លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់៖ បច្ចុប្បន្នបងប្អូនខ្មែរឥស្លាម មានតម្លាភាពទទួលចំណេះដឹង អប់រំ ប្រកបដោយសុខដុមរម្យនា
ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានបញ្ជាក់ថា៖
បច្ចុប្បន្នបងប្អូនសហគមន៏ខ្មែរឥស្លាម កំពុងទទួលបានតម្លាភាព វិស័យអប់រំ ប្រកបដោយសុខដុមរម្យនា ។ លោកអូស្មាន ហាស្សាន់ បានបញ្ជាក់បែបនេះខណៈ លោកចូលរួមជាអធិបតីភាព ក្នុងពិធីបិទវគ្គបំពាក់បំប៉នប្រព័ន្ធអប់រំឥស្លាមកម្ពុជា និងប្រគល់វិញ្ញាបនបត្រកម្រិតបឋមសិក្សា ផ្នែកសាសនាដល់សិស្សជ័យលាភី គម្ពីរអាល់គួរអាន និងសៀវភៅសិក្សាផ្នែកសាសនាឥស្លាម ដល់គណៈអ៊ីម៉ាំខេត្ត នាយក និងគ្រូបង្រៀនខ្មែរឥស្លាមទូទាំងប្រទេស។ ពិធីនេះត្រូវបានរៀបចំឡើងដោយ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនា ឥស្លាមកម្ពុជា នៅឯបរិវេណវិហារឥស្លាមគីឡូម៉ែតលេខ៩ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានអ្នកចូលរួម ទាំងភ្ញៀវជាតិ និងអន្តរជាតិប្រមាណ៤០០ នាក់ កាលពីថ្ងៃចន្ទ១កើត ខែកត្ដិក ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនិងថ្ងៃទី២៨ តុលា ឆ្នាំ២០១៩ ។
ក្នុងនោះក៏មានការចូលរួមពីស្ថាប័នចំនួន៤ មកពីប្រទេសម៉ាឡេស៊ីរួមមាន JAIS, MAIS, PKNS, និង ZAKAT SELANGOR ក្រោយពីបានបញ្ចប់វគ្គសិក្ខាសាលាចំនួនពីរថ្ងៃ គឺនៅថ្ងៃទី២៦ និង២៧ ខែតុលា ថ្មីៗនេះ ដែលមានសិក្ខាកាមចូលរួម ៥៨នាក់ ជាគណៈអ៊ីម៉ាំខេត្ត នាយក និងគ្រូបង្រៀនឥស្លាមទូទាំប្រទេស។
លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានឲ្យដឹងថា គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានរៀបចំប្រឡងសិស្សឥស្លាមផ្នែកសាសនាថ្នាក់ទី ៦ ជាជំហានសាកល្បងក្នុងរាជធានី ខេត្តចំនួន៦ សម្រាប់ឆ្នាំសិក្សា២០១៧- ២០១៩ ដើម្បីបញ្ចប់កម្រិតបឋមសិក្សា ដែលមាន ពីរវគ្គ គឺប្រឡងផ្ទាល់មាត់រយៈពេលមួយខែនៅក្នុង ខែកក្តដា និងប្រឡងប្រលងជាសំណេរ នៅថ្ងៃទី ២៦ ដល់ ២៨ ខែសីហា ទៅលើមុខវិជ្ជាចំនួន៦ ក្នុងនោះរួមមាន ការទន្ទេញចាំមាត់គម្ពីអាល់គួរអាន តាវហ៊ីត ហ្វីកោះ អាខ្លើក ភាសាអារ៉ាប់ និងតាជ្ជវីត ដែលមានសិស្សចូលរួមប្រឡងចំនួន ២២៦ នាក់ស្រី ១៦៧។ លទ្ធផលផ្លូវការនៃការប្រឡងគឺ សិស្សដែលប្រឡងជាប់ចំណាត់ថ្នាក់ល្អណាស់មាន ២៩នាក់ស្មើនឹង ១០.៨២% ចំណាត់ថ្នាក់ល្អមាន ៨៤នាក់ស្មើនឹង ៣០.៣៤% ចំណាត់ថ្នាក់ល្អបង្គួរមានចំនួន ៧១ នាក់ស្មើនឹង ២៦.៤% ចំណាត់ថ្នាក់មធ្យមមានចំនួន ៤៦ នាក់ស្មើនិង ១៧.១៦%។ សម្រាប់សិស្សជ័យលាភីដែលមានពិន្ទុខ្ពស់បំផុតមានចំនួន ៦នាក់ ស្រី ៣នាក់។ សាលាដែលទទួលបានចំណាត់ថ្នាក់ល្អសម្រាប់ឆ្នាំ ២០១៩ នេះគឺ សាលា អាន់នៀកម៉ាទិលឥស្លាមីយ៉ះភូមិរការ សាលាអាន់នៀកម៉ះភូមិចាមលើ និងសាលាអាន់នៀកម៉ះចាមក្រោម។
លោកឧកញ៉ាក៏បានបញ្ជាក់ថា៖ ស្ថាប័នឥស្លាមរដ្ឋស្លាងរ (JAIS ) បានជួយរៀបចំកម្មវិធីសិក្សាពីថ្នាក់ទី ១ ដល់ថ្នាក់ទី៦ ថែមទាំងជួយចាត់ចែងការប្រឡងខាងលើផងដែរ។ ក្រុមហ៊ុនអភិវឌ្ឍន៍រដ្ឋស្លាងរ (PKNS) បានជួយបោះពុម្ពសៀវភៅប្រវត្តវិទ្យា ចំនួន ៨,០០០ក្បាល មានតម្លៃស្មើនឹង ១០,៨០០ ដុល្លារសម្រាប់ប្រើប្រាស់ក្នុងកម្មវិធីសិក្សាអប់រំនេះស្លាមកម្ពុជា ស្ថាប័នហ្សាកាត់រដ្ឋស្លាងរ ឧបត្ថម្ភថវិកាចំនួន ៥០,០០០ រីងហ្គីត ស្មើនឹង ១២,៥០០ដុល្លារ សម្រាប់សិស្សសាលានៀកម៉ះភ្នំពេញ។
លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ក៏បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះស្ថាប័នពីប្រទេសម៉ាឡេស៊ី ដែល បានឧបត្ថម្ភគាំទ្រ ទាំងថវិកា សម្ភារៈ បច្ចេកទេស និងបានសហការជាមួយគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ធ្វើឲ្យដំណើរការល្អ លើវឌ្ឍនភាពនៃកម្មវិធីសិក្សា ក៏ដូចជាប្រព័ន្ធអប់រំ ផ្នែកសាសនាឥស្លាមនៅកម្ពុជា ដែលនេះជាការរួមចំណែកមួយដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។
លោកបន្តថា បច្ចុប្បន្ននេះប្រជាពលរដ្ឋកម្ពុជា គឺមានគម្លាតចំណេះដឹងឆ្ងាយណាស់ បើធៀបនិងសម័យមុន រាប់បញ្ចូលទាំងជីវភាពធូរធាររបស់គ្រូបង្រៀនខ្មែរឥស្លាម ដែលទទួលបាន ប្រាក់បៀវត្សពីរាជរដ្ឋាភិបាល ស្របពេលដែលប្រាក់បៀវត្សរបស់ពួកគាត់ត្រូវបានតំឡើងជារៀងរាល់ឆ្នាំ។ វឌ្ឍនភាពទាំងនេះ គឺទទួល បានទីប្រទេសយើងដែលមានសុខសន្តិភាព ក្រោម ការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
លោកក៏បានជំរុញដល់បងប្អូនប្រជាសហគមន៍ ត្រូវតែស្វែងរកប្រភពសេដ្ឋកិច្ច ពោល ត្រូវតែមានមុខជំនួញនិងការងារច្បាស់លាស់ ដែលជាប្រភពចំណូលដ៏រឹងមាំ ដើម្បីចូលរួមអភិវឌ្ឍន៍សហគមន៍ និងសង្គមជាតិរបស់យើង៕ ដោយ៖ សំរិត