ានទាំងអស់រួចហើយ។ ផ្អែកតាម មាត្រា២ នៃធម្មនុញអាស៊ាន បានចែងថា រដ្ឋជាសមាជិកអាស៊ាន មិនត្រូវចូលរួមក្នុងគោលនយោបាយ ឬសកម្មភាពណាមួយ ដែលរួមមានការដាក់ឱ្យប្រើប្រាស់នូវទឹកដីរបស់ខ្លួនឱ្យរដ្ឋសមាជិកអាស៊ាន ឬរដ្ឋមិនមែនជាសមាជិកអាស៊ាន ឬឱ្យតួអង្គដទៃទៀតដែលពុំមែនជារដ្ឋ គំរាមគំហែងដល់អធិបតេយ្យភាព បូរណភាពទឹកដី ឬស្ថិរភាពសេដ្ឋកិច្ច និងនយោបាយរបស់រដ្ឋសមាជិកអាស៊ានណាមួយឡើយ។ កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនទណ្ឌិត សម រង្ស៊ី និងភរិយា រួមនិងមនុស្សជំនិត៧រូបផ្សេងទៀត ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ ជនដែលត្រូវបានតុលាការបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួននេះរួម មាន ៖ ទណ្ឌិត សម រង្ស៊ី និងភរិយា លោកស្រី ជូឡុង សូមួរ៉ា, លោក អេង ឆៃអ៊ាង, លោកស្រី មូរ សុខហួរ, លោក អ៊ូ ច័ន្ទឫទ្ធិ, លោក ហូរ វ៉ាន់, លោក ឡុង រី, លោក ម៉ែន សុថាវរិន្ទ្រ និងលោក នុត រំដួល។ ជនត្រូវចោទទាំង៩រូប ត្រូវបានចោទប្រកាន់នៅ ក្នុងសំណុំរឿងព្រហ្មទណ្ឌពីបទ ឧបឃាត ដោយយោងតាមមាត្រា ២៧ និង ៤៥១នៃក្រមព្រហ្មទណ្ឌ៕ដោយ៖បញ្ញាស័ក្តិ