អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យពាក់ព័ន្ធឃាតកម្ម ១នាក់ ទៅតុលាការ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ លើករណីឃាតកម្មគិតទុកជាមុន យកដុំថ្មគប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសបែកក្បាលហូរឈាមធ្ងន់ធ្ងរ រហូតស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។
ជនសង្ស័យឈ្មោះ មិ ភៀន ហៅស្កូវ ភេទប្រុស អាយុ ២៩ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថមូលដ្ឋានខណ្ឌព្រែកព្នៅ សហការជាមួយសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៦:០០នាទី នៅចំណុចភូមិសែខសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើជនរងគ្រោះ ឈ្មោះ ម៉ុន រតនៈ ហៅកាមុត ភេទប្រុស អាយុ ១៧ឆ្នាំ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៩:០០នាទី ត្រូវចំក្បាលបណ្តាល់ឲ្យរងរបួសបែកក្បាល ហូរឈាមធ្ងន់ធ្ងរ រហូតស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។
ក្រោយពេលឃាត់ខ្លួនបាន រូបគេបានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា គឺពិតជាបានយកដុំថ្មគប់ទៅលើជនរងគ្រោះពិតប្រាកដមែន តែពុំដឹងថាបណ្តាលឲ្យជនរងគ្រោះស្លាប់នោះទេ។ មុនពេលធ្វើសកម្មភាព រូបខ្លួន បានអង្គុយផឹកស្រាជាមួយមិត្តភក្តិ ឈ្មោះ អ៊ឹម វីរៈ ហៅញ៉ាញ់ ភេទប្រុស នៅក្នុងរោងលក់សាំង ទល់មុខកន្លែងផ្ទេរសំរាមស៊ីនទ្រី ផ្លូវបេតុង ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ លុះផឹកបានមួយសន្ទុះ រូបគេបានចេញមកក្រៅរោង ដោយកាន់ដុំថ្មប៉ុនកំភួនជើងជាប់នឹងដៃ បន្ទាប់មករូបគេបានឃើញមានអ្នកជិះម៉ូតូធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក៏គប់ទៅលើអ្នកធ្វើដំណើរនោះតែម្តង។ ជនសង្ស័យខាងលើ បានបញ្ជាក់បន្ថែមទៀតថា រូបគេ និងជនរងគ្រោះពុំមានទំនាស់គំគួន ឬប្លន់យកទ្រព្យសម្បត្តិអ្វីនោះទេ តែដោយសារតែរូបគេ ប្រើប្រាស់គ្រឿងញៀនផង ផឹកស្រាស្រវឹងផង និងមានទំនាស់ជាមួយប្រពន្ធផង ក៏កើតចិត្តកំហឹងបែបនឹងតែម្តង រីឯឈ្មោះ អ៊ឹម វីរៈ ហៅញ៉ាញ់ ពុំមានជាប់ពាក់ព័ន្ធជាមួយករណីខាងលើនោះទេ៕ដោយ៖កូឡាប