នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ៣ ចាប់បានជនសង្ស័យលួចម៉ូតូម្នាក់ តាមរយៈពិនិត្យមើលកាមេរ៉ាសុវត្ថិភាព
ភ្នំពេញ ៖ ករណីក្រុមចោរធ្វើសកម្មភាពលួចម៉ូតូ ត្រូវបានកងកម្លាំងជំនាញនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ៣ បានចុះទៅពិនិត្យមើលកាមេរ៉ាសុវត្ថិភាព នឹងកំណត់មុខសញ្ញាជនសង្ស័យបានរហូតឈានចាប់បានជនសង្ស័យម្នាក់។
លោក ឯម ភារី បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ថុល វុទ្ធីម ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរជាងភ្លើង មានទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងបក្ខពួកម្នាក់ទៀត ឈ្មោះ ធី កំពុងរត់គេចខ្លួន ខណៈសមត្ថកិច្ចស្គាល់សាវតារអស់ហើយ។
ចំណែកជនរងគ្រោះឈ្មោះ សួន មីដា ភេទប្រុស អាយុ២៦ឆ្នាំមុខរបរ និស្សិត មានទីលំនៅផ្ទះជួល ផ្លូវលេខ១១៨ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។
លោកនាយប៉ុស្ដិ៍បានបន្ដទៀតថា ករណីក្រុមចោរធ្វើសកម្មភាពលួចម៉ូតូកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៣៨៩ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូមួយគ្រឿងម៉ាក និច ពណ៌ផ្កាឈូក ពាក់ផ្លាកលេខភ្នំពេញ 1HS-7131 មកចាក់សោកចតទុកនៅកន្លែងធ្វើការផ្ទះលក់ថ្នាំពេទ្យ ផ្លូវបេតុង ភូមិ ទ្រា៤ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រួចចូលទៅធ្វើការនៅខាងក្នុងផ្ទះ ។ លុះមកដល់វេលាម៉ោង១៥ និង៣០នាទី ថ្ងៃដដែលខ្លួនបានចេញមករកមើលម៉ូតូ ស្រាប់តែបាត់មិនឃើញក៏បានមកដាក់ពាក្យបណ្តឹង នៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ឲ្យជួយស្រាវជ្រាវរកតែម្ដង ។
បន្ទាប់ពីជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងរួចហើយ កម្លាំងជំនាញបានចុះទៅពិនិត្យមើលកាមេរ៉ាសុវត្ថិភាព នឹងកំណត់មុខសញ្ញាជនសង្ស័យបាន រហូតឈានដល់វេលាម៉ោង១៨ និង ៣០នាទីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅចំណុចផ្លូវ ៣៧១សឡា ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រីឯបក្ខពួកជនសង្ស័យម្នាក់ទៀត រត់គេចខ្លួន សមត្ថកិច្ចកំពុងតាមចាប់ខ្លួន ។
បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងធ្វើការ សាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕